ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន ៖ របាយការណ៍​ស្ថានភាព​បរិស្ថាន​ជាតិ​ពិតជា​សំខាន់ និង​ចាំបាច់​សម្រាប់​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​បញ្ជាក់​ថា របាយការណ៍​ស្ថានភាព​បរិស្ថាន​ជាតិ​ពិតជា​មាន​សារៈសំខាន់ និង​ចាំបាច់​សម្រាប់​កម្ពុជា​ដែល​ត្រូវ​តែ​រៀបចំ​ឡើង​ប្រកបដោយ​ខ្លឹមសារ​ទិន្នន័យ​ច្បាស់លាស់ និង​គុណភាព ហើយ​ត្រូវ​តែ​ចងក្រង​ឡើង ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្ត្រ និង​ត្រូវ​បាន​ទទួលស្គាល់​ប្រើប្រាស់​ដោយ​គ្រប់​មជ្ឈដ្ឋាន ។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​បញ្ជាក់​ថា របាយការណ៍​ស្ថានភាព​បរិស្ថាន​ជាតិ​ពិតជា​មាន​សារៈសំខាន់ និង​ចាំបាច់​សម្រាប់​កម្ពុជា​ដែល​ត្រូវ​តែ​រៀបចំ​ឡើង​ប្រកបដោយ​ខ្លឹមសារ​ទិន្នន័យ​ច្បាស់លាស់ និង​គុណភាព ហើយ​ត្រូវ​តែ​ចងក្រង​ឡើង ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្ត្រ និង​ត្រូវ​បាន​ទទួលស្គាល់​ប្រើប្រាស់​ដោយ​គ្រប់​មជ្ឈដ្ឋាន ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​អ្នកនាំពាក្យ​បាន​លើក​ឡើង​ក្នុង​ឱកាស​ចូលរួម​ជា​អធិបតីភាព​នៃ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ការ​រៀបចំ​របាយការណ៍​ស្ថានភាព​បរិស្ថាន​ជាតិ​លើក​ទី​៤ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា នៅ​ក្នុង​រាជធានី​ភ្នំពេញ​ថា របាយការណ៍​នេះ ផ្តល់​ការ​យល់​ដឹង​អំពី​និន្នាការ​ស្ថានភាព​បរិស្ថាន​ឲ្យ​បាន​កាន់តែ​ប្រសើរ​ចងក្រង​នូវ​ផល​ប៉ះពាល់​បរិស្ថាន​សង្គម និង​ពី​ស្ថានភាព​ដែល​ប្រែប្រួល និង​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការ​ឆ្លើយ​តប​ចំពោះ សម្ពាធ និង​ផល​ប៉ះពាល់​បរិស្ថាន ។

លោក​បាន​បញ្ជាក់​ថា របាយការណ៍​ស្ថានភាព​បរិស្ថាន​ជាតិ គឺជា​ការ​ចងក្រង​ប្រមូលផ្តុំ​នូវ​ឯកសារ​ទិន្នន័យ​គោល និង​ព័ត៌មានវិទ្យា​សាស្ត្រ​អំពី​បរិស្ថាន និង​ធនធានធម្មជាតិ សម្រាប់​អ្នក​សិក្សា ស្រាវជ្រាវ អ្នកគ្រប់គ្រង អ្នក​ធ្វើ​ផែនការ សហគមន៍ ឧស្សាហករ វិនិយោគិន អង្គការ​ជាតិ​-​អន្តរជាតិ ប្រើប្រាស់​ជា​មូលដ្ឋាន​សម្រាប់​ការ​អប់រំ​ចំណេះដឹង​បរិស្ថាន ការ​ធ្វើ​សេចក្តីសម្រេច ការ​គ្រប់គ្រង និង​ការ​ធ្វើ​ផែនការ​សកម្មភាព ដើម្បី​សម្រេច​បានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ស្រប​តាម​កម្មវិធី​នយោបាយ​ជាតិ ។

លោក​នេត្រ ភក្ត្រា បាន​បន្ថែម​ថា គោលបំណង​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ ដើម្បី​ស្វែងរក​ការ​ចូលរួម​ធ្វើ​បច្ចុប្បន្នភាព​ទៅ​លើ​សេចក្តី​ព្រាង​មាតិកា​របាយការណ៍​ស្ថានភាព​បរិស្ថាន​ជាតិ ក៏​ដូច​ជា ការ​ផ្តល់​ធាតុ​ចូល​សំខាន់​ៗ​ដែល​ជា​មូលដ្ឋាន​គោល​សម្រាប់​គាំទ្រ​ដល់​ជំពូក​នីមួយ​ៗ​នៃ​របាយការណ៍​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ ។ លោក​បាន​ថ្លែង​ថា បរិស្ថាន គឺជា​ការងារ​ពហុ​វិស័យ និង​ពហុ​ជំនាញ​ដែល​ក្នុង​ន័យ​នេះ​តម្រូវ​ឱ្យ​មានការ​ចូលរួម​សហការ​ច្រើន​ពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយ ដើម្បី​អាច​ទទួល​បាន​នូវ​ធាតុ​ចូល​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និង​ការ​ឯកភាព​គ្នា​ទៅ​លើ​ធាតុ​ចេញ​ដែល​នេះ គឺ​របាយការណ៍​ស្ថានភាព​បរិស្ថាន​ជាតិ​នេះឯង ។

សូម​បញ្ជាក់​ថា របាយការណ៍​ស្ថានភាព​បរិស្ថាន​ជាតិ​លើក​ទី​៤ បាន​បញ្ចូល​នូវ​ប្រធានបទ​បរិស្ថាន​ចំបង​ៗ​ចំនួន​៦ ក្នុង​នោះ​មាន​ដូច​ជា ១- គុណភាព​ខ្យល់ ២-​ការ​ប្រែប្រួល​អាកាសធាតុ ៣- ទឹក​(​ទឹកសាប និង​ទឹកសមុទ្រ​) ៤- ដី ៥- ជីវៈចម្រុះ​(​ព្រៃឈើ សត្វព្រៃ​) ៦ -​សំណល់​(​រឹង និង​រាវ​) ។

របាយការណ៍​ស្ថានភាព​បរិស្ថាន​មាន​តម្លៃ​សំខាន់​៥ ៖ ១-​តម្លៃ​នយោបាយ ២-​តម្លៃ​សេដ្ឋកិច្ច ៣-​តម្លៃ​បរិស្ថាន និង​ការ​អភិវឌ្ឍ ៤-​តម្លៃសង្គម​កិច្ច ៥-​ការ​កសាង​សមត្ថភាព​មន្ត្រី​តាម​រយៈ​ដំណើរការ​រៀបចំ​របាយការណ៍​នេះ ការ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ការ​ពង្រឹងសមត្ថភាព​មន្ត្រី​ពាក់ព័ន្ធ​ក៏​នឹង​ប្រព្រឹត្ត​ទៅ​ផង​ដែរ ដើម្បី​កសាង​អ្នក​បន្តវេន​សម្រាប់​ការ​រៀបចំ​របាយការណ៍​ស្ថានភាព​បរិស្ថាន​ជាតិ​នេះ​តទៅ​មុខ​ទៀត​។

តាម​ការ​គូសបញ្ជាក់​របស់​លោក នេត្រ ភក្ត្រា របាយការណ៍​ស្ថានភាព​បរិស្ថាន​ជាតិ​លើក​ទី ៤ នេះ គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០២២ ។ ដោយឡែក​នៅ​ឆ្នាំ​ក្រោយ​នេះ គឺ​ឆ្នាំ​២០២០ ក្រសួងបរិស្ថាន មាន​ផែនការ​នឹង​បញ្ចេញ​របាយការណ៍​វឌ្ឍនភាព​ស្តី​ពី​ស្ថានភាព​បរិស្ថាន​សម្រាប់​ពាក់កណ្តាល​អណ​ត្តិ​ផង​ដែរ ។ លោក​ថ្លែង​ថា របាយការណ៍​ស្ថានភាព​បរិស្ថាន​ជាតិ​ត្រូវ​បាន​រៀបចំ និង​បោះពុម្ពផ្សាយ​៣ លើក​រួច​មក​ហើយ គឺ លើក​ទី​១ នៅ​ឆ្នាំ ១៩៩៤ លើក​ទី​២ នៅ​ឆ្នាំ ២០០៥ និង​លើក​ទី​៣ នៅ​ឆ្នាំ ២០១៩ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ