ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​នេសាទ​សមុទ្រ​ខ្មែរ មិន​ចេញ​នេសាទ​ខ្លាច​ស៊ូណាមី ធ្វើឱ្យ​ម្ហូប​អាហារសមុទ្រ​ឡើងថ្លៃ

15 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ ក្រៅ​តែ​ពី​អ្នក​នេសាទ​គ្រួសារ ឬ​ទូក​នេសាទ​តូច​ៗ​ដែល​នេសាទ​នៅ​ក្បែរ​ឆ្នេរ​ដីគោក បណ្តា​ទូក​នេសាទ​ធំ​ៗ​ដែល​ធ្លាប់​ចេញ​ទៅ​នេសាទ​ក្នុង​លំហ​សមុទ្រ​ទឹក​ជ្រៅ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ បាន​លុប​ចោល​ការ​ចេញ​ទៅ​នេសាទ​ដូច​សព្វ​មួយ​ដង ដោយ​សារ​តែ​ខ្លាច​ជួប​ហេតុ​ការណ៍​អាក្រក់​ក្រោយ​ពេល​មាន​សេចក្តី​រាយ​ការណ៍​មក​ថា នៅ​ប្រទេស​ជប៉ុន​មាន​ការ​រញ្ជួយ​ដី​ និង​រលក​យក្ស​ស៊ូណាមី ហើយ​អាច​នឹង​រាល​ដាល​មក​ដល់​ឆ្នេរ​សមុទ្រ​ក្បែរ​ខាង​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ទៀត​ផង។

ក្រុម​អ្នក​នេសាទ​នៅ​ទំនប់​រលកនាំ​គ្នា​និយាយ​ថា បើ​ទោះ​បី​ជា​ក្រសួង​ធន​ធាន​ទឹក និង​ឧត្តុ​និយម​ប្រកាស​ថា នៅ​សមុទ្រ​កម្ពុជានឹង​ពុំ​មាន​ព្យុះ​ស៊ូណាមី​កើត​ឡើង​រាល​ដាល​ពី​ប្រទេស​ជប៉ុន​​មក​ដល់​យ៉ាង​ណា​ក្តី ក៏​ការ​ព្រួយ​បារម្ភ​នៅ​តែ​កើត​មាន​ចំពោះ​អ្នក​នេសាទ​ដែល​​ធ្លាប់​ចេញ​ទៅ​នេសាទ​ក្នុង​សមុទ្រ​ទឹក​ជ្រៅ មាន​ចម្ងាយ​ឆ្ងាយ​​ពី​ដី​គោក។

ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ឬ​ទូក​នេសាទ​តូច​ៗ​ដែល​ធ្វើ​ការ​នេសាទ​ជិត​ឆ្នេរ​ដី​គោក​នៅ​មាន​សកម្ម​ភាព​ខ្លះ​ដែរ ដែល​ប្រការទាំង​អស់​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ទិន្ន​ផល​នេសាទ​សមុទ្រ​ថយ​ចុះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​នៅ​លើ​ទីផ្សារ​ បណ្តាល​ឱ្យ​អាជីវ​ករ អ្នក​លក់​ដូរ​ម្ហូប​អាហារ​សមុទ្រ​​ដំឡើង​ថ្លៃ ពិសេស​គឺ​បង្គា ក្តាម មឹក និង​ត្រី​គ្រប់​ប្រភេទ​សុទ្ធ​តែ​ឡើង​ថ្លៃ​ដូច​គ្នា។

មន្ត្រី​ជល​ផល​ខេត្ត​ព្រះ​សីហនុ​ដែល​តាម​ដាន​ព្រឹត្តិ​ការណ៍​នេះ​ជា​ប្រចាំ​បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​ខក​ខាន​ក្នុង​ការ​ចេញ​ទៅ​នេសាទ​ក្នុង​សមុទ្រ​ខាង​ក្រៅ​ ពី​បណ្តា​ទូក​នេសាទ​ភាគ​ច្រើន​ប្រាកដ​មែន ទើប​ធ្វើ​ឱ្យ​ទិន្ន​ផល​សមុទ្រ​ក្នុង​ទីផ្សារ​មាន​ចំនួន​តិច ហើយ​អ្វី​ៗ​នឹង​វិល​ត្រឡប់​ទៅ​កាន់​សភាព​ធម្មតា​វិញ​នៅ​ពេល​ដែល​ព័ត៌​មាន​ស្តីពី​ការ​ព្រួយ​បារម្ភ​ពី​រលក​យក្ស​ស៊ូណាមី​ត្រូវ​បាន​បញ្ចប់៕