ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ប្រុសស្រី​១​ក្រុម​ជិះ​ម៉ូតូ​ដេញ​តាម​វាយ​កម្ទេច​​កុងតឺន័រ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ត្រូវ​បាន​យុវជន​ប្រុស​ស្រី​មួយ​ក្រុម​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដេញ​តាម​ពីក្រោយ​ និង​វាយ​កម្ទេច​រថយន្ត​ បណ្តាល​ឲ្យ​រង​ការ​ខូចខាត បន្ទាប់​ពី​ភាគី​ខាង​យុវជនប្រុសស្រី​​មួយក្រុមនោះ​​អះអាង​ថា ​ភាគី​ខាងរថយន្តកុងតឺន័របើកជ្រេពេញផ្លូវ និង​យកកាំបិតរកកាប់ពួកគេទៀត ។ ចំណែកភាគី​ខាង​រថយន្ត​កុងតឺន័រ​បាន​អះអាង​ថា…

រាជធានីភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ត្រូវ​បាន​យុវជន​ប្រុស​ស្រី​មួយ​ក្រុម​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដេញ​តាម​ពីក្រោយ​ និង​វាយ​កម្ទេច​រថយន្ត​ បណ្តាល​ឲ្យ​រង​ការ​ខូចខាត បន្ទាប់​ពី​ភាគី​ខាង​យុវជនប្រុសស្រី​​មួយក្រុមនោះ​​អះអាង​ថា ​ភាគី​ខាងរថយន្តកុងតឺន័របើកជ្រេពេញផ្លូវ និង​យកកាំបិតរកកាប់ពួកគេទៀត ។ ចំណែកភាគី​ខាង​រថយន្ត​កុងតឺន័រ​បាន​អះអាង​ថា ពេលធ្វើដំណើរ​តាម​ផ្លូវ​ក៏​ជួបជាមួយ​​ភាគី​ខាងយុវជនប្រុសស្រីមួយ​ក្រុម​ខាងលើ​ បន្ទាប់មកក៏ចុចស៊ីផ្លេ ស្រាប់តែ​ត្រូវ​​ភាគី​ខាងយុវជន​ប្រុសស្រី​មួយក្រុម​នោះជេរ និង​ជិះម៉ូតូ​ដេញតាមវាយរថយន្ត​​តែម្តង ។​

ហេតុការណ៍​ខាងលើនេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩​ ត្រង់​ចំណុច​រង្វង់​មូល​កាំភ្លើង​កួច​កាណុង ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ភាគី​ខាង​យុវជន​ប្រុសស្រីមួយក្រុមខាងលើមិនត្រូវបានស្គាល់អត្ត​សញ្ញាណនោះទេ ។ ចំណែក​ភាគី​ខាង​​រថយន្ត​កុងតឺន័រ​​មួយគ្រឿង​ខាងលើ​ជិះគ្នា​៣នាក់​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ​៣A-៥១១៤ បើកបរដោយបុរសម្នាក់មិនស្គាល់​អត្ត​សញ្ញាណ រីឯ​បុរស២នាក់ទៀត​ជាព្រូ ក៏មិនស្គាល់អត្ត​សញ្ញាណដែរ ។​​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​៣នាក់​​ជិះក្នុង​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​យ៉ាង​លឿន​។ ស្រប​ពេល​នោះ​ដែរ គេ​ក៏​​ឃើញ​យុវជន​ប្រុស​ស្រី​មួយ​ក្រុម​មាន​គ្នា​ជាង​១០​នាក់​ជិះ​ម៉ូតូ​៧​ទៅ​៨​គ្រឿង​មិន​ចាំ​ម៉ាក ​ប្រដាប់​ដោយ​ដុំ​ថ្ម បាន​ជិះ​ដេញ​តាម​ពីក្រោយ​រថយន្ត​​កុងតឺន័រ​ខាងលើ​ក្នុង​ល្បឿន​យ៉ាង​លឿន​ ។

តាម​ប្រភពដដែលបានបន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ ​យុវជន​ប្រុស​ស្រី​មួយ​ក្រុម​នោះ​ក៏​បាន​យក​ដុំ​ថ្ម​គប់​បំបែក​កញ្ចក់​រថយន្ត​កុងតឺន័រ​ខាងលើ និង​វាយ​បំបែក​ចង្កៀង​រថយន្ត​ផ្នែក​ខាង​មុខ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ រួច​ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​កន្លែង​កើតហេតុ​ខាងលើ​រួម​ទាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។

តាមប្រភពដដែល​បាន​បន្ត​ថា ​យុវជន​ប្រុសស្រី​​​មួយក្រុម​ខាងលើ​ក៏​បាន​រៀបរាប់​ប្រាប់​អ្នក​នៅកន្លែងកើតហេតុ​អោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ រថយន្ត​កុងតឺន័រ​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះមក​ដល់​គីឡូ​លេខ​៩ ស្រាប់តែ​រថយន្ត​កុងតឺន័រ​ខាងលើ​បាន​បើក​ជ្រែ​ពេញ​ផ្លូវ​មិន​ព្រមអោយ​យានយន្ត​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​វ៉ា​ទៅ​មុន​នោះ​ទេ ថែម​ទាំង​បំរុង​បើក​កៀរ និង​បាន​ដក​កាំបិត​ផ្គាក់​មួយ​ដើម​រ​កកាប់​ពួក​គេ​ថែម​ទៀត​ផង ទើប​ធ្វើ​ឲ្យ​ពួក​គេ​ និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ នាំគ្នា​ជិះ​ដេញ​តាម​ពីក្រោយ​រថយន្ត​កុងតឺន័រ​ខាងលើ និង​បាន​​វាយ​កម្ទេច​រថយន្ត​កុងតឺន័រ​ខាងលើ​តែ​ម្តង​ទៅ​។

តាមប្រភពដដែលបាន​បន្តទៀត​ថា ក្រោយ​ពេល​រៀបរាប់​ប្រាប់​អ្នក​នៅ​ជុំវិញ​កន្លែង​កើតហេតុ​រួច​មក យុវជន​ប្រុស​ស្រី​មួយ​ក្រុម​ខាងលើ​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​ទៅបាត់​ស្រមោល ខណៈ​ពេល​​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​។

តាម​សម្តី​ពី​អ្នកបើកបរ​រថយន្ត​កុង​តី​ន័​របា​ន​រៀបរាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ​គាត់​​រួម​ទាំង​ព្រូ​ចំនួន​ពីរ​នាក់​ទៀត បាន​បើករថយន្ត​ដឹក​ទូ​​កុង​តី​ន័​រ​ចេញ​មក​ពី​ខេត្ត​ព្រះ​សីហ​នុ បំរុង​យក​ទៅ​ដាក់​​ក្នុង​រោងចក្រ​​មួយកន្លែង​នៅ​ម្តុំ​គីឡូ​លេខ​៦​។

តាម​ប្រភពដដែលបាន​បន្តថា ខណៈ​ពេល​​ពួក​គាត់​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ស្តុ​ប​កែង​នឹង​ផ្លូវ​៥៩៨ ក៏​បាន​ជួប​ជាមួយ​នឹង​យុវជន​ប្រុស​ស្រី​មួយ​ក្រុមខាងលើ ​បន្ទាប់មក​​ពួក​គាត់​ក៏​បាន​ចុច​ស៊ី​ផ្លេ​រថយន្ត​ ស្រាប់តែ​យុវជន​ប្រុស​ស្រី​មួយ​ក្រុម​ខាងលើនោះ​ស្រែក​ជេរ​ពួក​​គាត់​ថា​ «​ហ្អែង​ចុច​ស៊ី​ផ្លេ​រក​ម៉ែ​ហ្អែង​ស្អី​» និង​បាន​ជិះ​ម៉ូតូ​យក​ដុំ​ថ្ម​ដេញ​គប់​រថយន្ត​របស់​ពួក​គាត់​​ពីក្រោយ​រហូត​ បណ្តាល​ឲ្យ​អោយ​ពួក​​គាត់​ភ័យ​ស្លន់ស្លោ​ក៏​បើករថយន្ត​គេចរហូត​ដល់​ចំណុច​កើតហេតុ​ខាងលើ ត្រូវ​បាន​យុវជនប្រុសស្រី​​មួយ​ក្រុម​នោះ​នាំ​គ្នា​វាយ​កម្ទេច​រថយន្ត​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ដកហូត​កាំបិត​ផ្គាក់​មួយ​ដើម​ពី​បុរសជា​​ព្រូ​រថយន្ត​កុងតឺន័រ​ បន្ទាប់មក​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ណែនាំ​អប់រំ​​ដល់​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ រួច​ក៏​ឲ្យ​អ្នកបើកបរ​រថយន្ត​បន្តដំណើរ​ទៅ​មុខ​ទៀត និង​យក​​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​ឡើង​វិញ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ