ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​​សហាយស្មន់​! ហៅ​ទៅ​វត្ត​ស្បថ​មិន​អស់ចិត្ត ដេញ​បុក​សម្លា.ប់​ចោល

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​ករណី​គំរាមកំហែង​ថា «​នឹង​សម្លាប់​» ដោយ​បើករថយន្ត​ដេញ​បុក​បុរស​ម្នាក់​ទៀត…

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​ករណី​គំរាមកំហែង​ថា «​នឹង​សម្លាប់​» ដោយ​បើករថយន្ត​ដេញ​បុក​បុរស​ម្នាក់​ទៀត ដែល​សង្ស័យ​ថា គេ​លួច​មាន​សហាយស្មន់​ជាមួយ​ប្រពន្ធ​របស់​ខ្លួន ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​នេះ​ឈ្មោះ ឆាយ សំណាង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​អំពិល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​បើករថយន្ត​ដឹក​ដី (​ឃាត់ខ្លួន​) ជាមួយ​រថយន្ត​១​គ្រឿង ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សូ រាប ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា មុខរបរ​ជា​កសិករ ។

សេចក្តីរាយការណ៍​បន្ត​ថា មុន​ពេល​កើតហេតុ ដោយសារ​តែ​ជនសង្ស័យ​ប្រចណ្ឌ​ប្រពន្ធ​របស់​ខ្លួន លុះ​នៅ​ម៉ោង​៦​និង​៣០​នាទី​ល្ងាច នា​ថ្ងៃ​ទី​១៦ ខែកញ្ញា កន្លង​ទៅ ជនសង្ស័យ​បាន​ដើរ​ចូល​មក​ក្រោមផ្ទះ​ជន​រង​គ្រោះ រួច​និយាយ​ទៅ​កាន់​ជន​រង​គ្រោះ​ថា «​ហ្អែ​ង​សហាយស្មន់​ជាមួយ​ប្រពន្ធ​អញ» ។ ពេល​នោះ​ជន​រង​គ្រោះ​ក៏​ឆ្លើយ​តប​ទៅ​វិញ​ថា «​ខ្ញុំ​មិន​បាន​ទាក់ទង​ប្រពន្ធ​បង​ទេ បង​ឯង​ទៅ​ផ្ទះ​វិញ​ទៅ​» ។ ភ្លាម​ៗ​នោះ​ជនសង្ស័យ​ក៏​បាន​បោះពាក្យ​សំដី​ថា «​អញ​នឹង​សម្លាប់​ហ្អែ​ង និង​ប្រពន្ធ​អញ​ចោល​ទាំង​ពីរ​នាក់​។ បើ​ហ្អែ​ង​នៅ​តែ​ទាក់ទង​គ្នា​» ពេល​និយាយ​ហើយ​ជនសង្ស័យ​ក៏​ដើរទៅ​ផ្ទះ​ទៅ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា លុះ​នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា វេលា​ម៉ោង​៨​និង​៣៥​នាទី​ព្រឹក ខណៈ​ជន​រង​គ្រោះ​កំពុង​កិនស្រូវ​នៅផ្ទះ​ឈ្មោះ ហៃ ដែល​នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​នោះ ស្រាប់តែ​ជន​សង្ស័យ​​ជិះ​ម៉ូតូ​ទៅ​រករឿង​ជន​រង​គ្រោះ​ម្តងទៀត​ដោយ​និយាយ​ថា «​ហ្អែ​ង​ត្រូវ​តែ​ទទួលខុសត្រូវ​លើ​ប្រពន្ធ​របស់​អញ​» ហើយ​ក៏​បបួល​ជន​រង​គ្រោះ​ស្បថ​នៅ​វត្ត ។ ពេល​នោះ​ជន​រង​គ្រោះ​បាន​តប​វិញ​ថា «​ទៅ​មុន​ទៅ ចាំ​ខ្ញុំ​ទៅ​តាម​ក្រោយ​» រួច​ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ទៅ ។

សេចក្តីរាយការណ៍​បន្ត​ថា ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ជន​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​តាម​ទំនប់​ស្រែ​អំពិល​ជាប់​ប្រឡាយ​វរៈ​ប្រាំ ក្នុង​គោលដៅ​ទៅ​កន្លែង​ចិញ្ចឹម​ជ្រូក តែ​ពេល​នោះ​ជន​សង្ស័យ​បាន​បើករថយន្ត​ដឹក​ដី​របស់​ខ្លួន​ដេញ​តាម​បុក​ជន​រង​គ្រោះ​តែ​ម្តង ។

ដោយ​ឃើញ​ដូច្នោះ​ជន​រង​គ្រោះ​ក៏​ជិះ​ម៉ូតូ​ផ្តួលខ្លួន​ចូល​ទៅ​វាលស្រែ ចំណែក​ជនសង្ស័យ​ក៏​បើក​រថយន្ត​ជ្រុល​ហួស​ទៅ​មុខ រួច​ស្រែក​ឲ្យ​ជន​រង​គ្រោះ​ថា «​កុំ​តែ​ហ្អែ​ង​ជិះ​ម៉ូតូ​ចូល​វាលស្រែ​ទាន់ កុំ​អី​អញ​បុក​ហ្អែ​ង ឲ្យ​ងាប់​តែ​ម្តង​»​។ ដោយ​ឮ​ពាក្យ​ដូចនេះ​ជន​រង​គ្រោះ​ក៏​ទុក​ម៉ូតូ​នៅ​វាលស្រែ រួចរ​ត់ទៅ​ប្រាប់​បងប្អូន​ជួយ និង​បាន​នាំ​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ឈើទាល ចំពោះ​ការ​ប្រមាថ​អាយុជីវិត​ខ្លួន​នោះ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ដើម្បី​សាកសួរ​តែ​ម្តង ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ដូច​ខាងលើ​ពិតប្រាកដ​មែន និង​ធ្លាប់​ប្រើប្រាស់​គ្រឿង​ញៀន​ទៀត​ផង ។

ក្រោយ​ពី​សាក​សួរនាំ​រួច​ហើយ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ