ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​មក​ដល់​ពេល​នេះ មិន​ទាន់​ឃើញ​ឪពុក​ម្តា​យមក​ទទួលយក​កូនប្រុស​នៅឡើយ​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​៨​ឆ្នាំ​បាន​វង្វេង​ផ្ទះ ហើយ​ដើរ​តាម​ផ្លូវ​ទាំង​ស្ថានភាព​ភិតភ័យ​គ្មាន​គោលដៅ​ឡើយ ត្រូវ​បាន​បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ប្រទះ​ឃើញ​ក៏​នាំ​ទៅ​កាន់​ប៉ុស្តិ៍​ចោម​ចៅ​៣ ដើម្បី​សួរនាំ​និង​ស្រាវជ្រាវ​រក​ឪពុក​ម្ដាយ​ឲ្យ​មក​ទទួលយក​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ប៉ុន្តែ​ពេល​អាជ្ញាធរ​និង​នគរបាល​សួរនាំ ក្មេង​ប្រុស​ម្នាក់​នោះ​ស្គាល់​តែ​ឈ្មោះ​ឪពុក ចំណែកឯ​ឈ្មោះ​ម្ដាយ​អត់​ស្គាល់​ទេ…

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​៨​ឆ្នាំ​បាន​វង្វេង​ផ្ទះ ហើយ​ដើរ​តាម​ផ្លូវ​ទាំង​ស្ថានភាព​ភិតភ័យ​គ្មាន​គោលដៅ​ឡើយ ត្រូវ​បាន​បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ប្រទះ​ឃើញ​ក៏​នាំ​ទៅ​កាន់​ប៉ុស្តិ៍​ចោម​ចៅ​៣ ដើម្បី​សួរនាំ​និង​ស្រាវជ្រាវ​រក​ឪពុក​ម្ដាយ​ឲ្យ​មក​ទទួលយក​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ប៉ុន្តែ​ពេល​អាជ្ញាធរ​និង​នគរបាល​សួរនាំ ក្មេង​ប្រុស​ម្នាក់​នោះ​ស្គាល់​តែ​ឈ្មោះ​ឪពុក ចំណែកឯ​ឈ្មោះ​ម្ដាយ​អត់​ស្គាល់​ទេ ព្រមទាំង​អត់​ស្គាល់​ភូមិ​សង្កាត់​ដែល​ខ្លួនរ​ស់នៅ​ទៀត​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​នគរបាល​បានឱ្យ​ដឹង​ថា ពេល​សួរនាំ ក្មេង​ប្រុស​ខាងលើ​បាន​ប្រាប់​ថា ខ្លួន​ឈ្មោះ​ភា អាយុ​៨​ឆ្នាំ មាន​ឪពុក​ឈ្មោះ​ឌី ចំណែក​ម្ដាយ​អត់​ស្គាល់ឈ្មោះ​ទេ គ្រាន់តែ​ដឹង​ថា​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ហើយ​ខ្លួន​មិន​ស្គាល់​ថា​ភូមិ​សង្កាត់​ដែល​ខ្លួន​រស់នៅ​សព្វថ្ងៃ​ទេ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ក្មេង​ប្រុស​រូប​នេះ​ចេញ​ដើរ​លេង​ក៏​ស្រាប់តែ​វង្វេង​រក​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​មិនឃើញ​ឡើយ ហើយ​ចេះ​តែ​ដើរ​ៗ​ទៅ​រហូត​មក​ដល់​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ​ក៏​ជួប​បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូឌុប​នាំ​យក​មក​ប្រគល់​ជូន​នគរបាល​ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ​រក​ឪពុក​ម្ដាយ​តែ​ម្ដង​។

តាម​ប្រភព​ពី​បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​គាត់​កំពុង​ឈប់​រង់ចាំ​ម៉ូយ​នៅ​ត្រង់​ចំណុច​ខាងលើ ស្រាប់តែ​ប្រទះ​ឃើញ​ក្មេង​ប្រុស​ម្នាក់​នោះ​ដើរ​តាម​ផ្លូវ​តែ​ម្នាក់ឯង ក្នុង​ទឹកមុខ​ស្លេកស្លាំង និង​ភិតភ័យ ។ បន្ទាប់​ពី​ឃើញ​គួរ​ឲ្យ​សង្ស័យ​បែប​នេះ គាត់​បាន​ហៅ​សួរនាំ តែ​ក្មេង​ប្រុស​ខាងលើ​ប្រាប់​ថា​វង្វេង​ផ្ទះ ហើយ​ពេល​នោះ​គាត់​បម្រុង​ជូន​ទៅ​ផ្ទះ​ដែរ ប៉ុន្តែ​ដោយសារ​តែ​សួរនាំ​ទៅ​គឺ​មិន​ស្គាល់​អ្វី​ទាំង​អស់នោះ​ទើប​គាត់​នាំ​ក្មេង​ប្រុស​ម្នាក់​នោះ​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ដើម្បី​ជួយ​ស្រាវជ្រាវ​រក​អាណាព្យាបាល​ក្មេង​នេះ​តែ​ម្ដង ព្រោះ​ខ្លាច​ដើរ​កាន់តែ​ឆ្ងាយ​ទៅ​ៗ​ថែម​ទៀត​។

តាម​ប្រភព​ពី​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​បាន​បន្ត​ទៀត​ថា គិត​រហូត​មក​ដល់​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​នេះ នៅ​មិន​ទាន់​ឃើញ​ឪពុក​ម្ដាយ​ក្មេង​ប្រុស​ខាង​នេះ​មក​ទទួលយក​កូន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅឡើយ ដូច្នេះ​បើ​បងប្អូន​ណា​មាន​បាត់​កូន​ដូច​ភិនភាគ​ខាងលើ សូម​មក​ទំនាក់ទំនង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ដើម្បី​ទទួលយក​កូន​ត្រឡប់ទៅ​វិញ​​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ