ដើម្បីស្រាយចម្ងល់ព្រះមហា ឯក ចិន្តា បានមានថេរដីកាថា ចំពោះការធ្វើបុណ្យដាក់បិណ្ឌឲ្យបាន៧វត្ត ខ្លាចដូនតាស្វែងមិនឃើញហើយដាក់បណ្តាសានេះ គឺជាជំនឿក្រៅតម្រាដែលកើតមានតៗគ្នាជាយូរមកហើយ មិនមានលក្ខណៈពិតខាងផ្លូវសាសនាទេ ។
រឿងនេះជាការប្រឌិតឡើងសម្រាប់ជាការបន្លាចឲ្យមានការភ័យខ្លាច ហើយនាំគ្នាទៅធ្វើបុណ្យក៏ថាបាន ប៉ុន្តែរឿងពិតជាក់ស្តែងនោះគឺវាមានរឿងពិតរបស់វា បើទោះបីជាមិនបានធ្វើបុណ្យឲ្យបានគ្រប់៧វត្តនោះក៏មិនមែនជាទោសកំហុសអ្វីនោះដែរ ។ ក្នុងខែមន្តសន្តរដូវគឺយើងត្រូវតែទៅវត្តធ្វើបុណ្យ ទោះបីជាធ្វើបានកម្រិតណា ប៉ុន្មានវត្តនោះគឺជាការធ្វើទៅតាមលទ្ធភាពដែលខ្លួនមាន ប៉ុន្តែបើយើងអាចមានលទ្ធភាពធ្វើបានដល់ទៅ៧វត្តនោះក៏វារឹតតែប្រសើរពេកហើយ ។
ព្រះមហាបានបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះគឺនៅតែគ្មានឯកសារ ឬគម្ពីរក្បួនច្បាប់ណាមួយដែលបានចងក្រង និងអំណះអំណាងថា ត្រូវតែធ្វើបុណ្យឲ្យបាន៧វត្តនៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌចូលមកដល់នោះឡើយ គឺការធ្វើបុណ្យនេះគឺតាមសទ្ធាជ្រះថ្លា ទៅតាមលទ្ធភាពដែលខ្លួនមានប៉ុណ្ណោះ ។
ពុទ្ធបរិស័ទរូបណាដែលមានធនធាន និងមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន តែងតែនាំគ្នាទៅធ្វើបុណ្យដាក់បាត្រនៅទីវត្តអារាម ឆ្ងាយៗ ឬនៅវត្តដែលមានការខ្វះខាតខ្លាំង ជាជាងនៅតាមវត្តដែលមានពុទ្ធបរិស័ទសម្រុកទៅច្រើន ហើយមានចង្ហាន់គ្រប់គ្រាន់នោះ ។ ពួកគេហាក់មានសទ្ធាជ្រះថ្លាក្នុងសកម្មភាពធ្វើបុណ្យទានបែបនេះ បើទោះបីជាត្រូវធ្វើដំណើរឆ្ងាយ ឬមានការលំបាកខ្លះក្ដី នេះលោកចាត់ថា ជាភក្តីភាពរបស់សប្បុរស ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ