ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលែក​ទុក្ខ​ចំពោះ​មិត្ដ​ជប៉ុន ស្ថានទូត​ជប៉ុន​អនុញ្ញាត​ដល់​សាធារណជន​កម្ពុជា​ចូល​សំដែង​សមានចិត្ត

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ថាន​​ទូត​ជប៉ុន​​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​ចេញ​សេច​ក្តី​ប្រកាស​​ព័ត៌​មាន​​មួយ​​នៅ​ថ្ងៃ​ទី​១៦ មីនា កន្លង​​ទៅ​នេះ ទាក់​ទិន​នឹង​គ្រោះ​មហន្ត​រាយ​​ដោយ​ការ​រញ្ជួយ​ និង​​រលក​យក្ស​ស៊ូណាមី​ដែល​បាន​បណ្តាល​​ឱ្យ​មាន​ការ​ខូច​ខាត​ដ៏​ធ្ងន់​ធ្ងរ​មក​​លើ​ប្រទេស​​ជប៉ុន កាល​ពី​ថ្ងៃ​ទី​១១ មីនា ​កន្លង​មក​នេះ ។ ក្នុង​មនោ​សញ្ចេត​នា​នៃ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ទាំង​អស់ គឺ​មាន​ការ​រន្ធត់​ក្នុង​ចិត្ត​ជា​ពន់​ពេក​ចំពោះ​ការ​រង​គ្រោះ​​ដ៏​ធំ​ធេង​​នៅ​ប្រទេស​​ជប៉ុន​ដែល​ជា​​កល្យាណ​មិត្ត​​ដ៏​ល្អ​គ្មាន​២​របស់​កម្ពុជា ។ ​ទឹក​ភ្នែក​​ និង​ការ​ទួញ​សោក​របស់​ប្រជា​ជន​​ជប៉ុន​ ក៏​​ជាទឹក​ភ្នែក​របស់​ប្រជា​ជន​កម្ពុជា​​ដែរ ។

យោង​​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​​បាន​សរសេរ​ថា ​ស្ថាន​ទូត​ជប៉ុន​​បាន​អនុ​ញ្ញាត​ឱ្យ​សាធា​រណ​ជន​ចូល​រួម​សរសេរ​ក្នុង​សៀវ​​ភៅ​​រំលែក​ទុក្ខ​​នៅ​ស្ថាន​ទូត​ជប៉ុន​ ដែល​មាន​អាសយ​ដ្ឋាន​​លេខ​១៩៤ មហា​វិថី​ព្រះ​នរោត្តម តាម​ពេល​វេលា​គឺ​​ពី​ថ្ងៃ​ទី​១៦ ដល់​ទី​១៨ មីនា និង​ថ្ងៃ​ទី​២១ ដល់​២៣​ មីនា ​​ចាប់​ពី​ម៉ោង​១០​ដល់​ម៉ោង​១២ និង​ពី​ម៉ោង​១៤​ដល់​ម៉ោង​១៦ ។

សេច​ក្តី​ប្រកាស​ព័ត៌​មាន​​បន្ត​ថា ​ស្ថាន​ទូត​ជប៉ុន​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ប្រជា​ជន​កម្ពុជា​ដែល​បាន​ចូល​រួម​មរណៈ​ទុក្ខ​ និង​សន្តាន​ចិត្ត​​ក្នុង​ការ​ផ្តល់​​​នូវ​ការ​បរិច្ចាគ​ជា​ថវិកា​ និង​ផ្កា​​សម្រាប់​ជន​រង​គ្រោះ​ដោយ​សារ​​​គ្រោះ​មហន្ត​រាយ​​នេះ ។ ចំនួន​នៃ​ការ​ខូច​ខាត​ ការ​ស្លាប់ និង​ការ​រង​ទុក្ខ គឺ​មិន​អាច​កាត់​ថ្លៃ​បាន ។ ប៉ុន្តែ​​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ទឹក​ចិត្ត​ដ៏​កក់​ក្តៅ​ និង​សប្បុរស​​ធម៌​​របស់​ប្រជា​​ជន​កម្ពុជា​ក៏​ដូច​ជា​ប្រជា​ជាតិ​​ផ្សេង​ទៀត​ជា​ច្រើន​ ជា​ក​ម្លាំង​ជំរុញ​ទឹក​ចិត្ត​ប្រជាជន​​ជប៉ុន​​ឱ្យ​កសាង​ឡើង​វិញ នូវ​តំបន់​ដែល​ទទួល​រង​នូវ​ការ​បំផ្លិច​បំផ្លាញ ។ ជា​រួម​ សមាន​​ចិត្ត​​ប្រជា​ជន​កម្ពុជា​ គឺ​ជា​​ការ​បួង​សួង​សូម​ឱ្យ​វត្ថុ​ស័ក្តិ​សិទ្ធិ​ក្នុង​លោក​ទាំង​មូល ​ជួយ​ដល់​ប្រជា​​ជាតិ​ជប៉ុន​​ឱ្យ​ឆ្លង​ផុត​គ្រោះ​​អាក្រក់​​នេះ​ឱ្យ​បាន​ឆាប់​ ហើយ​សង្ឃឹម​ថា ​ការ​នាំ​គ្នា​​ជូត​ទឹក​ភ្នែក​​ចំពោះ​​ប្រជា​ជាតិ​​ជប៉ុន គឺ​ជា​ការ​បង្ហាញ​ពី​ទឹក​ចិត្ត​​ដ៏​​បរិ​សុទ្ធ​​មួយ​ក្នុង​នាម​ជា​កល្យាណ​មិត្ត​ដ៏​ល្អ​បំផុត​នេះ ។

  • ជប៉ុនប្រើ​​ឧទ្ធម្ភាគចក្រ​​​ទម្លាក់​ទឹក​​បញ្ចុះ​​កំដៅ​ម៉ាស៊ីន​​រេអាក់ទ័រ​នៅ​រោងចក្រ​​នុយ​ក្លេអ៊ែរ​​ហ្វូគូស៊ីម៉ា​

កងទ័ពជប៉ុន​​កាលពីព្រឹកថ្ងៃទី​​១៧ មីនា បាន​ប្រើ​ឧទ្ធម្ភាគចក្រ​​​​ទម្លាក់​ទឹក​​បញ្ចុះ​​កំដៅ​ចង្ក្រាន​​រេ​អាក់ទ័រ ដើម្បីបញ្ចៀស​​គ្រោះ​មហន្តរាយ​​​នុយ​ក្លេ​អ៊ែរ​​នៅរោងចក្រ​​ថាមពល​នុយក្លេអ៊ែរហ្វូគូស៊ីម៉ា ​ដែល​មានការ​​ផ្ទុះឆេះ​ដោយ​សារ​ការរញ្ជួយដី​​ដ៏ខ្លាំង​​កម្រិត​​​៩​រីស្ទ័រ ​បង្ក​ឱ្យ​កើត​​មាន​រលក​​យក្ស​ស៊ូណាមី ដែល​វាយប្រហារ​​ភាគ​ឦសាន​ប្រទេស​ជប៉ុន ​កាលពីថ្ងៃទី​​​១១ មីនា កន្លង​មក ។ មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ និងម្ចាស់​រោងចក្រ​​នុយ​ក្លេអ៊ែរ​​នោះនិយាយ​ថា ​ការបញ្ចុះ​​​កំដៅ​ម៉ាស៊ីន​រេ​អាក់​ទ័រទី​​​៣ និងទី​​​៤ ជា​អាទិ​ភាព​​ចំបង​មួយ ។​ ជាមួយគ្នានេះ រដ្ឋ​មន្ត្រី​​ការពារ​ប្រទេសជប៉ុន លោក Toshimi Kitazawa និង​​លោក​នាយក​រដ្ឋ​មន្ត្រី​​ណា​អូតូ កាន ថ្លែង​ថា ​​បាន​សម្រេច​ចិត្ត​​រួចហើយ​ក្នុង​ការ​ដោះស្រាយ​​វិបត្តិ បើទោះបីជា​មានការ​ព្រួយបារម្ភ​​អំពីកម្ម​ករ​​​អាច​រង​ប៉ះពាល់​​ដោយវិទ្យុ​សកម្មក៏​ដោយ ។​ លោក​ Kitazawa ថ្លែង​​ប្រាប់​អ្នក​​កាសែត​ថា ​​យើង​មិន​​​អាច​ពន្យារ​ពេល​​​បេសក​កម្ម​​​របស់​យើង​​បានទេ ។​

កងទ័ព​ជប៉ុន​បាន​​ប្រើ​ឧទ្ធម្ភាគចក្រ​​​​ជា​ច្រើន​គ្រឿង​​ទម្លាក់​ទឹក​​លើ​​ចង្ក្រាន​​រេអាក់ទ័រ​ ដើម្បី​​បញ្ចុះ​កំដៅ​​នៅម៉ាស៊ីន​រេអាក់ទ័រ​ទី​៣ ដោយ​​ហោះហើរ​​ឆ្លងកាត់​​​៤លើក ​រយៈ​ពេល​​ជិត​២០នាទី រួច​ទម្លាក់ទឹក​​សមុទ្រ​​៧,៥​តោន ក្នុង​ការហោះ​ហើរ​​​​ឆ្លង​កាត់​​មួយលើក ។​ លោក Kitazawa ថ្លែង​ថា ​រថយន្ត​កាំមីញ៉ុង​​ដែលបំពាក់​ដោយ​​កាណុង​បាញ់ទឹក​​ពិសេស​​១១​គ្រឿង ​នឹង​ត្រូវ​​បញ្ជូន​​ទៅកាន់​រោងចក្រ​​នុយក្លេ​អ៊ែរ​​នោះ ដើម្បី​បាញ់ទឹក​​ដាក់ចង្ក្រាន​​រេអាក់ទ័រ​​ទី​​៣ ។​ ដោយ​ឡែក​​កាល​​ពីថ្ងៃទី​​​១៧ មីនា ផងដែរ ​វិស្វករ​មួយក្រុម​មាន​​ផែនការ​ស្តារ​ថាមពល​​នៅ​រោងចក្រ​​នុយក្លេអ៊ែរហ្វូគូ​ស៊ីម៉ាឡើងវិញ ​ដោយ​ប្រើ​​បណ្តាញ​ថាមពល​ពីខាង​ក្រៅ ។

  • សភាពការណ៍​នៅតែ​​គ្រោះថ្នាក់​​​​ឯ​មជ្ឈ មណ្ឌលនុយក្លេអ៊ែរ​ហ្វូគូស៊ីម៉ា​​ តែបញ្ហា​វិទ្យុ​សកម្ម​​​ចុះ​ថយ​

ប្រឈមមុខនឹង​ការ​គ្មាន​​លទ្ធភាព​បញ្ឈប់​​គ្រោះ​មហន្តរាយ​​ដែលកំពុង​កើតមាននៅ​​ឯ​មជ្ឈ​មណ្ឌល​​នុយក្លេ​អ៊ែរ​​ភាគខាងជើង​ជប៉ុន មនុស្ស​ប្រមាណ​​ជា​​១៤០.០០០​នាក់ ត្រូវ​បង្ខំ​ចិត្ត​​រស់​នៅ​​ជាប់​​តែ​​ក្នុងផ្ទះ ។ ​ម្យ៉ាង​ទៀត​​វាជា​ប្រវត្តិសាស្ត្រ​​​ដែល​ព្រះចៅ​​អធិរាជ​​ជប៉ុន អាគីហ៊ី​តូ ទ្រង់​ថ្លែង​​ទៅ​កាន់​​​ប្រជាជន​​ជប៉ុន​​​ដែលនោះ​បញ្ជាក់ពី​ទំហំ​​ធំធេង​​នៃគ្រោះ​មហន្តរាយ​​លើក​នេះ ព្រោះ​ព្រះអង្គ​​​កម្រធ្វើ​​អន្តរាគមន៍​​បែបនេះណាស់ ។​ យោង​តាមទីភ្នាក់ងារ​​សន្តិសុខ​​នុយ​ក្លេអ៊ែរ​​ជប៉ុន​ថា កម្រិត​វិទ្យុ​សកម្ម​​បានថយ​ចុះ​​​បន្តិច​ម្តងៗ ​នៅ​ឯ​​មជ្ឈមណ្ឌល​​នុយ​ក្លេអ៊ែរ​​​ហ្វូគូស៊ីម៉ា ដាយអ៊ីជី។ ​កម្រិត​វិទ្យុ​​សកម្ម​​បានធ្លាក់​ចុះ​ពី​​ 752 MICROSTEVETRS ​ក្នុង​​​មួយម៉ោង​​កាលពីថ្ងៃទី​​​១៦ មីនា ​មក​នៅ​​ត្រឹម​​​​ 338 MICROSIE-VERTS ​នាព្រឹក​ថ្ងៃទី​​១៧ មីនា ។ នេះជា​កម្រិត​​​មួយខ្ពស់​​ជា​ងធម្មតា ​ក៏ប៉ុន្តែ​ពុំ​មាន​គ្រោះថ្នាក់​ឡើយ ។​

វិបត្តិ​នុយ​ក្លេអ៊ែរ​​​គំរាម​​កំហែង​​ដល់ការ​បាត់​បង់​​ការត្រួត​​ត្រា​នៅ​​ជប៉ុន ។ ​ភ្លើង​ឆេះ​ថ្មី​កើត​មាន​​នៅ​រេអាក់ទ័រ​ទី​​៤​នៃមជ្ឈមណ្ឌល​​​ហ្វូគូ​ស៊ីម៉ា ​ដាយ​​អ៊ីជី ​ដែលរង​ការ​​​បំផ្លាញ​​កាលពី​​៥ថ្ងៃ​​មុន ដោយ​​ការ​រញ្ជួយដី​ និងស៊ូណាមី ។ ​បុគ្គលិក​មជ្ឈមណ្ឌល​​នេះត្រូវ​ជម្លៀស​ចេញពីទីតាំង​រយៈ​ពេល​​១ម៉ោង​​នាព្រឹក​​​​ថ្ងៃទី​១៦ មីនា ​មកពី​កម្រិត​វិទ្យុស​កកម្ម​​ឡើងខ្ពស់ ។ វិទ្យុស​កម្ម​នេះ​មាន​ខ្ពស់​​បំផុត​រហូត​ដល់​​ឧទ្ធម្ភាគចក្រ​​របស់​កង​ទ័ព​​ពុំ​អាច​ហោះ​ពីលើ ដើម្បី​​ស្រោចទឹក​​លើ​​រេអាក់ទ័រ​ទី​៣ ដែលជាការ​ព្រួយបារម្ភ​​របស់អាជ្ញាធរ ។ ​ប៉ូលិស​​ចង់ប្រើ​ប្រាស់​​​កាណុង​​បាញ់ទឹក​​ ដើម្បី​​​ធ្វើ​ឱ្យ​​​ទីតាំង​​ត្រជាក់ ។ ​នាយប់ថ្ងៃទី​​​១៦ មីនា ​សភាពការណ៍​​នៅតែគ្រោះថ្នាក់​ ទឹកក្នុងអាង​ស្តុក​របស់​រេអាក់​ទ័រ​​​ទី​​៤ត្រូវ​ហួតអស់ ហើយ​​​ញ៉ាំង​ឱ្យវិទ្យុស​កម្ម​កាន់តែ​​​ឡើងខ្ពស់ ។ ​និយោជិត​​​១៨០​នាក់ ​នៅ​ធ្វើ​ការ​ក្នុង​ទីតាំង​​​មានគ្រោះ​​​មហន្តរាយ​​នៅឡើយ ។ ក្នុង​តំបន់​​​ក្បែ​រទីតាំង​​នេះ ​ប្រជាជនប្រមាណ​ជា​​​១៤០.០០០​នាក់ ត្រូវស្នើ​​ឱ្យស្ថិត​នៅ​​​តែក្នុងផ្ទះ​​កុំ​ចេញ​​ក្រៅ ។ ជាព័ត៌​មាន​​​ល្អ​មួយ​ ព្រោះ​​រហូតមក​ទល់ពេល​នេះ ខ្យល់​នៅ​ពីលើ​​​មជ្ឈមណ្ឌល​ហ្វូគូស៊ីម៉ា ​បាន​រុញ​ធូលី​​វិទ្យុ​សកម្ម​​ឆ្ពោះ​ទៅ​កាន់​មហា​សមុទ្រ​ប៉ា​ស៊ី​ហ្វិក​ ហើយ​កម្រិត​​វិទ្យុសកម្ម​​​នៅក្រុងតូក្យូ​​បាន​ធ្លាក់​​​មក​នៅស្ទើរ​​តែ​​ដល់​កម្រិត​ធម្មតា​​វិញ ។​
ក្នុងព្រះ​រាជ​​​សង្កថា​មួយតាមទូរទស្សន៍​​ ព្រះចៅ​​អធិរា​ជ​​ជប៉ុនទ្រង់​​សម្តែង​​​ព្រះ​រាជ​ហឫទ័យ​ព្រួយបារម្ភ​​​យ៉ាងខ្លាំង​​ចំពោះ​សភាពការណ៍​​ដែល​នឹកស្មានមិន​ដល់​​ ។

  • ទី​ក្រុង​មួយ​ទៀត​របស់​ជប៉ុន​រាយការណ៍​ ពី​មនុស្ស​បាត់​ខ្លួន​១ម៉ឺន​នាក់​

ទី​ក្រុង​អ៊ី​ស៊ី​ណូ​ម៉ា​គី​ មាន​ប្រជា​ជន​១៦.០០០​នាក់​ស្ថិត​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​រង​ការ​បំផ្លាញ​ខ្ទេច​ដោយ​​រលក​យក្ស​ស៊ូ​ណា​មី។ ទី​ក្រុង​នោះ​ជា​ទី​ក្រុង​​ទី​២ ដែល​រាយ​ការណ៍​ពី​មនុស្ស​បាត់​ខ្លួន​១០.០០០​នាក់​។​ បន្ទាប់​ពី​ទី​ក្រុង​មី​ណា​មី សាន់​រី​គូ​ ទីក្រុង​អ៊ីស៊ី​ណូ​ម៉ា​គី​ ជាទី​ក្រុង​ទី​២​ស្ថិត​នៅ​ជាប់​ឆ្នេរ​សមុទ្រ​​ជំរឿន​ឃើញអ្នក​​បាត់​ខ្លួន​១០.០០០​នាក់​ក្នុង​ចំណោម​ប្រជា​ជន​១៦.០០០​នាក់​របស់​ក្រុង​នេះ​មុន​ពេល​មាន​​គ្រោះ​មហន្ត​រាយ​។ ទី​ក្រុង​មី​ណា​មី​ សាន់​រី​គូ និង​ទី​ក្រុង​អ៊ីស៊ី​ណូ​ម៉ា​គី ស្ថិត​ក្នុង​តំបន់​មី​យ៉ា​ហ្ស៊ី ជា​ខេត្ត​មួយ​នៅ​ភាគ​ខាង​កើត​ប្រទេស​ដែល​មាន​មនុស្ស​​ស្លាប់​ច្រើន​បំផុត​។

យោង​តាម​តុល្យ​ការ​ចុង​ក្រោយ​របស់​ប៉ូលិស​ជប៉ុន​ថា ការ​រញ្ជួយ​ដី​ និង​ស៊ូ​ណា​មី​បណ្តាល​ឱ្យ​ចំនួន​មនុស្ស​ស្លាប់​ដែល​ជំរឿន​ឃើញ​ឡើង​ដល់​៥.១៧៨នាក់ ហើយ​មនុស្ស​២​.២៨២​នាក់​រង​របួស។ អាជ្ញា​ធរ​គិត​ថា ចំនួន​អ្នក​ស្លាប់​នឹង​មាន​លើស​ពី​១០.០០០​នាក់​បើ​គិត​ពី​ចំនួន​​អ្នក​បាត់​ខ្លួន។​ នៅ​ទី​ក្រុង​តូ​ក្យូ​ដោយ​សារ​ខ្លាច​វិទ្យុ​សកម្ម​ហាង​ទំនិញ ​បារ​ឬ​ភោជនីយ​ដ្ឋាន​​ទាំង​ឡាយ​ដែល​តាម​ធម្ម​តា​មាន​មនុស្ស​ច្រើន​កុះ​ករ​បែរ​ជា​ស្ងាត់​ជ្រងំ​។ សាលា​រៀន​ជា​ច្រើន​ត្រូវ​បិទ​ទ្វារ​រួច​បណ្តា​សហ​គ្រាស​​ទុក​ឱ្យ​បណ្តា​និយោ​​ជិត​របស់​ខ្លួន​ស្ថិត​នៅ​ផ្ទះ​។ ការ​គំរាម​កំហែង​ដោយ​គ្រោះ​មហន្ត​រាយ​នុយ​ក្លេ​អ៊ែរ​ដែល​ប្រភព​ស្ថិត​នៅ​ចំងាយ​២៥០​គី​ឡូ​ម៉ែត្រ​​ពី​ក្រុង​តូ​ក្យូ​ធ្វើ​ឱ្យ​សង្កាត់​​មួយ​ចំនួន​នៃ​រដ្ឋ​ធានី​ជប៉ុន​ដែល​មាន​ប្រជា​ជន​ជាង​៣០​លាន​នាក់​ប្រែ​ក្លាយ​ទៅ​ជា​តំបន់​ស្ងាត់​។ អ្នក​ក្រុង​តូ​ក្យូ​មួយ​ចំនួន​បាន​នាំ​គ្នា​ចាក​ចេញ​ពី​រាជ​ធានី​។ គេ​សង្កេត​ឃើញ​មនុស្ស​​បន្ត​កន្ទុយ​គ្នា​នៅ​ព្រលាន​យន្ត​ហោះ​ចាំ​ទិញ​សំបុត្រ​យន្ត​ហោះ​។ មនុស្ស​ដទៃៗ​ទៀត​ទិញ​របស់​របរ​ស្តុក​ទុក​ក្នុង​ផ្ទះ​ ហើយ​សំងំ​មិន​ចេញ​ទៅ​ណា​។​

លោក​កា​ហ្ស៊ុយ​ស៊ី អារី​សា​វ៉ា អ្នក​រត់​តាក់​ស៊ី​ម្នាក់​ដែល​នៅ​រង់​ចាំ​ម៉ូយ​ចាប់​តាំង​ពី​ជាង​មួយ​ម៉ោង​​មក​ហើយ​ក្បែរ​អគារ​ខ្ពស់​មួយ​និយាយ​ថា ចូរ​មើល​ចុះ​ពុំ​មាន​រថ​យន្ត​រត់​ចុះ​ឡើង​ច្រើន​ដូច​កាល​ពី​មុន​ឡើយ​។ ប្រទេសបារាំង​​បាន​សំរេច​ចិត្ត​ធ្វើ​មាតុ​ភូមិ​និវត្តន៍​​និស្សិត​ និង​សាស្រា​ចារ្យ ព្រម​ទាំង​អ្នក​ស្រាវ​ជ្រាវ​​ទាំង​អស់​របស់​ខ្លួន​ដែល​មាន​វត្ត​មាន​​នៅ​ប្រទេស​​ជប៉ុន​​ដែល​មាន​សរុប​ប្រមាណ​ជា​៦០០​នាក់​។ សហ​គ្រាស​អាមេរិក​ផលិត​ថ្នាំ​អ៊ី​យ៉ូ​ឌៀរ​ដឺ​​ប៉ូតា​ស៊ី​យ៉ូម​គឺ​សហ​គ្រាស ANBEX កំពុង​តែ​អស់​ថ្នាំ​នេះ​ពី​ឃ្លាំង​ស្តុក​មក​ពី​សេចក្តី​ត្រូវ​ការ​ខ្ពស់​បណ្តាល​មក​ពី​គ្រោះ​ថ្នាក់​នុយ​ក្លេ​អ៊ែរ​នៅ​ជប៉ុន​។ ការ​ទិញ​ថ្នាំ​​នេះ​ខ្លាំង​បំផុត ពិសេស​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច​សហ​រដ្ឋ​អាមេរិក​ ហើយ​ក៏​មាន​សេចក្តី​ត្រូវ​ការ​ខ្ពស់​ពី​ជប៉ុន​ កូរ៉េ និង​ជា​ទូ​ទៅ​នៅ​អាស៊ី ។

  • ចំនួន​អ្នក​ស្លាប់​​កើន​ឡើង​​ជាង​៥​ពាន់​​នាក់ និង​បាត់​ខ្លួន​​យ៉ាង​​​តិច​​​៩​ពាន់​នាក់​នៅ​ជប៉ុន​

តាម​ទីភ្នាក់​ងារ​ព័ត៌​មាន​​​បរទេស​​កាល​ពី​ថ្ងៃ​ទី​១៧ មីនា បាន​​ចុះ​ផ្សាយ​​ដោយ​​យោង​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ NHK របស់​ជប៉ុន​ថា ចំនួន​​អ្នក​ស្លាប់​​បាត់​បង់​ជីវិត​​ជា​ចុង​​ក្រោយ​ពី​ហេតុ​ការណ៍​រញ្ជួយ​ដី​ និង​ស៊ូ​ណា​មី​ដ៏​ខ្លាំង​ក្លា​នៅ​ភាគ​ឦសាន​ប្រទេស​​ជប៉ុន​ បាន​កើន​ឡើង​ដល់​​​៥.១៧៨​នាក់  និង​យ៉ាង​តិច​៩.០០០​នាក់​បាត់​ខ្លួន រួម​ទាំង​រង​របួស​២.២៨៥​នាក់ ។ ដោយ​ឡែក​​ នៅ​ខេត្ត​មីយ៉ាងី តែ​មួយ​​​មាន​អ្នក​ស្លាប់​​ចំនួន​២.២៤៤​នាក់ និង​២.៣៦២​នាក់​​បាត់​ខ្លួន ។ ​ចំណែក​​នៅ​ខេត្ត​អ៊ីវ៉ា​តេ ​មាន​អ្នក​ស្លាប់​​ចំនួន​១.៥៤៥​នាក់ និង​​៣.៨១៤​នាក់ បាត់​ខ្លួន​ ។ នៅ​ខេត្ត​ហ្វូ​គូ​ឈី​ម៉ា មាន​អ្នក​ស្លាប់​ចំនួន​៥៣៣​​​នាក់ និង​បាត់​ខ្លួន​២.៩១៩​នាក់ នៅ​ក្រុង​តូក្យូ មាន​អ្នក​​ស្លាប់​​ចំនួន​​៧​នាក់ និង​​ខេត្ត​អ៊ី​បា​រ៉ា​  គឺ​មាន​១៩​នាក់​​។ ក្រៅ​ពី​​អ្នក​ស្លាប់​​បាត់​បង់​ជីវិត​​​ ​នៅ​មាន​ប្រជា​ជន​ជាង​៣៤៤.០០០​នាក់​​ទៀត​ត្រូវ​​ភៀស​ខ្លួន​ទៅ​​កាន់​កន្លែង​​ស្នាក់​នៅ​បណ្តោះ​អាសន្ន​​​ដែល​មាន​ប្រហែល​២.៤០០​​កន្លែង ។ ​ចំណែក​​ប្រជា​ជន​រស់​នៅ​ក្បែរ​រោង​ចក្រ​អគ្គិ​សនី​នុយ​ក្លេ​អ៊ែរ ហ្វូ​គូ​​ឈី​ម៉ា ដាយ​អ៊ីជី ដែល​ខូច​ខាត​ដោយ​សារ​​រញ្ជួយ​ដី​ បាន​ជម្លៀស​ទៅ​​កាន់​ខេត្ត​​នីអ៊ីង៉ា​តា និង​ខេត្ត​យ៉ាម៉ា​ង៉ា​តា ដែល​នៅ​ក្បែរ​​​គ្នា​ដើម្បី​​គេ​ច​ពី​គ្រោះ​​ថ្នាក់​ ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ រដ្ឋា​ភិបាល​ជប៉ុន បាន​ចាប់​​ផ្តើម​​បាញ់​ទឹក​ពី​ឧទ្ធម្ភា​គ​ចក្រ​ និង​រថយន្ត​​ទៅ​លើ​​ចង្ក្រាន​​រ៉េ​អាក់​ទ័រ​​លេខ​៣​ ​និង​លេខ​៤​ ដើម្បី​កាត់​បន្ថយ​សីតុណ្ហ​ភាព ។ ​ទោះ​ជា​យ៉ាង​ណា​​​រថភ្លើង​​ដែល​ចេញ​ទៅ​​ចំណត​​យន្ត​ហោះ​​ណា​រី​តា បើក​សេវា​កម្ម​ជា​ប្រក្រតី​ ក្នុង​អំឡុង​ពេល​ពី​ថ្ងៃ​​ទី​១៧-២១ មីនា ។

  • សមា​គម​ដឹក​​ជញ្ជូន​តាម​ផ្លូវ​អាកាស (IATA) បញ្ជាក់​ថា ​គ្រោះ​មហន្ត​រាយ​នេះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ទី​ផ្សារ​​ហោះ​ហើរ

IATA បាន​បញ្ជាក់​​នៅ​ក្នុង​របាយ​ការណ៍​ប្រចាំ​ខែ​ថា «ភាព​ជ្រួល​ច្របល់​​នៅ​ប្រទេ​ស​ជប៉ុន លីប៊ី និង​ប្រទេស​​នៅ​ទ្វីប​អាហ្វ្រិក​ខាង​ជើង នឹង​ធ្វើ​ឱ្យ​​ការ​ធ្វើ​ដំណើរ​​ក្នុង​ភូមិ​ភាគ​នេះ​ធ្លាក់​ចុះ​ក្នុង​​រវាង​ខែ​កុម្ភៈ និង​​ខែ​មីនា» ។ សមា​គម​ដឹក​ជញ្ជូន​​តាម​ផ្លូវ​អាកាស​​​អន្តរ​ជាតិ បាន​​​ក្រើន​រំលឹក​ថា ខណៈ​ពេល​ទីផ្សារ​ហោះ​ហើរ​នៅ​ជប៉ុន​ ប្រហែល​៦-៧% ​នៃ​ការ​ធ្វើ​ដំណើរ​​ដោយ​សំបុត្រ​​យន្ត​ហោះ​​មាន​តម្លៃ​ខ្ពស់ ​ព្រោះ​​មាន​ការ​​រញ្ជួយ​ដី និង​ស៊ូ​ណា​មី ​កាល​ពី​ពេល​ថ្មីៗ​កន្លង​មក ​អាច​បង្ក​​ឱ្យ​មាន​​ផល​ប៉ះ​ពាល់​ដ៏​ធ្ងន់​ធ្ងរ​​ដល់​​អ្នក​ធ្វើ​​ដំណើរ​ ៕