ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនផ្តល់ជំនួយ​ឥតសំណង​២៥លាន​ដុល្លារ…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ…

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា នៅ​ទីស្តីការក្រសួង បាន​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដី​ពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​ប្រមាណ​២៥​លាន​ដុល្លារ ។

បន្ទាប់​ពី​ចុះហត្ថលេខា លោក​ឯកអគ្គ​រាជទូត មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ថ្លែង​ថា តាម​រយៈ​ហិរញ្ញប្ប​ទាន​ឥត​សំណង​នេះ ជប៉ុន​នឹង​សាងសង់​ស្ថានីយប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​មុន​នឹង​បង្ហូរ​ចូល​ទៅ​ក្នុង​បឹង​ជើង​ឯង​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ ។ ជំនួយ​របស់​ជប៉ុន​នេះ នឹង​រួមចំណែក​ដ៏​សំខាន់​ដល់​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិស្ថាន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បញ្ជាក់​ថា ជាមួយ​នឹង​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់​៧%​ក្នុង​១​ឆ្នាំ​របស់​កម្ពុ​ជានា​ពេល បច្ចុប្បន្ន​ចំនួន​ប្រជាជន​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក៏​កំពុង​កើនឡើង​ដែរ​។ យើង​ត្រូវការ​ចាំបាច់​ណាស់​ក្នុង​ការ​បញ្ចេញ​សំណ​ល់​ទឹក​កខ្វក់​ពី​ជីវភាព​រស់នៅ​ទៅ​ក្នុង​ទន្លេ​។ លោក​បន្ត​ថា សម្រាប់​ប្រព័ន្ធ​ទឹក​ស្អាត​វិញ ជា
លទ្ធផល​នៃ​ជំនួយ​បច្ចេកទេស​ជា​ច្រើន​តាម​រយៈ​ជំនួយ​ODA​ជប៉ុន និង​ទីក្រុង Kitakyushuយើង​អាច​សម្រេច​បានការ​អភិវឌ្ឍ​ដែល​មានឈ្មោះ​ថា «​ភ្នំពេញ​អច្ឆរិយៈ​» ។

ក្រុម​អ្នក​បច្ចេកទេ​សម្រាប់​សិក្សា​ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់ ត្រូវ​បាន​បញ្ជូន​មក​ដល់​រាជធានី​ភ្នំពេញ​តាំងពី​ខែមេសា​ឆ្នាំ​២០១៩ មក​ម្ល៉េះ ។ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុនបាន​ថ្លែង​អំរ​គុណ​ប្រទេស​ជប៉ុន​ដែល​បាន​ផ្តល់​ជំនួយ​នេះ​ក៏​ដូច​ជា​ជំនួយ​កន្លង​មក​ជា​ច្រើន ដោយ​បញ្ជាក់​ថា លោក​មាន​សេចក្តី​រីករាយ​ដែល​បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥ​សំណង​២.៧៧៧​លាន​យ៉េន​គឺ​ប្រមាណ​២៥​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ពេល​នេះ ដើម្បី​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ ។

លោក​ឧបនាយករដ្ឋមន្ត្រី​បន្ត​ថា គិត​ចាប់ពី​ដើមឆ្នាំ​២០១៩​នេះ ជប៉ុន​និង​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៣​លើក​រួច​មក​ហើយ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជាង​៤៣​លាន​ដុល្លារ​អាមេ​រិ​ក​រួម​មាន ៖ទី​១-​សម្រាប់​កែ​លម្អ​ប្រព័ន្ធ​ស្រោចស្រព​និង​ប្រព័ន្ធ​រំដោះ​ទឹក​នៅ​បែ​៉​ក​ខាងលិច​បឹង​ទន្លេសាប ទី​២-​ប្រព័ន្ធ​សម្រាប់​ផ្លាស់​ប្តូរ​ទិន្នន័យ​នៅ​កំពង់ផែ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ធ្វើ​ទំនើប​កម្ម​កំពង់​ផែ ។

លោក​ឧបនាយករដ្ឋមន្ត្រី​បន្ត​ទៀត​ថា ដោយឡែក​កាលពី​ខែឧសភា​កន្លង​ទៅ សម្តេច​តេ​ជោ​ហ៊ុន សែន និង​លោក ស៊ី​ន​ហ្សូ អា​បេ បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន លើ​លិខិត​ផ្តល់​ហិរញ្ញប្បទាន​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ប្រមាណ​៥​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​អភិវឌ្ឍន៍​គម្រោង​ចំនួន​២​គឺ ៖ទី​១-​សម្រាប់​អាហា​រូប​កណ៍​និស្សិត​និងទី​២-​ការ​សាងសង់​ឃ្លាំង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន ថ្លែង​ទៀត​ថា ក្នុង​នោះ​ជប៉ុន​បាន​ផ្តល់​ហិរញ្ញ​ប្បទាន​ឥត​សំណង​ប្រមាណ​៤,៦​លាន​ដុល្លារ​អា​មេរិ​ក​សម្រាប់​ផ្គត់ផ្គង់​គ្រឿងចក្រ​ជួស​ជុស​ផ្លូវថ្នល់​នៅកម្ពុជា ។ រដ្ឋាភិបាល​ជប៉ុន មិន​ត្រឹមតែ​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​សន្តិភាព និង​ស្ថិរភាពនៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​និង​កំពុង​ទ្រទ្រង់​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា​ផង​ដែរ ។

លោក​ឧបនាយករដ្ឋមន្ត្រី បញ្ជាក់​ទៀត​ថា​វឌ្ឍនភាព​លើ​គ្រប់​វិស័យ​របស់​កម្ពុជា មិន​អាច​កាត់​ចេញ​បាន​ពី​ជំនួយ​ដ៏​ថ្លៃថ្លា​របស់​ជប៉ុន​លើ​គ្រប់​វិស័យ ដែល​បាន​រួមចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​។ ជាមួយ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ កម្ពុជា​និង​ជប៉ុន​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការ​ប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន​និង​ប្រជាជន​កាន់តែ​រីក​ធំធាត់ ខណៈ​ទំនាក់​ទំនងជា​ដៃគូ​យុទ្ធសាស្ត្រ​ត្រូវ​បាន​ពង្រឹង​ថែម​ទៀត ៕