ក្រុងហុងកុង ៖ ប៉ូលិសបានបាញ់គ្រាប់កៅស៊ូកាលពីថ្ងៃ២២កញ្ញា ក្នុងការប៉ះទង្គិចគ្នានៅហុងកុងជាមួយពួកបាតុករស្និទ្ធលទ្ធិប្រជាធិបតេយ្យ នៅជិតមជ្ឈមណ្ឌលពាណិជ្ជកម្មមួយដែលពួកគេលុកចូលអុកឡុក ចំណែកសកម្មភាពមួយទៀតរបស់ពួកគេចង់រាំងខ្ទប់ព្រលានយន្តហោះត្រូវបរាជ័យ។
ថ្ងៃអាទិត្យទី២២កញ្ញាជាចុងសប្ដាហ៍ទី១៦នៃការប្រមូលផ្ដុំអ្នកតវ៉ា ច្រើនពាន់នាក់ ធ្វើបាតុកម្មដោយសន្តិវិធី ក្នុងមជ្ឈមណ្ឌលពាណិជ្ចកម្មមួយស្ថិតនៅSHA TIN ភាគខាងជើងអតីតដែនដីអាណានិគមអង់គ្លេស។ នៅទីនោះពួកបាតុករបាននាំគ្នាច្រៀង។ ពួកបាតុករនិយាយថា ទោះបីជាពួកគេមានការហត់នឿយ តែពួកគេមិនអាចបោះបង់ចោលសិទ្ធិពួកគេឡើយ។ ប្រសិនបើចលនានេះមានរយៈពេល១០០ថ្ងៃឬ២០០ថ្ងៃរហូតដល់១០០០ថ្ងៃ ហើយយើងនៅតែពុំទទួលបានបណ្ដាការទាមទាររបស់យើង នោះយើងនឹងបន្តបាតុកម្មទៀត។
សភាពការណ៍ចាប់ផ្ដើមតានតឹងនាវេលារសៀល ពេលពួកបាតុករបិទមុខស្ថិតក្នុងក្រុមរ៉ាឌីកាល់តូចៗ បានដកយកទង់ជាតិចិនមួយដែលដោតនៅមុខអគាររដ្ឋាភិបាលមួយ យកទៅបោះចោលក្នុងស្ទឹង។ ពួករ៉ាឌីកាល់ទាំងនោះបន្ទាប់មកបានវាយកម្ទេចម៉ាសីុនលក់សំបុត្រជិះមេត្រូ ក្នុងស្ថានីយមេត្រូមួយនៅSHA TIN។ ប៉ូលិសបានធ្វើអន្តរាគមន៍ដោយបិទច្រកចូលនានា។ រួចនាវេលាល្ងាចការប៉ះទង្គិចគ្នានានា បានផ្ទុះឡើងនៅខាងក្រៅមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ រវាងពួកបាតុករច្រើនសិបនាក់និងកងកម្លាំងប៉ូលិសដែលប្រើក្នុងរយៈពេលខ្លី គ្រាប់កៅស៊ូនិងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកបាតុករ។
ប៉ូលិសបានចាប់ខ្លួនមនុស្សជាច្រើននាក់ ហើយធ្វើអន្តរាគមន៍ ពេលរថយន្តរបស់សមាជិករដ្ឋាភិបាលហុងកុងម្នាក់ បានត្រូវពួកបាតុករដែលមានកំហឹងនាំគ្នាឡោមព័ទ្ធ។ រូបភាពវីដេអូមួយដែលផ្សាយតាមអ៊ីនធឺណេត គេអាចឃើញមនុស្សទាំងនេះនាំគ្នារត់គេចខ្លួនភ្លាមៗពេលប៉ូលិសលើកមកដល់។
ម្យ៉ាងទៀតចលនាតវ៉ាបានប្រើសារអំពាវនាវឲ្យពួកបាតុករលើកគ្នា សាកល្បងសមត្ថភាពរាំងខ្ទប់ព្រលានយន្តហោះ ធ្វើឲ្យស្ទះការដឹកជញ្ជូនតាមផ្លូវដែកនិងផ្លូវថ្នល់ ដោយកាន់កាប់ទីតាំងនានា។ ដើម្បីចៀសវាងកុំឲ្យពួកបាតុករលើកគ្នាបានមកច្រើន ចូលអុកឡុកព្រលានយន្តហោះ។
ចរាចរណ៍តាមរថភ្លើងនិងចរាចរណ៍ផ្លូវថ្នល់ ត្រូវបានកាត់បន្ថយក្នុងតំបន់នោះ ហើយការត្រួតពិនិត្យរបស់ប៉ូលិសត្រូវបានពង្រឹង។ ព្រលានយន្តហោះអន្តរជាតិហុងកុង ធ្លាប់ជាគោលដៅអុកឡុករបស់ពួកបាតុកររួចហើយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ