ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង្កើត​ម៉ាក​សមូហភាព​និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​នឹង​ជួយ​កសាង​កេរ្តិ៍ឈ្មោះ​ផលិតផល​និង​ប្រទេស​ឱ្យ​ល្បីល្បាញ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​កម្ពុជា​បាន​បង្កើត ឬ​កំណត់​ផលិតផល​មួយ​ចំនួន​ជា​ម៉ាក​ទំនិញ​សម្គាល់​ភូមិសាស្ត្រ (GI) ក៏​ដូច​បាន​បង្កើត​នូវ​ម៉ាក​សមូហភាព​បានជា​បន្តបន្ទាប់ ជាក់ស្តែង​ម៉ាក​សមូហភាព «​គុយទាវ​ភ្នំពេញ​» ក៏​ទើបត្រូវ​បាន​បង្កើត​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ ហើយ​ម៉ាក​សញ្ញា​ទាំងនេះ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រមុខ​រដ្ឋាភិបាល​ថា​នឹង​ជួយ​កសាង​កេរ្តិ៍ឈ្មោះ​ផលិតផល​និង​កេរ្តិ៍ឈ្មោះ​ប្រទេស​ឱ្យ​មាន​ល្បីល្បាញ ដូច​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ…

​រាជធានី​ភ្នំពេញ​៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​កម្ពុជា​បាន​បង្កើត ឬ​កំណត់​ផលិតផល​មួយ​ចំនួន​ជា​ម៉ាក​ទំនិញ​សម្គាល់​ភូមិសាស្ត្រ (GI) ក៏​ដូច​បាន​បង្កើត​នូវ​ម៉ាក​សមូហភាព​បានជា​បន្តបន្ទាប់ ជាក់ស្តែង​ម៉ាក​សមូហភាព «​គុយទាវ​ភ្នំពេញ​» ក៏​ទើបត្រូវ​បាន​បង្កើត​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ ហើយ​ម៉ាក​សញ្ញា​ទាំងនេះ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រមុខ​រដ្ឋាភិបាល​ថា​នឹង​ជួយ​កសាង​កេរ្តិ៍ឈ្មោះ​ផលិតផល​និង​កេរ្តិ៍ឈ្មោះ​ប្រទេស​ឱ្យ​មាន​ល្បីល្បាញ ដូច​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ «​ម្រេច​កំពត​» និង «​ក្រូចថ្លុង​កោះ​ទ្រង់​» ជាដើម ។

​លោក​ឧបនាយករដ្ឋមន្ត្រី យឹ​ម ឆៃ​លី ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​១ ផលិតផល​១ មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១០ ខែតុលា ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ផលិតផល​ខ្មែរ – ភូមិ​១ ផលិតផល​១ ក្នុង​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី​៤​ថា ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើ​ការងារ​ច្រើន​លើ​វិស័យ​កម្មសិទ្ធិ​បញ្ហា និង​ការ​កសាង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ដូច​ជា បាន​រៀបចំ​ម៉ាក​« ម្លិះ​អង្គរ​» សម្រាប់​ផលិតផល​អង្ករ​កម្ពុជា​, ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ដូច​ជា «​ក្រូចថ្លុង​កោះ​ទ្រង់​« ខេត្តក្រចេះ​,«​ម្រេច​កំពត​», «​ស្ករត្នោត​កំពង់ស្ពឺ​» ជាដើម​។

​លោក​បាន​បន្ត​ថា «​ថ្ងៃនេះ​យើង​បាន​ស្គាល់​និង​បាន​ភ្លក្ស​រសជាតិ ម៉ាក​គុយទាវ​ភ្នំពេញ កើតឡើង​ដោយ​មានការ​ជួយ​ជ្រោមជ្រែង​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​និង​ដៃគូ​អភិវឌ្ឍ​និង​តំណាង​អគ្គនាយក អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក ដែល​មាន​មូលដ្ឋាន​នៅ​ប្រ​តេ​ស្វី​ស​។​ម៉ាក​ឬ​យីហោ ទាំងនេះ​គឺជា​តឹកតាង​ក្នុង​ការ​កសាង​កេរ្តិ៍ឈ្មោះ​ផលិតផល​ឬ​កេរ្តិ៍ឈ្មោះ​ប្រទេស​យើង​ឱ្យ​មាន​ភាព​ល្បីល្បាញ​និង​ជួយ​បង្កើន​តម្លៃបន្ថែម​កាន់តែ​ច្រើន​តាម​រយៈ​ភ្ញៀវ​ទេសចរណ៍ ខ្ញុំ​សង្ឃឹមថា​សមិទ្ធផល​ថ្មី​ទាំងនេះ​ពិ​ជា​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នា​ពេល​ខាង​មុខ​»​។ ​

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា ផ្នែក​មួយ​នៃ​យុទ្ធនាការ​ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​បង្កើត​ម៉ាក​សមូហភាព «​គុយទាវ​ភ្នំពេញ​» ដែល​សមិទ្ធកម្ម​ថ្មី កើតឡើង​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ រហូត​ទទួល​បាន​នូវ​ការ​ចុះបញ្ជី​ទទួលស្គាល់ និង​ឈាន​ដល់​ការ​ដាក់​សម្ពោធ​នៅ ពេល​នេះ​។ ​លោក​រដ្ឋមន្ត្រី​សង្កត់ធ្ងន់​ថា «​ម៉ាក​សមូហភាព “​គុយទាវ​ភ្នំពេញ​” នឹង​មាន​ភ្ជាប់​ដោយ​ប្រព័ន្ធ​គ្រប់គ្រង ត្រួតពិនិត្យ​គុណភាព និង​ស្តង់ដារ​អនាម័យ ជា​មោទនៈភាព​ថ្មី​មួយ ក្នុង​ការ​កសាង​ម៉ាក​យីហោ​លើ​ផលិតផល និង​សេវា​សក្តានុពល​នៅ​កម្ពុជា បន្ទាប់​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ក្រសួង​ក៏​បាន​សម្ពោធ​ម៉ាក “Malys Angkor” ដែល ជា​ប្រភេទ​ម៉ាក​វិញ្ញាតកម្ម​ទី​មួយ លើ​ផលិតផល​អង្ករ និង​ម៉ាក “​ក្រូចថ្លុង​កោះ​ទ្រង់​” ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ទី​បី របស់​កម្ពុជា​»​។

​ពាក់ព័ន្ធ​ម៉ាក​សមូហភាព «​គុយទាវ​ភ្នំពេញ​» បើ​តាម​លោក រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លើក​ឡើង​ថា ក្រសួងពាណិជ្ជកម្ម បាន​ផ្តួចផ្តើម​នូវ​គម្រោង​កសាង​ម៉ាក​សមូហភាព “​គុយទាវ​ភ្នំពេញ​” នេះ​ឡើង​ក្នុង​គោលបំណង​៖ ១-)​កសាង​ជា​ម៉ូ​ដែល​អាជីវកម្ម​ថ្មី​មួយ​,២-) បង្កើត​ម៉ាក​សម្គាល់​ច្បាស់លាស់ ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ជ្រើសរើស​របស់​អ្នក​បរិភោគ​,៣-)​ចុះបញ្ជី​ការពារ​ក្នុង​កម្រិត​ជាតិ និង​អន្តរជាតិ​,៤-) ប្រើប្រាស់​ជា​ឧបករណ៍​ទីផ្សារ​រួម និង​អាច​ចូលរួម​ប្រកួតប្រជែង​មុខម្ហូប​កម្រិត​ជាតិ និង​អន្ដរជាតិ​,៥-)​លើកកម្ពស់ និង​អភិរក្ស​ចំណេះ​ជំនាញ រូបមន្ត​ប្រពៃណី ស្តង់ដារ​អនាម័យ និង​កេរ្តិ៍ឈ្មោះ “​គុយទាវ​ភ្នំពេញ​” ដែល​មាន​ប្រវត្តិ​ជា​យូរ​មក​ហើយ​,៦-)​លើកកម្ពស់ និង​ពង្រឹង​ការ​គ្រប់គ្រង ការ​ប្រើប្រាស់​ម៉ាក​សមូហភាព “​គុយទាវ​ភ្នំពេញ​” ឲ្យ​បាន​ទូលំទូលាយ​ទាំង​ក្នុងស្រុក និង​ទាំង​ក្រៅប្រទេស​,៧-)​លើកទឹកចិត្ត ជំរុញ​ការ​ច្នៃប្រឌិត​ថ្មី និង​បណ្តុះបណ្តាល​ជំនាញ​ដល់​អ្នក​ជំនាន់​ក្រោយ​នូវ​សិល្បៈ​ចម្អិនម្ហូប​,៨-)​លើក​ស្ទួយ​អាជីវកម្ម​គុយទាវ ជា​ពិសេស​ជួយ​អាជីវករ​លក់​គុយទាវ​តូចតាច​ឲ្យ​ទទួល​បាន​នូវ​ផលប្រយោជន៍​ពី​ម៉ាក​សមូហភាព “​គុយទាវ​ភ្នំពេញ​” នេះ​និង​៩-)​ប្រើប្រាស់​ម៉ាក​សមូហភាព “​គុយទាវ​ភ្នំពេញ​” លើ​មុខម្ហូប​ដែល​ជាទី​ពេញ​និយម ធ្វើ​ជា​ឧបករណ៍​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កាន់​ប្រទេស​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត​។

​អ្នកស្រី​វ​ណ្ណី ដែល​ជា​អ្នក​ទទួល​លក់​ក្រូចថ្លុង​កោះ​ទ្រង់ បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​ដែល​ផលិតផល​របស់​ខ្មែរ​ត្រូវ​បាន​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​យកចិត្តទុកដាក់​បង្កើត​នូវ ម៉ាក​ទំនិញ​សម្គាល់​ភូមិសាស្ត្រ នោះ​នឹង​ជួយ​ដល់​តម្លៃ​របស់​ផលិតផល​នោះ ដូច​ជា​តម្លៃ​ម្រេច​កំពត និង​តម្លៃ​ក្រូចថ្លុង​កោះ​ទ្រង់​គឺ​លក់​បាន​ក្នុង​តម្លៃ​ល្អ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ