ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា សកម្មភាពបទល្មើសនេសាទដោយមានទូកម៉ាស៊ីនអូសយុំាងកាវ ចំនួន០២គ្រឿង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអូសចាប់យកត្រីនៅក្នុងទន្លេមេគង្គត្រង់ចំនុចមុខជីហែ ស្រុកកោះសូទិន នៅព្រឹកថ្ងៃទី០១ តុលានេះ ។
សេចក្តីរាយការណ៍បានបន្តថា ត្រូវបានគេមើលឃើញបានបំផ្លាញត្រីតូចធំយ៉ាងអនាធិបតេយ្យ
ដោយមិនមានការទប់ស្កាត់ពីស្ថាប័នជំនាញជលផលនោះឡើយ ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅតាមដងទន្លេបានប្រាប់ឲ្យដឹងថា សម្រាប់ទូកម៉ាស៊ីនចំនួន០២គ្រឿងនេះត្រូវបានពួកគាត់តែងតែឃើញធ្វើសកម្មភាពអូសយុំាងកាវចាប់យកត្រីសឹងរាល់ថ្ងៃនៅត្រង់ទីតាំងមុខជីហែរ ដើម្បីចាប់យកត្រីដោយគេអូសម្តងៗចម្ងាយរាប់រយម៉ែត្រទើបលើកម្តងបានត្រីច្រើនគីឡូក្រាម ហើយដាក់ក្នុងទូកហើយក៏មានចង្ងល់ថា ហេតុដូចម្តេចបានជាស្ថាប័នជំនាញមិនបង្ក្រាប ។
ប្រភពពីប្រជាពលរដ្ឋបន្តថា ជួននៅយប់ជ្រៅរំលងអធ្រាត្រ ក្រុមអូសយុំាងកាវបានធ្វើសកម្មភាពអូសចាប់ត្រីនៅតាមដងទន្លេមេគង្គ រហូតដល់ជិតភ្លឺបានត្រីស្ទើរពេញទូកហើយមានម៉ូយមកទិញយកទៅលក់នៅលើទីផ្សារនានា ។ ក្រុមប្រើប្រាស់នូវឧបករណ៍នេសាទខុសច្បាប់នេះកើតមានឡើងជាច្រើនខែមកហើយ តាំងពីរដូវបិទនេសាទមកម្លេះ ឧបករណ៍នេះមិនត្រូវបានច្បាប់អនុញ្ញាតឲ្យប្រើប្រាស់នោះទេ ព្រោះបានបំផ្លាញត្រីតូចធំនៅក្នុងទន្លេមេគង្គ ។
អ្នកភូមិមួយចំនួនរស់នៅតាមដងទន្លេធ្លាប់ដងត្រី និងដាក់លបឫស្សី ដើម្បីយកត្រីបានគ្រាន់បើសម្រាប់យកមកធ្វើម្ហូបទទួលទានក្នុងក្រុមគ្រួសារ តែមកដល់សព្វថ្ងៃដងត្រី និងដាក់លបមិនបានត្រីនោះទេ កត្តានេះពួកគាត់យល់ថា មកពីមានបទល្មើសនេសាទកើតមានពេញបន្ទុកតាមដងទន្លេ ពិសេសក្រុមអូសយុំាងកាវនេះតែម្តង ។ ពលរដ្ឋមានចង្ងល់ថា មូលហេតុដែ
លគេប្រើប្រាស់អូសយុំាងកាវពេញទន្លេបានប្រាកដជា មានការត្រូវរ៉ូវគ្នាជាមួយនឹងជលផលហើយទើបគេនេសាទប្រើប្រាស់បទល្មើសខុសច្បាប់បានដូច្នេះ ។
លោកអ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តប្រាប់ថា ទូកចំនួន២គ្រឿង ដែលអូសចាប់ត្រីនៅក្នុងដងទន្លេមេគង្គត្រង់ចំនុចស្រុកកោះសូទិន មិនមែនអូសយុំាងកាវនោះទេ គឺគេអូសម៉ាញ់ទេតើ ហើយទូកអូសយុំាងកាវវិញមានតែ០១គ្រឿងទេកន្លងមក កម្លាំងរបស់លោកធ្លាប់ចាប់បានទូកយុំាំងកាវនៅក្នុងស្រុកស្ទឹងត្រង់ ដែលមានតែទូក០១គ្រឿងទេ ឧបករណ៍នេះត្រូវបានគេអូសតាមបណ្តោយទឹកហូរជួនឡើងតាមខ្សែទឹកហូរ ។
មន្ត្រីជលផលម្នាក់បានពន្យល់ថា ទូកចំនួន០២គ្រឿង ដែលអូសចាប់ត្រីនៅមុខជីហែរ ស្រុកកោះសូទិន ជាប្រភេទទូកអូសនាម នៅក្នុងច្បាប់គេមិនឲ្យប្រើប្រាស់ទូកចំនួន០២គ្រឿងទេ គឺអនុញ្ញាតឲ្យប្រើប្រាស់ទូកតែ០១គ្រឿងប៉ុណ្ណោះ ក្នុងរដូវបើកនេសាទចាប់ពីថ្ងៃទី០១ តុលា ២០១៩ ហើយប្រសិនបើប្រើប្រាស់ទូកដល់ទៅ០២គ្រឿង គឺខុសច្បាប់ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ