ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​សាធុជន​ឈ្វេងយល់​អំពី​របៀប​ធ្វើ​ទាន​ដូចតទៅ

4 ឆ្នាំ មុន

ការ​ធ្វើ​ទាន​មិនមែន​ចេះ​តែ​ធ្វើ​ឱ្យ​តែ​បាន​ឈ្មោះ​ថា​ធ្វើ​នឹង​គេ​ដែរ​នោះ​ទេ បើ​ឱ្យទាន​មិន​ត្រឹមត្រូវ​តាម​ពុទ្ធានុញ្ញាត ផល​នៃ​ទាន​នោះ​នឹង​បាន​ត្រឡប់​មក​វិញ​មិន​ច្រើន​ឡើយ ព្រោះហេតុនោះ​សូម​ពុទ្ធ​សាសនូបត្ថម្ភ​គប្បី​ចូល​អាន​អត្ថបទ​មួយ​នេះ នឹង​បានជា​ប្រយោជន៍​ច្រើន​ដល់​ការ​ធ្វើ​ទាន ស័ក្តិសម​ទៅ​នឹង​ការ​ចំណាយ​ទ្រព្យធន​របស់​លោក​អ្នក ។ របៀប​ធ្វើ​ទាន​ត្រឹមត្រូវ​តាម​ក្បួនច្បាប់​ព្រះពុទ្ធ​សាសនា​៥​ចំណុច​គឺៈ ១-​ឲ្យ​ទាន​ដោយ​សទ្ធា គឺ​ឲ្យ​ដោយ​ជឿជាក់​ថា…

ការ​ធ្វើ​ទាន​មិនមែន​ចេះ​តែ​ធ្វើ​ឱ្យ​តែ​បាន​ឈ្មោះ​ថា​ធ្វើ​នឹង​គេ​ដែរ​នោះ​ទេ បើ​ឱ្យទាន​មិន​ត្រឹមត្រូវ​តាម​ពុទ្ធានុញ្ញាត ផល​នៃ​ទាន​នោះ​នឹង​បាន​ត្រឡប់​មក​វិញ​មិន​ច្រើន​ឡើយ ព្រោះហេតុនោះ​សូម​ពុទ្ធ​សាសនូបត្ថម្ភ​គប្បី​ចូល​អាន​អត្ថបទ​មួយ​នេះ នឹង​បានជា​ប្រយោជន៍​ច្រើន​ដល់​ការ​ធ្វើ​ទាន ស័ក្តិសម​ទៅ​នឹង​ការ​ចំណាយ​ទ្រព្យធន​របស់​លោក​អ្នក ។ របៀប​ធ្វើ​ទាន​ត្រឹមត្រូវ​តាម​ក្បួនច្បាប់​ព្រះពុទ្ធ​សាសនា​៥​ចំណុច​គឺៈ

១-​ឲ្យ​ទាន​ដោយ​សទ្ធា គឺ​ឲ្យ​ដោយ​ជឿជាក់​ថា ផល​របស់​ទាន​នេះ​ពិតជា​មាន​ផល​ដោយ​ពិតប្រាកដ ដូច​ព្រះ​អង្គ​សម្តែង​អានិសង្ស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ណា​ឲ្យ​ទាន​ដោយ​សទ្ធា បុគ្គល​នោះ​កើត​ក្នុង​ទីណា​ៗ រមែង​ជា​អ្នក​ស្ដុកស្ដម្ភ​ដោយ​ភោគ​សម្បត្តិ ។

២-​ឲ្យ​ទាន​ដោយ​គោរព គឺ​ឲ្យ​ដោយ​យកចិត្តទុកដាក់ ដោយ​គោរព​ក្នុង​ទាន និង​បុគ្គល​ដែល​ជា​អ្នក​ទទួល ឬថា​ឲ្យ​ដោយ​ដៃ​ខ្លួនឯង​ផ្ទាល់ មិនមែន​ឲ្យ​ដោយ​ការ​បោះបោក​ជាដើម ដូច​ទ្រង់​ត្រាស់​អានិសង្ស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​បុគ្គល​ឲ្យ​ទាន​ដោយ​គោរព បុគ្គល​នោះ​កើត​ក្នុង​ទីណា​ៗ រមែង​ជា​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ ទោះ​កូនក្ដី ប្រពន្ធ​ក្ដី ខ្ញុំបម្រើ​ក្ដី អ្នកធ្វើការ​ងារ​ក្ដី តែង​ជា​អ្នក​ស្ដាប់បង្គាប់​ដោយ​ល្អ ។

៣-​ឲ្យ​ទាន​តាម​កាល គឺ​ឲ្យ​ទាន​តាម​កាលដែល​គួរ​ឲ្យ​។ កាលដែល​គួរ​ឲ្យ​ទាន ឈ្មោះ​ថា កាល​ទាន មាន​៥​យ៉ាង​គឺ ឲ្យ​ទាន​ដល់​អ្នក​មក​ថ្មី​១ ឲ្យ​ទាន​ដល់​អ្នកដំណើរ​១ ឲ្យ​ទាន​ដល់​អ្នកមាន​ជំងឺ​១ ឲ្យ​ទាន​ក្នុង​ពេល​អត់បាយ​១ និង​ឱ្យទាន​ដល់​ទុរគត​ជន​អ្នក​កំពុង​ស្រេកឃ្លាន​១ ។

៤-​ឲ្យ​ទាន​ដោយ​ចិត្ត​អនុគ្រោះ គឺ​ឲ្យ​ដោយ​មិន​មានចិត្ត​សោកស្ដាយ ឬថា​ឲ្យ​ដោយ​ចង់​ឲ្យ​អ្នក​ទទួល​បាន​នូវ​សេ​​ច​​ក្ដីសុខ ក្តី​សប្បាយ ដោយ​មិន​ចង់​ឲ្យ​គេ​តបស្នង​អ្វី​មក​វិញ​ឡើយ​។ បុគ្គល​ឲ្យ​ទាន​ដោយ​ចិត្ត​អនុគ្រោះ បែប​នេះ​កើត​ក្នុង​ទីណា​ៗ ជា​អ្នក​ស្ដុកស្ដម្ភ មានទ្រព្យ​ច្រើន និង​ជា​អ្នក​បរិភោគ​ក្នុង​កាមគុណ​៥ ដ៏​លើសលុប ។

៥-​ឲ្យ​ទាន​ដោយ​មិន​បៀតបៀន​ខ្លួនឯង និង​អ្នក​ដទៃ ។ បុគ្គល​ឲ្យ​ទាន​ដោយ​មិន​បាន​បៀតបៀន​ខ្លួនឯង និង​អ្នក​ដទៃ​បែប​នេះ ទោះ​កើត​ក្នុង​ទីណា​ៗ រមែង​ជា​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ និង​មិន​មាន​សេចក្ដី​អន្តរាយ​នៃ​ភោគៈ​ឡើយ ។

បុគ្គល​អ្នក​ឲ្យ​ទាន​ប្រកបដោយ​បញ្ញា​បែប​នេះ ទោះ​កើត​ក្នុង​ទីណា​ៗ នឹង​ជា​បុគ្គល​ស្ដុកស្ដម្ភ មានទ្រព្យ​ច្រើន មាន​ភោគៈ​ច្រើន ហើយ ភោគៈ​ដ៏​ពោរពេញ​ទាំងនោះ​រមែង​កើត​មាន​តាម​កាល​ដ៏​គួរ​ដល់​បុគ្គល​នោះ​វិញ​ជាក់​ជា​មិន​ខាន ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ