ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរឃុំកោះថ្កូវ ស្រុកជលគីរី មានរៀបចំការប្រណាំងទូកចំនួន២៦ទូក មកពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ថ្ងៃបញ្ចប់ពិធិបុណ្យកាន់បិណ្យ និងភ្ជុំបិណ្យប្រពៃណីជាតិ ខេត្តកំពង់ឆ្នាំង ក្នុងឱកាសបញ្ចប់ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ក៏ដូចជាពិធីជូនដូនតាត្រឡប់ទៅវិញ ដែលជាប្រពៃណីបន្តពីបុរាណកាលមក នៅរសៀលថ្ងៃទី២៩ កញ្ញា ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមសប្បាយរីករាយ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។
ពិធីនេះ ស្ថិតក្រោមអធិបតីភាពលោក ស៊ុន សុវណ្ណរិទ្ឋ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកជំទាវ ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងក្រុមកីឡាករជាច្រើនរូបទៀត ។ នៅក្នុងនោះដែរ លោកស៊ុន សុវណ្ណារិទ្ធ បានមានប្រសាសន៍ថា ការរៀបចំប្រណាំងទូកមហាជននៅពេលនេះ ក្នុងគោលបំណងបង្ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងដើម្បីជូនដំណើរដល់ដូនតា បុព្វការីជនផង និងដើម្បីហាត់សម ត្រៀមលក្ខណៈទៅចូលរួមប្រណាំងក្នុងព្រះរាជពិធី បុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ នៅរាជធានីភ្នំពេញក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ ។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា យើងបានសប្បាយរីករាយក្នុងពេលបច្ចុប្បន្ននេះ គឺដោយសារប្រទេសជាតិរបស់យើងមានសុខសន្តិភាពពេញលេញ ។ បើយើងក្រឡេកមើលទៅក្រោយបន្តិច នៅកន្លែងដែលយើងកំពុងរៀបចំពីធីនៅពេលនេះ គឺជាកន្លែងសមរភូមិក្តៅ ប្រឈមមុខដាក់គ្នារវាងទ័ពខ្មែរក្រហម និងកងទព័របស់រាជរដ្ឋាភិបាល ។
ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រើនយោបាយ ឈ្នះ ឈ្នះ ទើបប្រទេសជាតិយើង បានបញ្ចប់សង្គ្រាមផ្ទៃក្នុង និងមានសន្តិភាពរហូតដល់សព្វថ្ងៃ ។
បច្ចុប្បន្ន ប្រទេសជាតិមិនត្រឹមតែមានសុខសន្តិភាពទេ គឺថែមទាំងមានការរីកចំរើនលើគ្រប់វិស័យ ទាំងសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម មិនតែប៉ុណ្ណោះដោយសារ ការទុកចិត្តពីក្រុមហ៊ុនបរទេស ទើបគេដាក់ទន់មករកស៊ីនៅប្រទេស កម្ពុជា ធ្វើអោយប្រទេសដែលទើបរួចផុតពីភ្លើងសង្គ្រាមមួយនេះ មានកំណើនសេដ្ឋកិច្ចខ្ពស់ត្រូវបាន បរទេសទទួលស្គាល់ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ