ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីមានស្ត្រីម្នាក់ប្តឹងចោទប្រកាន់ថាបានជិះម៉ូតូមួយគ្រឿង រួចលួចផ្លោះរបងចូលផ្ទះរបស់ខ្លួន និងប៉ុនប៉ងចាប់រំលោភ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលវេលាម៉ោង៣និង៣៨នាទីចូលព្រឹកថ្ងៃទី២០ កញ្ញា នៅចំណុចផ្ទះលក់ដូរមួយកន្លែង ស្ថិតក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនសង្ស័យឈ្មោះឆន ក្តិប ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកដាច់ ឃុំលើកដែក ស្រុកលើកដែក ខេត្តកណ្តាល និងម៉ូតូ១គ្រឿងរបស់ជនសង្ស័យ ម៉ាក XR ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១Y-០៤១២ ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ចន្ទ័ឧត្តម ស្រីពេជ្រ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅវេលាកើតហេតុខាងលើ ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងមកឈប់មុខផ្ទះរបស់គាត់ រួចលួចផ្លោះរបងចូលទៅអង្រួនទ្វារផ្ទះរបស់គាត់ ក្នុងគោលបំណងធ្វើសកម្មភាពចាប់រំលោភ ។ ពេលនោះគាត់មិនបានបើកទ្វារឱ្យនោះទេ ហើយក៏បានរាយការណ៍មកសមត្ថកិច្ចអោយជួយអន្តរាគមន៍ចាប់ខ្លួនតែម្តង។
តាមប្រភពពីសមត្ថកិច្ចបានអោយឹងថា ក្រោយទទួលសេចក្តីរាយការណ៍ភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនបានចុះទៅឃាត់ខ្លួនបាន ស្របពេលជនសង្ស័យកំពុងតែធ្វើសកម្មភាពតែម្តង។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងម៉ូតូត្រូវបានសមត្ថកិច្ចបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ