ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​​បញ្ចេញ​សាច់​ដុំ​ក្តៅ​បង្ក្រាប​រថ​យន្ត​ខុស​លក្ខណៈ​បច្ចេក​ទេស

15 ឆ្នាំ មុន

ខេត្ត​ក្រចេះ​ ៖ ក្រោយ​ពី​មាន​ការ​ព្រមាន​ធ្ងន់ៗ​ពី​សម្តេច​តេជោ ហ៊ុន សែន ឱ្យបិទ​អាជីវ​កម្ម​ក្រុមហ៊ុន​ដឹក​ជញ្ជូន​​ឯក​ជន​ទាំង​ឡាយ​ណា​ដែល​នៅ​តែ​បំពាន​ច្បាប់​នោះ​ គេ​សង្កេត​ឃើញថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ អាជ្ញា​ធរ​ខេត្ត​​បាន​ធ្វើ​ប្រតិ​បត្តិ​ការ​ដ៏​ក្តៅ​គគុក​ចុះ​ចាប់​រថ​យន្ត​តទ្រុង​ និង​ដឹក​លើស​​ទម្ងន់​ដើម្បី​​យក​ទៅ​ផាក​ពិន័យ​និង​កែ​សំរួល​បច្ចេក​ទេស​សា​ជា​ថ្មី។ បើ​គេ​នៅ​ចាំ​មិន​ភ្លេច​ទេ​នោះ​ សម្តេច​តេជោនាយក​រដ្ឋ​មន្ត្រី​​ធ្លាប់​បាន​​​ចេញ​អនុ​សាសន៍​រួច​មក​ហើយ​ពី​រថ​យន្ត​ធុន​ធ្ងន់​ដែល​​ត​ទ្រុង​វែង​ខុស​បច្ចេក​ទេស​ និង​រថ​យន្ត​ដែល​ដឹក​លើ​ស​ចំណុះ​បំផ្លាញ​ផ្លូវ​ និង​ស្ពាន​​ តែកន្លង​​មក​​ឃើញ​ធ្វើ​តែមួយ​ប្រាវ​ក៏​ស្ងាត់​។ លុះ​សម្តេច​មាន​ប្រតិ​កម្ម​ថ្មី​ទៀត​ក៏​​ឃើញ​មាន​ការ​ចាត់​វិធាន​ការ​ឡើង​វិញ​។ ចំណែក​សកម្ម​ភាព​នេះ​សាធារណ​មតិ​សង្ឃឹម​ថា នឹង​មិន​ក្លាយ​ទៅ​ជា​រឿង​ដដែល​ៗ​ទៀត​​ទេ រាប់​ទាំង​កុង​ត្រូល​ជជុះផង​​។

នា​​ព្រឹក​ថ្ងៃ​ទី​២៣ មីនា នៅ​ក្នុង​បរិ​វេណ​មន្ទីរ​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​ខេត្ត​គណៈ​កម្មការ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​ ដែល​មាន​លោក​អភិ​បាល​ខេត្ត​ជា​ប្រធាន​ និង​ដឹក​នាំ​បញ្ជា​អនុវត្ត​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី​ ជួង ស៊ាង​ហាក់ ស្នង​ការ​នគរ​បាល​ខេត្ត​ លោក​ស្រេង ស្រស់ នាយក​មន្ទីរ​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​​ខេត្ត​​ ព្រម​ទាំង​មន្ត្រី​នគរ​បាល​សណ្តាប់​ធ្នាប់​​ចរា​ចរណ៍​ខេត្ត ​បាន​ចេញ​ប្រតិ​បត្តិ​ការ​ចាប់​ឃាត់​​រថ​យន្ត​របស់​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​​ស្រា​បៀរ​ និង​រថ​យន្ត​ខុស​លក្ខណៈ​បច្ចេក​ទេស​ធុន​ធំ​មួយ​ចំនួន​ទៀត​ មក​ធ្វើ​ការ​កាត់​ទ្រុង​ចោល​ឱ្យ​ត្រូវ​តាម​បច្ចេក​ទេស​ដឹក​ជញ្ជូន​សា​ជា​ថ្មី​ទៅ​តាម​ច្បាប់​ដឹក​ជញ្ជូន ​ដោយ​មាន​​ការ​ចូល​រួម​វាយ​តម្លៃ​ពី​មន្ត្រី​ជំនាញ​សាធា​រណការ​ផង​ដែរ។

លោក​ស្រេង ស្រស់ នាយក​មន្ទីរ​សាធា​រណ​ការ​ និង​ដឹក​ជញ្ជូន​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ដោយ​អនុ​វត្តតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សាធា​រណ​ការ​ និង​ដឹក​ជញ្ជូន ​តប​ទៅ​តាម​អនុសាសន៍​​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​២២ មីនា គណៈ​កម្មការ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​ បាន​ធ្វើ​ការ​ឃាត់​រថ​យន្ត​ខុស​លក្ខណៈ​បច្ចេក​ទេស​មួយ​គ្រឿង ដោយ​រថ​យន្ត​នោះ​លើក​កំពស់​ទ្រុង​ប្រវែង​០.៤​ម៉ែត្រ ហើយសមត្ថ​កិច្ច​បាន​ធ្វើ​ការ​កាត់​ចោល​​ ដោយ​មាន​ការ​ចូល​រួម​វាយ​តម្លៃ​​ពី​មន្ត្រី​ជំនាញ​សាធារណ​ការ​ និងធ្វើ​កិច្ច​សន្យា​ជា​មួយ​ម្ចាស់​រថ​យន្ត​ឱ្យ​បញ្ឈប់​ការ​កែ​ច្នៃ​រថ​យន្ត​ខុស​លក្ខណៈ​បច្ចេក​ទេស​ត​ទៅ​ទៀត​។

លោក​ឧត្តម​សេនីយ៍​ត្រី​ ជួង ស៊ាង​ហាក់​ ​បាន​មាន​ប្រសាសន៍​ដូច​គ្នា​ដែរ​ថា ដោយ​អនុវត្ត​ទៅ​តាម​បទ​បញ្ជា​របស់​ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ ក្នុង​នាម​លោក​ជា​អ្នក​ដឹក​នាំ​បញ្ជា​អនុវត្ត​នឹង​បន្ត​សកម្ម​ភាព​ត្រួត​ពិនិត្យបណ្តា​រថ​យន្ត​ខុ​ស​លក្ខណៈ​បច្ចេក​ទេស​ទាំង​កំពស់ ទំងន់ និង​រថ​យន្ត​ច្នៃ​គ្រប់​ប្រភេទ​ឱ្យ​​មាន​សកម្ម​ភាព​គ្រប់​ទី​កន្លែង​​នៅ​ទូ​ទាំង​ខេត្ត​ គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​ដូច​ភ្លៀង​រលឹម​។ លោក​ស្នង​ការ​បាន​បញ្ជាក់​ទៀត​ថា លោក​នឹង​ចាត់​ឱ្យ​មន្ត្រី​នគរ​បាល​សណ្តាប់​ធ្នាប់​សហ​ការ​ជាមួយ​មន្ត្រី​ជំនាញ​គមនា​គមន៍​ខេត្ត ​បន្ត​ធ្វើ​ការ​ទប់​ស្កាត់​បណ្តា​រថ​យន្ត​ទាំង​នេះ​គ្រប់​គោល​ដៅ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ឱ្យ​ខាង​តែ​បាន ជា​ពិសេស​នៅ​តាម​បណ្តា​ផ្លូវ​ជាតិ​តាម​ស្រុក​ទូទាំង​ខេត្ត​ ៕