ខេត្តកំពង់ចាម ៖ កូនភ្លោះ៣របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រសូតនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំ លើត្រកូលកសិករក្រីក្រ កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី១៤ មីនា ២០១១ បង្កឱ្យមានការភ្ញាក់ផ្អើលមានក្មេង ចាស់ ប្រុស ស្រី នាំគ្នាទៅមើលជាហូរហែ ។
តាមស្ត្រីឈ្មោះពេង ណៃលន់ អាយុ៣២ឆ្នាំ រស់នៅភូមិពន្លៃជួរ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ត្រូវជាម្តាយរបស់ទារកបានរៀបរាប់ប្រាប់ឱ្យកោះសន្តិភាពដឹងថា កូនភ្លោះ៣ដែលប្រសូតនាពេលនេះគឺកូនទី១-បងគេប្រុសមានទម្ងន់២គីឡូក្រាម កូនទី២-ប្រុសមានទម្ងន់១,៥០គីឡូក្រាម និងកូនទី៣-ស្រីមានទម្ងន់១,៥០គីឡូក្រាម ប៉ុន្តែក្រោយពីសម្រាលកូនហើយបានធ្វើឱ្យសុខភាពរបស់គាត់មានភាពទ្រុឌទ្រោម និងមានការខ្វះខាតគ្រប់បែបយ៉ាងមិនមានទឹកដោះគោឱ្យកូនបៅនោះទេ ។
ស្ត្រីជាម្តាយរបស់កូនភ្លោះទាំង៣នេះបានរៀបរាប់ប្រាប់បន្តថា កាលពីល្ងាចថ្ងៃទី១៣ មីនា នៅពេលដែលផ្ទៃពោះគ្រប់ខែ គាត់បានចាប់ផ្តើមឈឺពោះដឹងថា មិនស្រួលក៏ប្រញាប់ឱ្យប្តីឈ្មោះថន សុង អាយុ៥១ឆ្នាំ ឌុបតាមម៉ូតូប្រញាប់មកកាន់មណ្ឌលសុខភាពឃុំអញ្ចើម ដើម្បីត្រៀមប្រសូតនៅទីនោះ ។ តែដោយឈឺពោះកាន់តែខ្លាំងគ្រូពេទ្យទីនោះពិបាកបង្កើត ទើបទូរស័ព្ទហៅរថយន្តសាមុយដឹកមកកាន់មន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំ ដល់វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈឺកាន់តែខ្លាំង រហូតដល់វេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ មីនា ទើបប្រសូតបានកូនភ្លោះ ដល់ទៅ៣ឯណោះ ។ ក្រោយពីប្រសូតហើយបានធ្វើឱ្យសុខភាពរបស់គាត់ (ណៃលន់) មានសភាពទ្រុឌទ្រោមជាខ្លាំង នឹងមិនមានទឹកដោះឱ្យកូនបៅនោះទេ ព្រោះតែស្ថានភាពជីវភាពក្រីក្រ ។
កូនភ្លោះទាំង៣នេះមានទម្ងន់មិនគ្រប់លក្ខណៈត្រូវបានគ្រូពេទ្យត្រៀមនាំយកទៅចិញ្ចឹមដាក់ក្នុងកែវវិទ្យាសាស្ត្រនៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ គឺធ្វើយ៉ាងណាឱ្យសុខភាពទារកកាន់តែប្រសើរនឹងនាំត្រឡប់មកផ្ទះវិញ សូមបញ្ជាក់ថា កូនភ្លោះដែលប្រសូតនោះជាកូនទី៤ ៕
ចែករំលែកព័តមាននេះ