រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការចាប់ខ្លួនអ្នកដែលយកផែនការទណ្ឌិត សម រង្ស៊ី មកអនុវត្តន៍នៅកម្ពុជាមិនមែនជាការគំរាមកំហែងនោះទេ ។ ការបញ្ជាក់ថា សម្តេច ស ខេង បន្ទាប់តុលាការបណ្តារាជធានីខេត្តមួយចំនួនបានចេញដីកាចាប់ខ្លួន និងផ្តន្ទាទោសអតីតសកម្មជនគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ ដែលយកផែនការរបស់ទណ្ឌិត សម រង្ស៊ី មកអនុវត្តនៅកម្ពុជា ដើម្បីធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាល។
ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី៩ ខែតុលា សម្តេច ស ខេង បានបញ្ជាក់ថាយ៉ាងដូច្នេះថា «ឥឡូវហ្នឹងវាធម្មតាទេ មតិខុសគ្នា ប៉ុន្តែគ្រាន់ថា សំខាន់អីញ្ចែក បើគាត់ធ្វើសកម្មភាពគាំទ្រអ្វីដែល សម រង្ស៊ី បានសម្រេច និងប្រកូកប្រកាសនោះ អាហ្នឹងជាការខុស ច្បាប់ ។ អាហ្នឹងបានដើរហួតបន្ទាត់ក្រហម ដូច្នេះវាមិនមែនជាការគំរាមកំហែងទៅលើសិទ្ធិបញ្ចេញមតិ ឬអ្វីទេ» ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកាលពេលថ្មីៗកន្លងមកនេះបានអះអាងអ្វីដែលទណ្ឌិតសម រង្ស៊ីធ្វើនោះ គឺហួសបន្ទាត់ក្រហម ហើយ ដូច្នេះសមត្ថកិច្ចមានតួនាទីចាប់វិធានការណ៍ភ្លាមៗ ។ ចំពោះវត្តមានទណ្ឌិត សម រង្ស៊ី ដែលអះអាងមកស្រុកវិញ នៅថ្ងៃទី៩ វិច្ឆិកា ខាងមុខនេះគឺជាតួនាទីរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជា តិ ។ ក្រោយពីទណ្ឌិត សម រង្ស៊ី អនុវត្តផែនពីក្រៅប្រទេសភ្លាមគេសង្កេតឃើញសកម្មជនគាំទ្រ ដែលទទួលយកផែនការនោះមកអនុវត្តនៅកម្ពុជាត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។
យ៉ាងណាក្តីប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋចាកចេញឲ្យឆ្ងាយពីផែនការក្បត់ជាតិរបស់ទណ្ឌិ សម រង្ស៊ី បើមិនដូច្នេះទេ និងទទួលទោសតាមច្បាប់ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ