សហរដ្ឋអាមេរិក-សហភាពអឺរ៉ុប ៖ សហរដ្ឋអាមេរិកបានប្រកាសនាថ្ងៃទី២តុលាថា ខ្លួននឹងយកពន្ធគយមានទឹកប្រាក់រហូតដល់៧,៥ពាន់លានដុល្លារ លើបណ្ដាផលិតផលអឹរ៉ុប ដែលនោះជាពន្ធគយដាក់ទណ្ឌកម្ម ឆ្លើយតបចំពោះការផ្ដល់របបឧបត្ថម្ភធនរបស់សហភាពអឹរ៉ុបដល់ក្រុមហ៊ុនAIRBUS។
ពន្ធគយដែលនឹងអនុវត្តចាប់ពីថ្ងៃទី១៨តុលាទៅរួមមានៈ ពន្ធ១០%លើបណ្ដាយន្តហោះដែលនាំចូលមកពីសហភាពអឺរ៉ុបនិង២៥%លើផលិតផលឯទៀតៗ ក្នុងនោះមានស្រា ហ្វ្រូម៉ា កាហ្វេ និងប្រេងអូលីវ។ នេះបើយោងតាមបញ្ជីដែលចេញផ្សាយដោយផ្នែកតំណាងពាណិជ្ជកម្មអាមេរិក។ មួយផ្នែកធំនៃទណ្ឌកម្មនឹងអនុវត្តចំពោះការនាំចូលមកពីប្រទេសបារាំង អាល្លឺម៉ង់ អេស្ប៉ាញនិងអង់គ្លេស ប្រទេស៤ជាប្រភពនៃការផ្ដល់របបឧបត្ថម្ភធនខុសច្បាប់ ដល់ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប ខណៈក្រុងឡុងដ៏អាចគេចផុតពីទណ្ឌកម្មនេះដោយសារBREXIT។
សម្រាប់ពេលនេះពន្ធគយទាំងនោះពង្រឹងគ្រោះថ្នាក់ នៃការបង្កើនភាពតានតឹងខាងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។ មុនការសម្រេចនោះរបស់អាមេរិកនាយស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោកស្រីCECILIA MALMSTROMអះអាងថា ក្នុងករណីនៃការយកពន្ធគយថ្មីៗ របស់អាមេរិក សហភាពអឺរ៉ុបគ្មានការជ្រើសរើសណា ក្រៅពីធ្វើដូចគ្នានោះដែរឡើយ។ ប៉ុន្តែលោកស្រីបានលើកឡើងជាថ្មីពីឆន្ទៈស្វែងរកការដោះស្រាយដោយស្មើភាព។
ទោះបីយ៉ាងណាលោកដូណាល់ត្រាំដែលចង់បានកិច្ចព្រមព្រៀងទ្វេភាគីមួយ ដើម្បីបានច្រកចូលធំក្នុងទីផ្សារអឺរ៉ុបនោះ ត្រូវសម្រេចនាថ្ងៃទី១៣វិច្ឆិកាដាក់ឬមិនដាក់ តារាងពន្ធគយបន្ថែម លើការនាំចូលរថយន្តមកពីសហភាពអឺរ៉ុបដែលជាការគំរាមកំហែងពិសេស៕ (កែសម្រួលដោយ៖ បុប្ផា)
ចែករំលែកព័តមាននេះ