ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ខំចិត្ត​ជម្លៀស​អ្នកជំងឺ​ចេញ ខណៈ​ជំនន់​ទឹកភ្លៀង​វាយប្រហារ​មន្ទីរពេទ្យ​បង្អែក​ស្រុក

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អ្នកជំងឺ​ស្រី​ប្រុស​ចាស់​ក្មេង​ប្រមាណ​ជា​ជាង​៤០​នាក់ ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ចេញពី​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គរជុំ មក​កាន់​មន្ទីរពេទ្យ​ស្រុក​ពួក បន្ទាប់​ពី​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ចូល​ក្នុង​មន្ទីរពេទ្យ​។ មន្ត្រី​នៃ​មន្ទីរពេទ្យ​ស្រុក​អង្គរជុំ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​សម្រេច​ជម្លៀស​អ្នកជំងឺ​ចេញ​បែប​នេះ ព្រោះតែ ទី​១-​ខ្លាចក្រែង​ឆ្លង​ចរន្តអគ្គិសនី​បង្ក​គ្រោះថ្នាក់​ព្រោះ​ទឹក​លិច​ព្រី​ភ្លើង…

ខេត្តសៀមរាប ៖ អ្នកជំងឺ​ស្រី​ប្រុស​ចាស់​ក្មេង​ប្រមាណ​ជា​ជាង​៤០​នាក់ ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ចេញពី​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គរជុំ មក​កាន់​មន្ទីរពេទ្យ​ស្រុក​ពួក បន្ទាប់​ពី​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ចូល​ក្នុង​មន្ទីរពេទ្យ​។

មន្ត្រី​នៃ​មន្ទីរពេទ្យ​ស្រុក​អង្គរជុំ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​សម្រេច​ជម្លៀស​អ្នកជំងឺ​ចេញ​បែប​នេះ ព្រោះតែ ទី​១-​ខ្លាចក្រែង​ឆ្លង​ចរន្តអគ្គិសនី​បង្ក​គ្រោះថ្នាក់​ព្រោះ​ទឹក​លិច​ព្រី​ភ្លើង ទី​២-​ការ​ដែល​មានទឹក​កខ្វក់​ចូល​ដល់​កន្លែង​អ្នកជំងឺ​សម្រាក​ព្យាបាល គឺ​អាច​ងាយ​ឆ្លង​ជំងឺ​ពី​មួយ​ទៅ​មួយ​គ្រប់​ប្រភេទ និង​ទី​៣-​ប្រសិនបើ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់ អាច​បង្ក​ជា​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ ឬ​ក្រុម​គ្រូពេទ្យ​ពិបាក​ក្នុង​ការ​ពិនិត្យ និង​ព្យាបាល​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ក្នុងស្រុក​អង្គរជុំ ជំនន់​ទឹកភ្លៀង​បាន​វាយប្រហារ​ស្ទើរតែ​ទូ​ទាំង​ស្រុក និង​បណ្តាល​ឱ្យ​មណ្ឌល​សុខភាព​បាន​លិចលង់​ចំនួន​៤ និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ទាំងស្រុង​ផង​ដែរ ។ ចំណែក​អ្នកជំងឺ​ដែល​បាន​ជម្លៀស​ចេញ គឺ​ដឹក​ជញ្ជូន​ដោយ​រថយន្ត​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​យក​ទៅ​​កាន់​​កន្លែង​​មាន​សុវត្ថិភាព​។

ចំពោះ​វិធានការ​យ៉ាងណា​ជា​បន្ត​ទៅ​ទៀត​នោះ ភ្នាក់ងារ​កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី លោក​គ្រុស សា​រ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៤ ​ខែកញ្ញា ឆ្នាំ​២០១៩ នេះ ។ រីឯ​លោក ប៉ែន ផលគុណ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ក៏​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​អំពី​ចំណាត់ការ​ជា​បន្ត​បាន​ដែរ ដោយ​ទូរស័ព្ទ​ចូល តែ​គ្មាន​ការ​ឆ្លើយ​តប​។

ជុំវិញ​ហេតុការណ៍​ខាងលើ​នេះ​ដែរ លោក​លុក ផុស អភិបាលស្រុក​អង្គរជុំ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែកញ្ញា​ឆ្នាំ ២០១៩​នេះ​ថា នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គរជុំ អាជ្ញាធរ បាន​ជម្លៀស​អ្នកជំងឺ​ចេញពី​ក្នុង​មន្ទីរពេទ្យ​បង្អែក​អស់ហើយ​។ បច្ចុប្បន្ន​មន្ទីរពេទ្យ​បង្អែក​នេះ​បាន​បិទ​ជា​បណ្ដោះអាសន្ន​សិន ដោយសារ​ខ្លាច​បង្ក​គ្រោះថ្នាក់​ផ្សេង​ៗ​ដល់​អ្នកជំងឺ​។ លោក​បន្ត​ថា ជំនន់​ទឹកភ្លៀង​នេះ​បាន​លិចលង់​ស្ទើរ​គ្រប់​ឃុំ នៃ​ស្រុក​អង្គរជុំ ហើយ​អាជ្ញាធរ​នៅ​មិន ទាន់​ទទួល​បាន​របាយការណ៍​តាម​មូលដ្ឋាន​នៅឡើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ