ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់កន្ត្រាក់មួយ​ប្រាវ…​​វាយប្រហារ​ភូមិ​មួយ​​ក្នុងខេត្ត​ត្បូងឃ្មុំ

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ខ្យល់​កន្ត្រាក់​ដ៏​ខ្លាំង​មួយ​បាន​បោកបក់​មក​លើ​វត្ត​គគីរ ក្នុងភូមិ​ទី​២ ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូច​ឆ្មារ បណ្តាល​ឲ្យ​រលំ​រោង​ដាក់​ទូកង ដែល​មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​៤០​ម៉ែត្រ កម្ពស់​៥​ម៉ែត្រ មាន​ដំបូល​ប្រក់​ក្បឿង…

ខេត្ត​ត្បូងឃ្មុំ ៖ ខ្យល់​កន្ត្រាក់​ដ៏​ខ្លាំង​មួយ​បាន​បោកបក់​មក​លើ​វត្ត​គគីរ ក្នុងភូមិ​ទី​២ ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូច​ឆ្មារ បណ្តាល​ឲ្យ​រលំ​រោង​ដាក់​ទូកង ដែល​មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​៤០​ម៉ែត្រ កម្ពស់​៥​ម៉ែត្រ មាន​ដំបូល​ប្រក់​ក្បឿង ។ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា ធ្វើ​ឱ្យ​មិន​បាក់​ក្បាលទូក​.​ង​១ និង​បាក់​កន្សៃ​ចំនួន​៣​ទូក ។ ចំណែក​សមិទ្ធផល​ក្នុង​ទី​អារាម​នេះ​មិន​មានការ​ខូចខាត​នោះ​ទេ ។

លោក​វរសេនីយ៍ឯក សាំ ហេង អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​ឲ្យ​ដឹង​ថា មួយ​រយៈ​នេះ​ស្រុក​ក្រូចឆ្មារ​ត្រូវ​បាន​រង​គ្រោះ​ដោយ​ទឹកជំនន់​ពី​ទន្លេមេគង្គ បណ្តាល​ឲ្យ​ផ្លូវថ្នល់​និង​ភូមិឋាន​ជា​ច្រើន​ត្រូវ​បាន​ជន់​លិច ហើយ​ប្រជាជន​មួយ​ចំនួន​ត្រូវ​បាន​រុះរើ​ផ្ទះ ទៅ​កាន់​កន្លែង​សុវត្ថិភាព​ឆ្ងាយ​ពី​ច្រាំង​ទន្លេ ។ គ្រោះ​ទឹកជំនន់​មិន​ទាន់​នឹង​ផុត​ផង​ក៏​មាន​ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​បណ្តាល​ឲ្យ​រលំ​រោង​ដាក់​ទូក​.​ង​ក្នុង​វត្ត​គគីរ​កណ្តាល​យប់ ។ នៅ​ព្រឹក​ថ្ងៃ​ដដែល​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់ បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍ រុះរើ​លើក​ឈើ​និង​ក្បឿង​បាក់​បែកចេញ​ដើម្បី​រៀបចំ​សម្អាត​ទីតាំង ។

ព្រះ​តេជគុណ ថៃ សុខ​នី ចៅអធិការ​វត្ត​ស្តីទី​វត្ត​គគីរ មាន​ថេរ​ដីកា​ថា​រោង​ដាក់​ទូក​.​ង​នោះ​មាន​អាយុ​១០​ឆ្នាំ​មក​ហើយ ដាក់​ទូក​.​ង​ចំនួន​៤​គ្រឿង​មានឈ្មោះ​តែ​មួយ​គឺ​«​អគ្គី​នេត្រ​សែន​ជ័យ​» ជា​អំណោយ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា បាន​ឧបត្ថម្ភ​ឲ្យ​កន្លង​មក ដោយ​ក្នុង​នោះ​មាន​តែ​១​គ្រឿង​ទេ នៅ​ប្រើ​ការ​អុំ​បាន​កាល​ឆ្នាំ​២០១៨​កន្លង​ទៅ ។ ចំណែក​ទូក​.​ង​ចំនួន​៣​ទៀត​ដាក់​ក្នុង​រោង​រួម​គ្នា មាន​សភាព​ចាស់​ទ្រុឌទ្រោម​អស់​ទៅ​ហើយ មិន​អាច​ប្រើ​ការ​បាន​ឡើយ ។

ព្រះ​ចៅអធិការ​បន្ត​ថា លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​មក​ជួយ​អត្ត​រាគ​មន៍​រុះរើ ។ ចំណែក​ផែនការ​ក្នុង​ពេល​ខាង​មុខ​ដ៏​ឆាប់ គឺ​ត្រូវ​សង់រោង​ឈើ​មួយ​ឡើង​វិញ​សម្រាប់​ដាក់​ទូក​.​ង ដោយ​មាន​ទំហំ​ដដែល​និង​សង់​ឲ្យ​រឹង​មាំ​ជាង​មុន​ដើម្បី​ប្រើប្រាស់​បាន​យូរអង្វែង ។ ព្រះ​អង្គ​មានការ​សោកស្តាយ​ចំពោះ​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​នេះ​ដែល​បាន បោកបក់​មក​លើ​រោង​ដាក់​ទូក​.​ង បណ្តាល​ឲ្យ​រលំ​បាក់បែក​ឈើ​រួម​នឹង​ខូចខាត​ទូក​.​ង​ថែម​ទៀត ពិតជា​មានការ​សោកស្តាយ​តែ​សម្រាប់​កុដិ​និង​សមិទ្ធផល​ក្នុង​វត្ត​ផ្សេង​ទៀត​មិន​មានការ​ខូចខាត​នោះ​ទេ ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ