ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ចុះ​ហត្ថ​លេខា​​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​​គ្នា​ជាមួយ​មូលនិធិ គន្ធ​បុប្ផា​កម្ពុជា សម្រាប់​​កៀរគរ និង​ទទួល​វិភាគទាន​សប្បុរ​សធម៌

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​អង្គារ ៣​កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​០១ ខែ​តុលា…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​អង្គារ ៣​កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​០១ ខែ​តុលា ឆ្នាំ​២០១៩ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុកចិត្ត និង​ជា​ធនាគារពាណិជ្ជ​ឈានមុខ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ​ថា ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ស្តី​ពី​ការ​ប្រើប្រាស់​សេវាកម្ម​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី សម្រាប់​កៀរគរ​មូលនិធិ និង​ទទួល​វិភាគទាន​សប្បុរសធម៌ ជូន​មូលនិធិ គន្ធ​បុប្ផា កម្ពុជា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ជំទាវ ងួ​ន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជានា​យក​ប្រតិបត្តិ​មូល​និធិ​មន្ទីរពេទ្យ គន្ធ​បុ​ប្ឋា កម្ពុជា និង​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ។

បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា សុខមាលភាព​របស់​ប្រជាជន ជា​ពិសេស​កុមារ​ជា​គ្រឹះ​សំខាន់​ក្នុង​ការ​កសាង​កម្លាំង ពលកម្ម មាំ​មួន​ប្រកបដោយ​ចីរភាព ដែល​ជា​ចក្ខុវិស័យ​មួយ​របស់​រដ្ឋាភិបាល​។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បន្ត​គាំទ្រ​ជា​និច្ច និង​សហប្រតិបត្តិការ​ជាមួយ​មូលនិធិ គន្ធ​បុប្ផា កម្ពុជា ដើម្បី​សម្រេច​គោលដៅ​នេះ​។

ថ្ងៃនេះ ខ្ញុំបាទ មាន​កិត្តិយស​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​បង្ក​លទ្ធភាព​នៃ​ការ​ប្រមូល​វិភាគទាន សប្បុរសធម៌ ពី​សាធារណជន​តាម​រយៈ​សេវាកម្ម​ធនាគារ ជូន​ដល់​មូលនិធិ គន្ធ​បុប្ផា កម្ពុជា សំដៅ​រួមចំណែក​ផ្តល់​សេវា​ព្យាបាល​ដល់​កុមារ​កម្ពុជា​ទាំងអស់​ដែល​ជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​ប្រទេស​កម្ពុជា​។

អនុស្សរណៈ​យោគយល់​គ្នា​នេះ មាន​គោលបំណង ដើម្បី​សម្រួល​ដល់​សប្បុរសជន​ដែល​មាន​បំណង​ធ្វើការ​បរិ​ចា្ច​គ វិភាគទាន សប្បុរសធម៌ ដល់​មូលនិធិ គន្ធ​បុប្ផា កម្ពុជា នៅ​តាម​បញ្ជរ​ធនា​គារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ម៉ាស៊ីន​អេ​ធី​អឹ​ម និង​សេវា​ធនាគារ ឌី​ជី​ថ​ល (E-Banking and ACLEDA Unity ToanChet) របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ។

បណ្ឌិត អ៊ិ​ន ចាន់​នី បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បម្រើសេវា​ជូន​អតិថិជន ២៤​ម៉ោង​លើ​២៤​ម៉ោង និង​៧​ថ្ងៃ​ក្នុង​១​ស​ប្ដា​ហ៍ ជាមួយនឹង​ការ​ប្រើប្រាស់​សេវា​ធនា​គារ ពាណិជ្ជ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មាន​បម្រើសេវា​អេ​ស៊ី​លី​ដា យូ​នី​ធី​ទាន់ចិត្ត (ACLEDA Unity ToanChet) ជា​សេវា​ធនាគារ​តាម​រយៈ​ទូរស័ព្ទ​ចល័ត ដើម្បី​ផ្ទេរ​ប្រាក់ ទូទាត់ និង​ទិញ​ទំនិញ​គ្រប់​ទីកន្លែង តាម​រយៈ​ស្លាក​សញ្ញា អេ​ស៊ី​លី​ដា ឃ្យូ​អរ​កូដ ប្រកបដោយ​ភាព​ងាយ​ស្រួល រហ័ស​ទាន់ចិត្ត និង​មាន​សុវត្ថិភាព​ខ្ពស់​។

គិត​មក​ត្រឹម​ថ្ងៃនេះ មាន​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់ សេវា អេ​ស៊ី​លី​ដា យូ​នី​ធី​ទាន់ចិត្ត (ACLEDA Unity ToanChet) មាន​ចំនួន​ច្រើន​ជាង​១​លាន​នាក់ និង​ដៃគូ​មាន​ចំនួន​ច្រើន​ជាង​៨.៥០០ ។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ