ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​មួយ​នៅ​ភូមិ​ដាច់​ស្រ​យ៉ា​ល​ក្រខ្សត់​ជាង​​គេ សូ​ម្បី​សាលាឆាន់​ក៏​មិន​ទាន់​មាន (​​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ វត្ត​មួយ​នៅ​ទិសពាយ័ព្យ​នៃ​ទី​រួម​ខេត្តបន្ទាយមានជ័យ ក្រខ្សត់​ជាងគេ សូ​ម្បី​សាលាឆាន់​ក៏​មិន​ទាន់​មាន ឯ​ព្រះសង្ឃ​មាន​តែ​3​អង្គ​ប៉ុណ្ណោះ​។ វត្ត​ខាងលើ​នេះ គឺ​វត្ត​គិរី​តេ​ជោ សែន ជ័យ…

ខេត្តបន្ទាយមានជ័យ ៖ វត្ត​មួយ​នៅ​ទិសពាយ័ព្យ​នៃ​ទី​រួម​ខេត្តបន្ទាយមានជ័យ ក្រខ្សត់​ជាងគេ សូ​ម្បី​សាលាឆាន់​ក៏​មិន​ទាន់​មាន ឯ​ព្រះសង្ឃ​មាន​តែ​3​អង្គ​ប៉ុណ្ណោះ​។ វត្ត​ខាងលើ​នេះ គឺ​វត្ត​គិរី​តេ​ជោ សែន ជ័យ ស្ថិត​នៅ​លើ​ភ្នំ​ដី​ឬ​ហៅ (​ភ្នំ​តែ​ហាំ​ង​) ស្ថិត​ក្នុងភូមិ​ចក់​ពួក ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក​។

វត្ត​នេះ មាន​ចម្ងាយ​ពី​ទី​រួម​ខេត្តបន្ទាយមានជ័យ​ប្រហែល​ជិត​60​គីឡូ​មែ​ត្រ​។ ដើម្បី​ទៅ​ដល់​វត្ត​ខាង​លើ ដំបូង​ធ្វើ​ដំណើ​ចេញពី​ទី​រួម​ខេត្តបន្ទាយមានជ័យ តាម​ដងផ្លូវ​ជាតិ​លេខ​5 លុះ​ទៅ​ដល់​ខាង​លិច​ផ្សារ​គត្ត​សត ប្រហែល​80​ម៉ែត្រ​បត់​ទៅ​ទិស​ខាងជើង​(​បត់​ស្តាំ​) តាម​ផ្លូវជាតិ​លេខ​258D នៅ​ពេល​ទៅ​ដល់​ចំណុច​រង្វង់​មូល​អូរ​បី​ជាន់ ស្ថិត​ក្នុងភូមិ និង​ឃុំ​អូរ​បី​ជាន់ បត់​ស្តាំ​ធ្វើ​ដំណើ​តាម​ដងផ្លូវ​ជាតិ​លេខ​58 លុះដល់​ចំណុច​ផ្លូវ​គម្រោង​បើក​ច្រក​ថ្មី​កម្ពុជា​-​ថៃ​បឹង​ស្នោរ​ណូ​ន​ម៉ាក់ មុន​បត់​ស្តាំ​តាម​ផ្លូវ​ក្រាល​ក្រួស​ក្រហម រហូត​ដល់​វត្ត​មួយ​នេះ​។

រីឯ​ផ្លូវ​មួយទៀត លោក​អ្នក​អាច​ធ្វើ​ដំណើ​តាម​ផ្លូវជាតិ​លេខ​5 ទៅ​ដល់​ចំណុច​រង្វង់​មូល​គ្រោង​បើក​ច្រក​អន្តរជាតិ​ថ្មី​ស្ទឹង​បត់​ណ​ង​អៀន ក្នុងភូមិ​និង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត បត់​ទៅ​ទិស​ខាងជើង​(​ខាងស្តាំ​) ឡើង​ទៅ​ផ្លូវជាតិ​លេខ​58 រហូត​ដល់​ផ្លូវ​គម្រោង​បើក​ច្រក​តំបន់​ថ្មី​បឹង​ស្នោរ​ណូ​ន​ម៉ាក់ មុន​ទើប​បត់​ស្តាំ​តាម​ផ្លូវ​ក្រួស​ក្រហម កាត់​ភូមិ​បឹង​ស្នោរ ទៅ​កាន់​វត្ត​ខាងលើ ក៏​បាន​។

បើ​តាម​ជួប​សម្ភាសន៍​ជាមួយ​អ្នកស្រុក​ប្រាប់​ថា វត្ត​នេះ​ក្រខ្សត់​ជាងគេ វត្ត​នេះ​កកើត​តាំងពី​ឆ្នាំ​2010 ហើយ​ថា អ្នក​ភូមិ​ភាគច្រើន​ជា​អ្នក​ក្រីក្រ ម្យ៉ាង​វត្ត​នេះ​ឆ្ងាយ​ដាច់​ស្រ​យ៉ា​ល​ពី​គេ​ទៀត ទើប​ជួប​នៅ​កង្វះខាត​យ៉ាង​ដូច្នេះ​។

បើ​តាម​ដូនជី​ចំណាស់​ម្នាក់​ដែល​ស្នាក់​នៅ​ក្នុង​វត្ត​គិរី​តេ​ជោ​សែន​ជ័យ ប្រាប់​ថា គាត់​ស្នាក់​នៅ​បំរើ​ការងារ​ក្នុង​វត្ត​នេះ​តាំងពី​ទើប​កកើត​ដំបូង​ម្ល៉េះ​។ ដូនជី​រូប​នេះ​ត្អូញត្អែ​ថា វត្ត​ខាងលើ​ខ្វះខាត​ខ្លាំង​ឈាបនដ្ឋាន​សម្រាប់​បូជាសព ក៏​មិន​ទាន់​មាន ព្រះ​វិហារ​ក៏​មិន​ទាន់​មាន ហើយ​សូ​ម្បី​តែ​សាលា​ឆាន់​នៅ​មេម៉ាយ ចាប់ផ្តើម​សាងសង់​បាន​តែ​ជើង​ក្រោ​តិចតួច​(​គ្រិះ​) ប៉ុណ្ណោះ​។

ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ភាព​ក្រខ្សត់​របស់​វត្ត​ខាងលើ ភ្នាក់ងារ​កោះសន្តិភាព​បាន​ចុះ​ទៅ​ដល់​ទី​តាំង​កើតហេតុ ប៉ុន្តែ​មិន​អាច​សុំ​ជួប​ព្រះ​គ្រូ​ចៅអធិការ​វត្ត​គិរី​តេ​ជោ​សែន​ជ័យ ព្រះ​នាម សួ​ស ពៅ ព្រះ​ជន្មាយុ​32​ព្រះ​វស្សា​បាន​ទេ ដោយ​នេន​ៗ​តូច​2​អង្គ ក៏​ដូច​ជា​ដូនជី​ចំណាស់​នៅ​ទីនោះ មាន​ពុទ្ធដីកា និង​ប្រាប់​ថា ចៅអធិការ​វត្ត​រវល់​ទៅ​ចូលរួម​ប្រជុំ​។

ចំណែក​លោក​ឆាយ សុ​ផៃ មេ​ភូមិ​ចក់​ពួក ប្រាប់​កោះសន្តិភាព​ថា វត្ត​ខាងលើ​មាន​ទំហំ​17000​ម៉ែត្រការ៉េ (​មួយ​ម៉ឺន​ប្រាំពីរ​ពាន់​ម៉ែត្រការ៉េ​)​។ លោក​មេ​ភូមិ​បញ្ជាក់​ថា វត្ត​នេះ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​ពី​ក្រសួង និង​មន្ទីរ​ធម្មការ​។ ហើយ​បច្ចុប្បន្ន​មាន​ព្រះសង្ឃ​គង់នៅ​3​អង្គ គ្រាន់​ជាង​ពី​មុន​មាន​តែ​ចៅអធិការ​វត្ត​1​អង្គ​គត់​។

លោក​មេ​ភូមិ​ប្រាប់​ថា ពលរដ្ឋ​ក្នុងភូមិ​របស់​លោក​មាន​ច្រើន​គួរសម គឺ​185​គ្រួសារ មនុស្ស​រាយ​ជិត​700​នាក់ ប៉ុន្តែ​ដោយសា​វត្ត​នេះ​នៅ​ដាច់​ស្រ​យ៉ា​ល ហើយ​អ្នក​ភូមិ​ភាគច្រើន​ក្រីក្រ​រស់​អាស្រ័យ​ទៅ​ធ្វើការ​ស៊ីឈ្នួល​គេ​លើ​ដី​ថៃ​ព្រឹក​វិល​ល្ងាច ទើប​វត្ត​នេះ​ជួប​កង្វះខាត​រហូត​មក​។

អ្នក​ភូមិ ក៏​ដូច​ជា​អាជ្ញាធរ​បាន​អំពាវនាវ​រក​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស មេត្តា​ជួយ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​វត្ត​មួយ​នេះ មាន​ព្រះ​វិហារ ក៏​ដូច​ជា​សាលាឆាន់​ស្អាត​ល្អ​ផង ព្រោះ​ដើម្បី​លើកតម្កើង​វិស័យ​ព្រះពុទ្ធ​សាសនា​របស់​យើង​គ្រប់​គ្នា​។

កោះសន្តិភាព​បាន​ព្យាយាម​ទាក់ទង​ទៅ​លោក យ៉ិ​ន យឿ​ន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ដើម្បី​ចង់​ដឹង​ថា តើ​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​វត្ត​ប៉ុន្មាន? ក៏​ដូច​ជា​ចង់​ដឹង​ពី​មូលហេតុ​ផ្សេង​ៗ​ទៀត តែ​មិន​អាច​ទាក់ទង​បាន ដោយសារ​ទូរស័ព្ទ​របស់​លោក​ចុច​ចូល​ជា​ច្រើ​ដង តែ​គ្មាន​អ្នក​ទទួល​។

គួរ​បញ្ជាក់​ថា បរិវេណ​វត្ត​គិរី​តេ​ជោ​សែន​ជ័យ ស្ថិត​លើ​កូនភ្នំ​មួយ ដែល​មាន​បរិយាកាស​ល្អ គឺ​ខ្យល់​បក់​រំភើយ​ៗ​តែ​ម្តង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ