ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យបង្អែកអង្គរជុំ…ត្រូវអាជ្ញាធរ​ជម្លៀសអ្នកជំងឺចេញ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អ្នកជំងឺ​ក្មេង​ចាស់​ប្រុស​ស្រីជាង​៤០​នាក់ ត្រូវ​បាន​អាជ្ញាធរ​និង​គ្រូពេទ្យ​ជម្លៀស​ចេញពី​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គរជុំ មក​កាន់មន្ទីរពេទ្យ​ស្រុក​ពួក បន្ទាប់​ពី​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ចូល​ដល់​ក្នុង​មន្ទីរពេទ្យ ។ គ្រូពេទ្យ​ស្រុក​អង្គរជុំ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​សម្រេច​ជម្លៀស​អ្នកជំងឺ​ចេញ​នេះ​ព្រោះ ៖…

ខេត្តសៀមរាប ៖ អ្នកជំងឺ​ក្មេង​ចាស់​ប្រុស​ស្រីជាង​៤០​នាក់ ត្រូវ​បាន​អាជ្ញាធរ​និង​គ្រូពេទ្យ​ជម្លៀស​ចេញពី​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គរជុំ មក​កាន់មន្ទីរពេទ្យ​ស្រុក​ពួក បន្ទាប់​ពី​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ចូល​ដល់​ក្នុង​មន្ទីរពេទ្យ ។

គ្រូពេទ្យ​ស្រុក​អង្គរជុំ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​សម្រេច​ជម្លៀស​អ្នកជំងឺ​ចេញ​នេះ​ព្រោះ ៖
ទី​១-​ខ្លាចក្រែង​ឆ្លង​ចរន្តអគ្គិសនី​បង្ក​គ្រោះថ្នាក់​ព្រោះ​ទឹក​លិច​ព្រី​ភ្លើង
ទី​២-​ការ​ដែល​ទឹក​កខ្វក់​ចូល​ដល់​កន្លែង​សម្រាក​ព្យាបាល គឺ​អាច​ងាយ​ឆ្លង​ជំងឺ​ពី​មួយ​ទៅ​មួយ​គ្រប់​ប្រភេទ និងទី​​៣-​ប្រសិនបើ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់ អាច​បង្កគ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ ឬ​អាច​ក្រុម​គ្រូពេទ្យ​​ពិបាក​ក្នុង​ការ​ពិនិត្យ​និង​ព្យាបាល ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​អង្គរជុំ មាន​ភ្លៀង​ធ្លាក់​ស្ទើរតែ​ទូ​ទាំង​ស្រុក ហើយ​មណ្ឌលសុខភាព​គឺ​បាន​ជន់​លិច​ចំនួន​៤ និង​មន្ទីរពេទ្យ​បង្អែក​គឺ​លិច​ទាំងស្រុង និង​មិន​ធ្លាប់​មាន​ទេនា​ពេល​កន្លង​មក ។ ដោយសារ​បែប​​នេះ អ្នកជំងឺ​ដែល​បាន​ជម្លៀស​ចេញ ត្រូវ​បាន​ដឹក​ជញ្ជូន​ដោយ​រថយន្ត​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក យក
ទៅ​រក​ទីទួល​មាន​សុវត្ថិភាព ។

ចំពោះ​វិធានការយ៉ាងណា​បន្ត​ទៀត​នោះ ភ្នាក់ងារ​កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក គ្រុស សា​រ៉ាត់ ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែកញ្ញា ដោយសារ​ទូរស័ព្ទ​របស់​លោក​ស្ថិត​នៅ​ក្រៅ​តំបន់​សេវា ។ រីឯ​លោក ប៉ែន ផលគុណ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក៏​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​អំពី​ចំណាត់ការ​បន្ត​បាន​ដែរ ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​ការ​ឆ្លើយ​តប ។

ជុំវិញ​ព័ត៌មាន​នេះ​ដែរ លោក លុក ផុស អភិបាល​ស្រុក​អង្គរជុំ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែកញ្ញា អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គរជុំ ត្រូវ​បាន​ជម្លៀស​ចេញពី​ក្នុង​មន្ទីរពេទ្យ​អស់ហើយ​។ បច្ចុប្បន្ន មន្ទីរពេទ្យ​នេះ​បាន​បិទ​ជា​បណ្ដោះអាសន្ន​សិន ដោយសារ​ខ្លាច​ឆ្លងភ្លើង​ឆក់​អ្នកជំងឺ ។ លោក​អភិបាលស្រុក​បន្ត​ថា ជំនន់​ទឹកភ្លៀង​បាន​លិចលង់​ស្ទើរ​គ្រប់​ឃុំ​នៃ​ស្រុក​អង្គរជុំ ហើយអាជ្ញាធរ​នៅ​មិន​ទាន់​ទទួល​បាន​របាយការណ៍​ពី​តាម​មូលដ្ឋាន​នៅឡើយ​ទេ ។

លោក ម៉ក់ សំ​អឿ​ន ប្រធាន​ការិយាល័យ​សុខាភិ​បាល​​ស្រុក​ប្រតិបត្តិ​អង្គរជុំ បាន​ថ្លែង​ថា មាន​អ្នកជំងឺ​ធ្ងន់​៦​នាក់​ក្នុង​ចំណោម​អ្នកជំងឺ​៤៣​នាក់​បាន​សម្រេច​ចិត្ដ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពួក ។ ចំណែក​៣៧​នាក់​ទៀត​បាន​វិល​ទៅ​ផ្ទះ ក្នុង​នោះ​មាន​ជាង​១០​នាក់ ពួក​គាត់​ទៅ​សម្រាក​ព្យាបាល​ដោយ​ពេទ្យ​នៅ​តាម​ភូមិ ។

លោក ម៉ក់ សំ​អឿ​ន បន្ត​ថា មណ្ឌល​សុខភាព​ចំនួន​៤​កន្លែង​បាន​លិចលង់​មាន មណ្ឌល​សុខភាព​គោល មណ្ឌល​សុខភាព​បត់ មណ្ឌល​សុខភាពវ៉ា​រិ​ន និង​មណ្ឌល​សុខភាព​ចារ​ឈូក ។លោក​បញ្ជាក់​ថា ដោយសារ​ជំនន់​ទឹកភ្លៀង​ដ៏​គំហុក​នេះ អាច​មាន​មណ្ឌល​សុខភាព​មួយ​ចំនួន​ទៀត​ប្រឈម​នឹង​ការ​លិច​ដូច​គ្នា ប្រសិនបើ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​នោះ ៕ ​

អត្ថបទសរសេរ ដោយ