ខេត្តកំពង់ឆ្នាំង ៖ ក្រោយការចាប់ឃាត់គោយន្តដឹកឈើមួយគ្រឿងមានប្រមាណ១០ម៉ែត្រគូប ពេលនេះបានលេចចេញព័ត៌មានមិនប្រក្រតីរបស់អ្នកពាក់ព័ន្ធដែលរួមគ្នាឃុបឃិតបើកដៃឲ្យមានបទល្មើសព្រៃឈើ នៅជួរភ្នំឱរ៉ាល់ ក្នុងឃុំជៀប ស្រុកទឹកផុស ។ តើមានសមត្ថកិច្ចខាងណាខ្លះ ដែលពាក់ព័ន្ធរឿងយកលុយពីក្រុមឈ្មួញទាំងនោះ ហើយតើការឃុបឃិតគ្នាបើកដៃនេះមានបទល្មើសព្រៃឈើកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះដោយរបៀបណា ។
សូមរំលឹកដែរថា កាលពីរសៀលថ្ងៃទី១០ ខែតុលានេះ បន្ទាប់ពីអ្នកសារព័ត៌មានមួយក្រុម បានប្រទះឃើញគោយន្តដឹកឈើខាងលើខូចមិនអាចបន្តដំណើរបានក៏បានរាយការណ៍ជូនលោក ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ហើយលោកស្នងការក៏បានបញ្ជាដល់ក្រុមសមត្ថកិច្ចនគរបាលស្រុកទឹកផុសត្រូវចាប់ឃាត់គោយន្តនោះជាបន្ទាន់ ។
បន្តិចក្រោយមកកម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកផុសប្រមាណ២០នាក់ ដឹកនាំដោយ លោក ខែម វិបុល អធិការនគរបាលស្រុកបានចុះឃាត់គោយន្តនោះ ខណៈកំពុងខូច និងលាក់នៅក្បែរផ្លូវក្នុងភូមិបឹងស្ទេង ឃុំជៀប ស្រុកទឹកផុស ។
ក្រោយការចាប់ហើយទើបអធិការនគរបាលរាយការទៅផ្នែករដ្ឋបាលព្រៃឈើរមាស ហើយបន្តិចក្រោយមកទើបមន្ត្រីជំនាញទៅដល់ និងនាំយកគោយន្ត និងឈើ រួមទាំងម្ចាស់ឈើ មានឈ្មោះ ចាន់ណា ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិថ្មី ឃុំជៀប ស្រុកទឹកផុស ដើម្បីយកមកធ្វើការសាកសួរ នៅផ្នែករដ្ឋបាលព្រៃឈើរមាសផងដែរ ។ ប៉ុន្តែក្រោយមកក៏មានលេចឮព័ត៌មានថា ស្ត្រីរូបនោះបានរត់ចេញពីផ្នែករដ្ឋបាលព្រៃឈើរមាសបាត់ទៅហើយ ។
ដោយឡែកតាមការសាកសួររបស់អ្នកសារព័ត៌មាននៅខាងក្រៅត្រូវបានស្ត្រីឈ្មោះ ចាន់ ណា ជាម្ចាស់ឈើប្រាប់ឲ្យដឹងថា ខ្លួនជាអ្នកប្រមូលទិញឈើទាំងនោះពីអ្នកឡើងកាប់ផ្ទាល់នៅជើងភ្នំឱរ៉ាល់ដោយអ្នកកាប់ឈើទាំងនោះបានម្នាក់ៗបន្តិចៗ ព្រោះមិនងាយនឹងទម្លាក់ពីលើភ្នំមកទេ ។ លុះពេលប្រមូលទិញបានច្រើនទើបដឹកចេញម្ដង គឺដឹកតែពេលយប់ទេ ។ ក្នុងការដឹកចេញក៏បានបង់ឲ្យសមត្ថកិច្ចគ្រប់កន្លែងផងដែរ ដោយក្នុង១កន្លែង១៥ម៉ឺនរៀល ហើយក្រៅពីសមត្ថកិច្ច និងជំនាញក៏មានបង់ឲ្យអ្នកសារព័ត៌មាន១៥ម៉ឺនរៀលផងដែរ ។
ចំពោះការដឹកចេញមកថ្ងៃនេះ (១០ តុលា) ក៏បានបង់លុយគ្រប់កន្លែងអស់ហើយដែរ តែចៃ ដន្យគោយន្តខូចទើបត្រូវគេចាប់បែបនេះ ។ ស្ត្រីរូបនោះបានបញ្ជាក់ថា ចំពោះអ្នកឡើងកាប់ឈើផ្ទាល់ក៏ត្រូវបង់ឲ្យសមត្ថកិច្ចជំនាញដែរ គឺបង់តាមពីដុងប្រេង (ប្រេងចាក់រណាយន្តសម្រាប់អារឈើ)ក្នុង១កាន ចំណុះ៣០លីត្រត្រូវបង់២០ម៉ឺនរៀល ។ នេះជាការអះអាងរបស់ស្ត្រីម្ចាស់ឈើដែលបានផ្ដល់ព័ត៌មានឲ្យអ្នកសារព័ត៌មាននៅខាងក្រៅការសាកសួររបស់សមត្ថកិច្ច ។ ព័ត៌មានពិស្តារមានផ្សាយជូននៅកាសែតកោះសន្តិភាព ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ