បន្ទាយមានជ័យ ៖ អភិបាលក្រុងសិរីសោភ័ណនឹងធ្វើការណែនាំដល់ម្ចាស់អាជីវកម្មបោកអ៊ុត ដែលមាននៅក្នុងក្រុងដោយមិនអនុញ្ញាតឲ្យមានការហាលសម្លៀកបំពាក់តាមដងផ្លូវទៀតទេ ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយក្នុងក្រុងក៏ដូចជា សោភ័ណ្ឌភាពក្រុងទាំងមូលឲ្យមានភាពស្រស់ស្អាត ។
នេះបើតាមការលើកឡើងរបស់លោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណនៅកិច្ចប្រជុំគណបញ្ជាឯកភាពរដ្ឋបាលក្រុងដែលមានការចូលរួមពីសំណាក់គណៈអភិបាលរងក្រុងលោកអធិការក្រុងសិរីសោភ័ណអ្នកពាក់ព័ន្ធបានចូលរួមនៅសាលប្រជុំសាលាក្រុងសិរីសោភ័ណ នារសៀលថ្ងៃទី១៧ ខែកញ្ញានេះ ។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណបានធ្វើការណែនាំដល់អាជ្ញាធរសង្កាត់ពាក់ព័ន្ធត្រូវចូលរួមអនុវត្តន៍ឲ្យបានក្នុងណែនាំឲ្យម្ចាស់ទីតាំងបោកអ៊ុតឲ្យបញ្ឈប់ការហាលសម្លៀកបំពាក់នៅតាមមុខផ្ទះតាមដងផ្លូវជាតិ ដើម្បីចូលរួមលើកកម្ពស់សោភ័ណ្ឌក្រុងរបស់យើង ។ ពិសេសវាជាហេតុធ្វើឲ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលឆ្លងកាត់ចូលមកក្នុងក្រុងរបស់យើងដែលចំនុចនេះទាមទារឲ្យអាជ្ញាធរយើងត្រូវធ្វើឲ្យបាន បើណែនាំហើយនៅតែមិនស្តាប់អាជ្ញាធរក្រុងនឹងមានវិធានការហៅម្ចាស់ទីតាំងមកធ្វើកិច្ចសន្យាបញ្ឈប់ការហាលតាមមុខផ្ទះតាមដងផ្លូវ ហើយបើនៅតែមិនស្តាប់នឹងមានវិធានការតឹងរឹងមិនលើកលែងឡើយ ។
ជាមួយគ្នានោះលោកអភិបាលក្រុងសិរីសោភ័ណក៏បានជម្រុញដល់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវចូលរួមថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អប្រសើរ ពិសេសនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។ ម្យ៉ាងវិញទៀតត្រូវត្រៀមឲ្យបានរួចជាស្រេចនូវឧបករណ៍ជួយសង្គ្រោះថ្នាំសង្កូវរកទីទួលសុវត្ថិភាព ដើម្បីត្រៀមជួយសង្គ្រោះបងប្អូនប្រជាពលដ្ឋដែលរងគ្រោះដោយទឹកជំនន់ដែលនឹងកើតមានឡើង ។ លោកបានជម្រុញដល់អាជ្ញាធរមូលដ្ឋានត្រូវតាមដានស្ថានភាពទឹកឲ្យបានជាប្រចាំពីកម្ពស់ទឹកតាមដងស្ទឹង ដើម្បីយើងជួយសង្គ្រោះបានទាន់ពេលវេលា ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ