ខេត្តត្បូងឃ្មុំ ៖ ក្នុងរដូវបើកនេសាទដោយត្រូវបានចាប់ផ្តើមអនុវត្តន៍នៅថ្ងៃទី០១ តុលា ២០១៩នៅតាមដងទន្លេមេគង្គ និងតំបន់ផ្សេងទៀត តែសម្រាប់ឧបករណ៍នេសាទខុសច្បាប់ដូចជា ដាយក្រឡា ញឹកស្បៃមុង មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នោះទេ ។ ជាក់ស្តែងដាយជាច្រើនមាត់ ត្រូវបានគេឃើញដាក់នៅតាមព្រែកជីក ក្នុងដែនអតីតឡូត៍នេសាទលេខ០៩ ស្ថិតនៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ តុលា មានការសង្ស័យថា ដោយសារតែបានបង់លុយក្នុង១មាត់ចំនួន៦០ម៉ឺនរៀលឲ្យទៅជំនាញជលផលខេត្ត ហេតុដូច្នេះហើយទើបមិនត្រូវបានគេបង្ក្រាប ប៉ុន្តែបានប្រកែកថា មិនពិតទេ ។
បុរសចំណាស់វ័យជាង៦០ឆ្នាំម្នាក់ រស់នៅភូមិព្រែកជីកប្រាប់ឲ្យដឹងថា មានទូកម៉ាស៊ីន០១គ្រឿង របស់កម្លាំងជលផលមានគ្នាជាច្រើននាក់បានបើកចុះតាមខ្សែទឹកហូរទន្លេមេគង្គចូលមកតាមមាត់ព្រែកជីកឡើងតាមទឹកហូរ ដើម្បីចូលទៅបង្ក្រាបបទល្មើសនេសាទដាយដាក់ពង្រាយតាមព្រែកជាច្រើនកន្លែង ខណៈពេលដែលមកដល់ត្រង់ដាយមានម្ចាស់ឈ្មោះនី ជលផល បម្រុងកាប់ខ្សែបំផ្លាញចោល តែត្រូវបានម្ចាស់មកដល់និយាយគ្នាត្រូវរ៉ូវក៏បើកបង្ហួសឡើងទៅលើទៀត ។
អ្នកដាក់ដាយវ័យចំណាស់រូបនេះប្រាប់បន្តថា ដាយដាក់មានច្រើនកន្លែង ក្នុងរង្វង់ពី៣០ទៅ៤០ដាយឯណោះ ហើយក្នុង១ដាយសង្ស័យ ត្រូវបង់លុយឲ្យទៅជលផលចំនួន៦០ម៉ឺនរៀល ហើយនៅព្រឹកថ្ងៃទី០៣ តុលា កម្លាំងជលផលបានចុះមកបង្ក្រាបត្រូវបានគេផ្តល់ដំណឹងមកមុន ធ្វើឲ្យអ្នកដាក់ដាយនាំគ្នាសារឡើងគោក ដើម្បីកុំឲ្យជំនាញឃើញ ។ ទូកម៉ាស៊ីនរបស់ជលផលបានបើកចូលទៅក្នុងដល់បឹងដោយបានបង្ក្រាបបទល្មើសស្បៃមុង និងបានដុតបំផ្លាញចោល រហូតមកដល់កណ្តាលថ្ងៃត្រង់កម្លាំងជលផលបានត្រឡប់មកវិញ ។
កាលពីក្នុងរដូវទឹកសំរកឆ្នាំ២០១៨កន្លងទៅដាយបានដាក់នៅតាមព្រែកជីកជាច្រើនមាត់ ដោយក្នុង១មាត់ត្រូវបង់ចំនួន៦០ម៉ឺនរៀលឲ្យមកជំនាញជលផល ហើយបាននាំគ្នាដាក់ដោយរលូនមិនមានការរំខាននោះទេ មិនដឹងយ៉ាងម៉េចមកដល់ឆ្នាំ២០១៩ រៀងជួបនឹងបញ្ហាខ្លះៗ សម្រាប់ត្រីវិញដាក់ដាយត្រូវ២៤ម៉ោងលើ២៤ម៉ោងតែម្តង ។
ព័ត៌មានពិស្តារមានផ្សាយជូននៅកាសែតកោះសន្តិភាព៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ