ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ព្រះ​អង្គ​ដង​កើ ទី​សក្ការៈ​ពេញ​និយម​​នៅ​ភ្នំពេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​អ្នក​ពិតជា​ធ្លាប់​បានឃើញ​ព្រះ​អង្គ​ដង​កើ នៅ​ខាង​មុខ​ព្រះ​បរមរាជវាំង ជាប់​ដង​ទន្លេសាប ឬ​ក៏​ធ្លាប់​ចូល​ទៅ​អុជ​ធូប​បួងសួង បន់ស្រន់ ប៉ុន្តែ​លោក​អ្នក​ប្រហែលជា​ពុំ​បានដឹង​ពី​ប្រវត្តិ​នៃ​ទី​សក្ការៈ​នោះ​ទេ ។ តើ​ព្រះ​អង្គ​ដង​កើ​មាន​ប្រវត្តិ​បែប​ណា ?…

រាជធានី​ភ្នំពេញ​៖ លោក​អ្នក​ពិតជា​ធ្លាប់​បានឃើញ​ព្រះ​អង្គ​ដង​កើ នៅ​ខាង​មុខ​ព្រះ​បរមរាជវាំង ជាប់​ដង​ទន្លេសាប ឬ​ក៏​ធ្លាប់​ចូល​ទៅ​អុជ​ធូប​បួងសួង បន់ស្រន់ ប៉ុន្តែ​លោក​អ្នក​ប្រហែលជា​ពុំ​បានដឹង​ពី​ប្រវត្តិ​នៃ​ទី​សក្ការៈ​នោះ​ទេ ។

តើ​ព្រះ​អង្គ​ដង​កើ​មាន​ប្រវត្តិ​បែប​ណា ?
លោកតា​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ ទីប្រឹក្សា​ក្រុម​ប្រជុំ​ទំនៀមទម្លាប់​ខ្មែរ​នៅ​ពុទ្ធ​សាសន បណ្ឌិត្យ (​គាត់​​បាន​ទទួលមរណភាព​ទៅ​ហើយ​)​ធ្លាប់​បាន​និទាន​ឱ្យ​ដឹង​ថា តាម ចាស់​ៗ​ពី​ជំនាន់​មុន​បាន​និយាយ ត​ៗ​គ្នា​ថា ក្នុង​សម័យ​ព្រះបាទ នរោត្តម សីហ​នុ នៅ​ពេល​ព្រះ​អង្គ​មិន​គង់នៅ​ក្នុង​ព្រះ​បរម​រាជវាំង គេ​ក៏​លើក​ទង់ជាតិ​ឡើង​ដើម្បី​ជា​សញ្ញា​សម្គាល់ថា ព្រះរាជា​មិន​គង់នៅ​ក្នុង​ព្រះ​បរមរាជ​វាំង​ទេ ។ ក្រោយមក​ប្រជាជន​ខ្មែរ​យើង​នាំ​គ្នា​ហៅ​ដងទង់​ជាតិ​នេះ​ថា «​ដង​កើ​» ។

ក្នុង​សម័យ​ដដែល​នោះ​ប្រជាជន​ខ្មែរ​យើង​មាន​ជំនឿ​ថា មាន​អ្នកតា​ចូល​សណ្ឋិត​នៅ​ដងទង់​ជាតិ ឬ​ក៏​ដង​កើ ហើយ​នាំ​គ្នា​សាងសង់​ព្រះ​វិហារ និង​មាន​រូបសំណាក​ជា​តំណាង​ដង​កើ ដោយ​នាំ​គ្នា​ហៅ​ថា «​ព្រះ​អង្គ​ដង​កើ​» ។

ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ បន្ត​ថា តាំងពី​ពេល​នោះ​មក​មហាជន​តែងតែ​ទៅ​បែ​បន់​សុំ​លាភសក្ការៈ សុំ​កូន និង​បួងសួង ផ្សេង​ៗ​តាម​ជំនឿ​របស់​ខ្លួន ដោយ​មាន​លេងភ្លេង​ពិណពាទ្យ និង​ជាវ​ផ្កាឈូក ស្លាធម៌ ដាក់​ថ្វាយ​ព្រះ​អង្គ​ដង​កើ ។ មាន​អ្នកខ្លះ​បែ​បន់​សុំ​បាន​សម្រេច អ្នកខ្លះ​សុំ​មិន​បាន​សម្រេច​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

បច្ចុប្បន្ន​ព្រះ​អង្គ​ដង​កើ​ត្រូវ​គេ​ចាត់​ទុក​ថា ជា​អ្នកតា​ដ៏​ធំ​ជាងគេ បន្ទាប់​ពី​អ្នកតា​ឃ្លាំងមឿង ។ ចំពោះ​ប្រវត្តិ​ព្រះ​អង្គ​ដង​កើ​នេះ មិន​មាន​សៀវភៅ​ណា​សរសេរ​រក្សា​ទុក​ទេ គ្រាន់តែ​ជា​សាច់​រឿង​ដែល ចាស់​ៗ​និយាយ ត​ៗ​គ្នា​ប៉ុណ្ណោះ ។

ជា​រៀងរាល់ថ្ងៃ​សីល ឬ​ថ្ងៃពេញបូណ៌មី មាន​មនុស្ស​ទៅ​បែ​បន់​រាប់រយ​នាក់ ជា​ពិសេស​ចាប់ពី​ម៉ោង​៣​រសៀល​មនុស្ស​ម្នា​ច្រើន ស្ទើរ​រក​កន្លែង​អុជ​ធូប​មិន​បាន ។ អ្នក​ទៅ​បន់ស្រន់​ពី​គ្រប់​ទិស​ទី មិន​ថា​តែ​អ្នក​ភ្នំពេញ​ទេ គឺ​មាន​ទាំង​អ្នក​ស្កាត់​ពី​បណ្ដា​ខេត្ត​ផង ។

មហាជន​ទៅ​អុជ​ធូប​បែ​បន់ បួងសួង​សុំ​សេចក្តីសុខ ប្រកប​របរ​បាន​កាក់កប និង តាម​ក្ដី​ប្រាថ្នា ផ្សេង​ៗ ។ អ្នកខ្លះ​ទិញ​ស្លាធម៌ ផ្កាឈូក ​ចេក និង​តង្វាយ ផ្សេង​ៗ ដាក់​ថ្វាយ​ដល់​ព្រះ​អង្គ​ដង​កើ។ ជា​ពិសេស​មានការ​ថ្វាយ​បទ​ភ្លេងពិណពាទ្យ លែង​សត្វ ដូច​ជា អណ្តើក បក្សី ឬ​ត្រី ឱ្យ​រួច​ផុត​ពី​សេចក្តីស្លាប់​នៅ​ខាង​មុខ​ព្រះ​អង្គ​ដង​កើ​ទៀត​ផង ។

ពី​ខេត្តកំពត ស្ត្រី​ឈ្មោះ​ជី ណា អាយុ​៥២​ឆ្នាំ បាន​ទៅ​បន់ស្រន់ និង​លែង​ចាប​នៅ​ព្រះ​អង្គ​ដង​កើ ប្រាថ្នា​សុំ​សេចក្តីសុខ​ដល់​ក្រុម​គ្រួសារ​គាត់ ព្រោះ​ជួប​រឿង​ឧបទ្រព​ច្រើន​លើក​មក​ហើយ ។ នា​ពេល ថ្មី​ៗ​នេះ​គាត់​និយាយ​ថា​«​ខ្ញុំ​អុជ​ធូប​សុំ​សេចក្តីសុខ​ពី​ព្រះ​អង្គ​ដង​កើ ព្រោះ​ខ្ញុំ​ជឿ​ថា​ព្រះ​អង្គ​ដង​កើ មាន​រឹទ្ធិ​បារមី​សក្ដិ​សិទ្ធិ​»​។

ក្រុម​គ្រួសារ​មួយ​មាន​ម្ដាយ​ចាស់ និង​កូនស្រី​២​នាក់​វ័យ​ជាង​២០​ឆ្នាំ​បាន​ជួល​ក្រុម​ភ្លេងពិណពាទ្យ​លេង​ថ្វាយ​ដល់​ព្រះ​អង្គ​ដង​កើ ។ កាលពីមុន​ពួក​គាត់​បាន​បន់ស្រន់ ហើយដោយ​ភាព​សក្ដិ​សិទ្ធ​ទើប​ជួល​ក្រុម​ភ្លេងពិណពាទ្យ​លេង​ថ្វាយ​ព្រះ​អង្គ​ដង​កើ​ជា​ការ​លាបំណន់ ។ នៅ​ព្រះ​អង្គ​ដង​កើ មាន​អ្នកលក់​ផ្កាឈូក និង​ស្លាធម៌​ច្រើន សម្រាប់​បំពេញតម្រូវការ​អ្នក​ទៅ​បែ​បន់ បួងសួង ឬ​លាបំណន់ ។

អ្នកលក់​ផ្កា និង​ស្លាធម៌ ម្នាក់​ៗ​មមាញឹក​ណាស់ ព្រោះ​មាន​អ្នក​ចូល​ទិញ​ច្រើន ។ ស្ត្រី​ចំណាស់​ម្នាក់​ដែល​ជា​អ្នក​ធ្វើ​ស្លាធម៌​លក់ រៀបរាប់​ឲ្យ​ដឹង​ថា ឱ្យ​តែ​ថ្ងៃសីល ឬ​ថ្ងៃពេញបូណ៌មី គាត់​លក់ដាច់​ណាស់ ហើយ​អ្នក​ផ្សេង​ទៀត​ក៏​ដូច​គ្នា​ដែរ ។ នេះ​ជា​របរ​ជាប់លាប់​ប្រចាំ​ថ្ងៃ​ដែល​ពួក​គាត​អាច​ដោះ​ស្រាយ​ជីវភាព​គ្រួ​សារបាន ថ្វីបើ​មិន​ធូរធារ​ក្ដី ។

ពួក​អ្នក​លក់ដូរ​នៅ​ទីនោះ​ទាំង​ចាស់ ទាំង​ក្មេង គិតតែ​ពី​រឿង​លក់ដូរ​ឲ្យ​ដាច់ ហៅភ្ញៀវ​បាន​ច្រើន​ប៉ុណ្ណោះ មិន​ខ្វល់​ថា​ព្រះ​អង្គ​ដង​កើ​មាន​ប្រវត្តិ​បែប​ណា​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ