ខេត្តកណ្តាល ៖ ប្រជាកសិកររស់នៅក្នុងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាលចំនួន៥គ្រួសារ ក្នុងចំណោម១០គ្រួសារ ជួបសម្ភាសន៍ «កោះសន្តិភាព»បានចោទប្រកាន់ទៅលើ ក្រុមហ៊ុនលោកឧកញ៉ា ឃុន សៀ ធ្វើរបងដែកស័ង្កសីព័ទ្ធយកដីចម្ការតាមមាត់ទន្លេជាកម្មសិទ្ធិរបស់ពួកគាត់ ខណៈមិនទាន់ទទួលបានការដោះស្រាយត្រឹមត្រូវនៅឡើយ ព្រមទាំងឃើញមានកម្លាំងប្រដាប់អាវុធដេកការពាររបងនេះ
ទៀត ។
បើតាមការលើកឡើងរបស់អ្នកភូមិទាំង៥គ្រួសារនោះថា ដីដែលក្រុមហ៊ុនលោកឧកញ៉ា ឃុន សៀ ធ្វើរបងព័ទ្ធយកនេះក្នុងមួយក្បាលដីមានទំហំស្មើគ្នាទាំងអស់ គឺក្បាលដី១១ម៉ែត្រ បណ្តោយជិត៣០០ម៉ែត្រ ដល់ច្រាំងមាត់ទន្លេមេគង្គ ដែលជាក្តីសង្ឃឹមសម្រាប់ក្រុមគ្រួសាររបស់ពួកគាត់ទៅលើការដាំដុះបង្កបង្កើនផលដំណាំដូចជា ចេក ល្ហុង បន្លែគ្រប់មុខ និងស្លឹកគ្រៃ ។ល។ មានរយៈពេលជិត២០ឆ្នាំមកហើយ ។ អ្នកស្រុកថាដីនេះបានជួយផ្គត់ផ្គង់ឱ្យកូនចៅបានរៀនសូត្រផងដែរតាមរយៈការដាំដុះ ប៉ុន្តែស្របពេលដីមានហាងឆេង ក៏មានឈ្មួញកណ្តាល២ទៅ៣នាក់ បានមកសួរចែកទិញដីរបស់ពួកគាត់ ។ ដោយដំបូងឡើយមិនទាន់ឈួសឆាយ គឺក្រុមអ្នកស៊ីឈ្នួលឱ្យឈ្មួញកណ្តាលមកទិញពួកគាត់ក្នុងតម្លៃ៣មុឺនដុល្លារ តែពួកគាត់មិនលក់ ព្រោះគាត់ដាំដុះ២០ឆ្នាំមកហើយ ។ ក្រោយមកទៀតឱ្យ៥០.០០០ដុល្លារ ពួកគាត់ក៏មិនព្រមលក់ព្រោះបានថោកពេក ។
ម្ចាស់ដីនិយាយថា បន្ទាប់មកក្រុមហ៊ុនលោកឧកញ៉ា ឃុន សៀ បានប្រើប្រាស់គ្រឿងចក្រទៅឈួសឆាយបំផ្លិចបំផ្លាញផលដំណាំ រួចហើយទើបហៅពួកគាត់ទៅចរចាឱ្យតម្លៃមួយឡូត៍ត្រឹមតែ២៥.០០០ដុល្លារវិញ ។ ដោយសារពួកគាត់មិនព្រមលក់ បែរជាភាគីក្រុមហ៊ុនលោកឧកញ៉ា ឃុន សៀនេះ ប្រើកម្មករធ្វើរបងដែកស័ង្កសីព័ទ្ធយកដីពួកគាត់ឆៅតែម្តង និងថែមទាំងដាក់កងកម្លាំងប្រដាប់អាវុធមានប៉ូលិស ប៉េអឹមជាច្រើននាក់ ឈររារាំងគំរាមចាប់ចងមិនឱ្យពួកគាត់ជាម្ចាស់ដីចូលទៅមើលផលដំណាំបានឡើយ ។ បន្ទាប់ទៀតតំណាងក្រុមហ៊ុនក៏បានហៅពួកគាត់មកសាលាឃុំចរចាឱ្យពួកគាត់មួយឡូត៍តម្លៃ៣២.០០០ដុល្លារទាំងបង្ខំ តែពួកគាត់ក៏នៅតែមិនទទួលយកទៀត ព្រោះថោកពេក ដោយគំរាមគ្រប់បែបយ៉ាង ។ ម្ចាស់ដីបន្តទៀតថា ដីរបស់ពួកគាត់នេះគឺសុទ្ធតែដីស្អាតស្អំ កម្មសិទ្ធិពិតប្រាកដ ហេតុអីបានជាលោកមេឃុំប្រាប់អ្នកកាសែត
ថា«អត់ដឹង» ដូចអត់ដឹងខ្យល់បក់ពីទិសណាសោះ ។ ឱ លោកមេឃុំអ្នកបម្រើរាស្ត្រអើយ…។
អ្នកស្រុកម្ចាស់ដីរៀបរាប់ទៀតថា ឧកញ៉ា ឃុន សៀ ទិញបានតែដីពីឈ្មោះបុគ្គលខ្លះដែលជួលដីគេមកដាំដំណាំបណ្តោះអាសន្នប៉ុណ្ណោះ ដោយទិញបានក្នុងតម្លៃមួយក្បាលដី ២០.០០០ដុល្លារខ្លះ៣០.០០០ដុល្លារចេះតែលក់ទៅ ព្រោះមិនមែនជាដីរបស់គាត់ ។ តាមពិតភាគច្រើនម្ចាស់ដីគេពិតប្រាកដ ខ្លះនៅភ្នំពេញនិងខ្លះទៀតនៅខាងក្រៅប្រទេសមិនបានដឹងនោះទេ គឺអ្នកជួលដីគេបានលួចយកដីគេលក់ប្រៀបដូចអ្នកទិញកំពុង «ទទួលផលចោរកម្ម» ។ ព្រោះដីនេះគឺសុទ្ធតែជាដី តពីដីលំនៅឋានគេ មករហូតទល់និងមាត់ទន្លេមេគង្គ ។
ម្ចាស់ដីបញ្ជាក់បន្ថែមថា បើតាមពួកគាត់ដឹងមានម្ចាស់ដីពិតប្រាកដចំនួន១៥គ្រួសារ នៅភូមិអរិយក្សត្រ១០គ្រួសារ និងនៅភូមិខ្សាច់នេះ៥គ្រួសារទៀត បានដាក់ពាក្យបណ្តឹងក្រុមហ៊ុន លោកឧកញ៉ា ឃុន សៀនេះ ទៅដល់សាលាខេត្តកណ្តាលហើយ ។ ដូច្នេះពួកគាត់សូមសំណូមពរដល់អាជ្ញាធរខេត្ត ជាពិសេសសម្តេចតេជោ ហ៊ុន សែន មេត្តាជួយពួកគាត់ផង បើសិនជាក្រុមហ៊ុនធ្វើការអភិវឌ្ឍតំបន់នេះមិនអាចខកខានបានមែននោះ ក៏គួរតែឱ្យតម្លៃពួកគាត់ទៅតាមទីផ្សារហាងឆេងដីបច្ចុប្បន្នកំពុងតែមានសន្ទុះនេះផង ។ តែបើតាមចិត្តពួកគាត់គឺចង់បានដីមកវិញសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតបន្តកូនចៅទៀត ព្រោះទីនេះជាដីកេរប្រចាំត្រកូល ។
ពាក់ព័ន្ធរឿងនេះដែរ កោះសន្តិភាពបានជួបលោកមេឃុំអរិយក្សត្រផ្ទាល់នៅសាលាឃុំ ដើម្បីសូមការបកស្រាយបំភ្លឺ បែរជាលោកមេឃុំរូបនោះធ្លើយថា មិនដឹងរឿងអ្វីទាំងអស់ គឺឆ្លើយធ្វើដូចគាត់ជារូបចម្លាក់គ្មានវិញ្ញាណ ព្រមទាំងឆ្លើយទៀតថា បើអ្នកកាសែតចង់ដឹងសួរទៅខេត្តចុះ ដែលបញ្ជាក់ថាអត់ដឹងសុខទុក្ខប្រជាពលរដ្ឋក្នុងភូមិរបស់ខ្លួនសោះ ។
ចំណែកលោក ភឹម ភារ៉ា អភិបាលស្រុកល្វាឯម បានប្រាប់ឱ្យដឹងតាមទូរស័ព្ទថា ក្រុមហ៊ុនគេមាន(ស ជ ណ) ជួលពីរាជរដ្ឋាភិបាល ។ ចំពោះផលប៉ះពាល់ នៅសល់ត៣ទៅ៤គ្រួសារទៀតទេ ។
កោះសន្តិភាពមិនអាចសុំការបំភ្លឺពីក្រុមហ៊ុនឧកញ៉ា ឃុន សៀ បានទេ ម្សិលមិញនេះ ។ប៉ុន្តែក៏មានកូនលោកឧកញ៉ា ឃុន សៀ ឆ្លើយយ៉ាងខ្លីថា អភិបាលខេត្តជាអ្នករៀបដីឱ្យក្រុមហ៊ុន ។ ការរៀបចំជាភារកិច្ចលោកអភិបាលខេត្ត ។ ឯក្រុមហ៊ុនចាំតែទទួលយកដីសម្រាប់វិនិយោគតែប៉ុណ្ណោះ ។
គួរបញ្ជាក់ច្បាស់ថា ស.ជ.ណ របស់រាជរដ្ឋាភិបាលអត់មាននិយាយថា អភិបាលខេត្តរៀបដីឱ្យទេ គឺក្រុមហ៊ុន ឃុន សៀ ត្រូវដោះស្រាយជាមួយប្រជាពលរដ្ឋទាំងអស់ដែលកំពុងអាស្រ័យផលដាំដំណាំផ្សេងៗនៅលើដីនេះ ។
ប្រសិនបើឱ្យអភិបាលខេត្តរកដីឱ្យ មិនខុសពី«មានប្រាក់ទិញយក្សប្រើ» នោះឡើយ គឺខុសពីខ្លឹមសារ ស.ជ.ណ ក្នុងប្រការ២ស្រឡះ ។ក្រុមអ្នកវិភាគយល់ឃើញថា ស.ជ.ណ ដែលប្រគល់សិទ្ធិឱ្យឧកញ៉ា ឃុន សៀ អភិវឌ្ឍនៅតំបន់នោះ សង្ស័យអភិវឌ្ឍន៍លើទឹកភ្នែកប្រជាជនម្ចាស់ដីយ៉ាងពិតប្រាកដ និងសង្ស័យទិញប៉ះចំដីខ្លះដែលអ្នកជួលយកមកលក់ឬ «ទទួលផលចោរកម្ម» ដែលអាចមានទំនាស់យូរអង្វែងទៀត ។
ខាងលើនេះ ជាព័ត៌មានមួយគួរឱ្យរសើបណាស់សម្រាប់មតិមហាជនទូទៅ ។ កោះសន្តិភាពមានគោលដៅតែមួយប៉ុណ្ណោះ រង់ចាំទទួលយក«ការបំភ្លឺ»តបវិញពីអាជ្ញាធរខេត្តកណ្តាល និងពីក្រុមហ៊ុនឃុន សៀ អឹុមផត អិចផត ដើម្បីឱ្យប្រជារាស្ត្រនៅឃុំអរិយក្សត្រ នៃស្រុកល្វាឯម ព្រមទាំងសាធារណជនទូទៅបានអស់ចិត្ត ។ ជឿជាក់ថា ក្រុមហ៊ុនឃុន សៀ ក៏ដូចជាអាជ្ញាធរខេត្ត នឹងមានសេចក្តីក្លាហានបំភ្លឺតបវិញដោយសុទ្ធចិត្ត និងប្រកបដោយភាពយុត្តិធម៌មិនខានឡើយ ៕
ចែករំលែកព័តមាននេះ