ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរៈភាព និង​ភាព​ល្បីល្បាញ​របស់​លោក ស៊ិ​ន ស៊ី​សា​មុត ត្រូវ​បាន​ថត​ភាពយន្ត​ឯកសារ

4 ឆ្នាំ មុន
  • ភ្នំពេញ

លោក Chris G. Parkhurst ផលិតករ​ភាពយន្ត​ឯកសារ បាន​រៀបចំ​ផលិត​ជា​ឯកសារ​ស្តី​ពី​វីរៈភាព និង​ភាព​ល្បីល្បាញ​របស់​អ្នកចម្រៀង​សំឡេង​មាស ស៊ិ​ន ស៊ី​សា​មុត ក្នុង​ពេល​ដែល​គម្រោង​មួយ​នេះ…

លោក Chris G. Parkhurst ផលិតករ​ភាពយន្ត​ឯកសារ បាន​រៀបចំ​ផលិត​ជា​ឯកសារ​ស្តី​ពី​វីរៈភាព និង​ភាព​ល្បីល្បាញ​របស់​អ្នកចម្រៀង​សំឡេង​មាស ស៊ិ​ន ស៊ី​សា​មុត ក្នុង​ពេល​ដែល​គម្រោង​មួយ​នេះ បាន​យល់ព្រម​រួច​ហើយពី​លោក​ជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិ​ចិត្ត​សិល្បៈ កាលពី​ពេល​ថ្មី​ៗ​នេះ ។

គម្រោង​ផលិត និង​ផ្សព្វផ្សាយ​ភាពយន្ត​ឯកសារ​ដែល​មាន​ចំណងជើង​ថា “Elvis Of Cambodia” ដែល​ជា​ភាពយន្ត​ឯកសារ​បង្ហាញ​ពី​វីរៈភាព និង​ភាព​ល្បីល្បាញ​របស់​អ្នកចម្រៀង​សំឡេង​មាស ស៊ិ​ន ស៊ី​សា​មុត ត្រូវ​បាន​លោក​ជំទាវ​រដ្ឋមន្ត្រី​សម្តែង​នូវ​ការ​ស្វាគមន៍ និង​បាន​ផ្តល់​លិខិត​គាំទ្រ​ផ្លូវការ​របស់​ក្រសួង​ចំពោះ​គម្រោង​ដ៏​មាន​សារសំខាន់​នេះ ។

ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក ប៉ុក បូ​រក្ស បាន​អះអាង​ថា ភាពយន្ត​ឯកសារ​នេះ គឺ​ត្រូវ​បាន​ផលិត​ដោយ​លោក​ផលិតករ​អា​មេ​រិ​ក​ឈ្មោះ Chris G. Parkhurst ដែល​គាត់​បាន​មក​សិក្សា​ពី​ជីវប្រវត្តិ​របស់​តារាចម្រៀង​លោក ស៊ិ​ន ស៊ី​សា​មុត ហើយ​គាត់​ចង់​ផលិត​បង្ហាញ​ពី​វរៈ​ភាព និង​ជីវប្រវត្តិ​របស់​អធិរាជ​សំឡេង​មាស​រូប​នេះ​ឡើង​វិញ ។

លោក​បញ្ជាក់​ថា គម្រោង​មួយ​នេះ​ត្រូវ​បាន​ផលិត​ខ្លះ​ហើយ ហើយ​ភាពយន្ត​ឯកសារ​មួយ​នេះ​អាច​នឹង​បញ្ចប់​នៅ​អំឡុង​ឆ្នាំ​២០១៩ នេះ ខណៈ​ពេល​ដែល​ភាពយន្ត​ឯកសារ​នេះ នឹង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ជា​ការ​រំឭក​ភាព​ល្បីល្បាញ​របស់​អធិរាជ​សំឡេង​មាស​លោក ស៊ិ​ន ស៊ី​សា​មុត ។

លោក ប៉ុក បូ​រក្ស ឱ្យ​ដឹង​ទៀត​ថា ចំពោះ​ផ្នែក​ខ្លះ​នៃ​ជីវប្រវត្តិ គឺ​ធ្វើ​ឡើង​ដោយ​មាន​កិច្ច​សម្ភាសន៍​ផ្ទាល់​ពី​ក្រុម​គ្រួសារ​របស់​លោក ស៊ិ​ន ស៊ី​សា​មុត ដែល​នៅ​រស់រាន​មានជីវិត​នៅ​ក្នុង​ខេត្តក្រចេះ និង​ផ្នែក​ខ្លះ​ទៀត​នឹង​និយាយ​ពី​វីរៈភាព ភាព​ល្បីល្បាញ​របស់​លោក ស៊ិ​ន ស៊ី​សា​មុត ដែល​ល្បី​រន្ទឺ​ពេញ​ផ្ទៃ​ប្រទេស ក្នុង​ពេល​ដែល​បទ​ចម្រៀង​របស់​លោក​គឺ​មាន​អ្នកចេះ​ច្រៀង​ស្ទើរ​គ្រប់​មនុស្ស​គ្រប់​វ័យ។

លោក ប៉ុក បូ​រក្ស បន្ត​ទៀត​ថា គម្រោង​ផលិតភាព​យន្ត​ឯកសារ​ខាងលើ​នេះ ត្រូវ​បាន​គាំទ្រ​ទាំងស្រុង​ពី​ក្រសួង​វប្បធម៌ និង​ក្រសួង​សាធារណការ​ដែល​មាន​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ខណៈ​ពេល​ដែល​ផលិតករ​អា​មេ​រិ​កមួយ​នេះ គឺជា​មិត្តភក្តិ​ស្គាល់​លោក​រដ្ឋមន្ត្រី​ផង​ដែរ ។ លោក​ថា ភាពយន្ត​ឯកសារ​នេះ បាន​រៀបចំ​ចងក្រង​ថត​ឡើង​ក្រោយ​ពី​ការ​រៀបចំ​ការ​ប្រគំ​តន្ត្រី​មួយ​កាលពី​អំឡុង​ឆ្នាំ ២០១៧ និយាយ​ពី​លោក ស៊ិ​ន ស៊ី​សា​មុត ក្រោម​ការ​គាំទ្រ​ពី​ក្រសួង​វប្បធម៌ និង​ក្រសួង​ពាណិជ​កម្ម ដែល​ពេល​នោះ​គឺ​លោក ស៊ុន ចាន់​ថុ​ល ជា​រដ្ឋមន្ត្រី ។

លោក​បញ្ជាក់​ថា តាម​គម្រោង​ភាពយន្ត​ឯកសារ​នេះ ពេល​ដែល​ថត​ចប់ គឺ​មិនមែន​តែ​ចាក់​បញ្ចាំង​នៅ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ពោល​គឺ​គ្រោង​នឹង​ចាក់​នៅ​ក្រៅ​ស្រុក​ផង​ដែរ ក្នុង​គោលបំណង​ផ្សព្វ​ផ្សាយ​នៅ​ភាព​ល្បីល្បាញ​នៃ​កំពូល​តារាចម្រៀង​ដ៏​ល្បីល្បាញ​បំផុត​របស់​កម្ពុជា​កាលពី​អតីតកាល ។

គួ​រំឭក​ថា លោក ស៊ី​ន ស៊ី​សា​មុត គឺជា​អ្នកនិពន្ធ​បទ​ចម្រៀង និង​ជា​អ្នកចម្រៀង​ខ្មែរ​ដ៏​ល្បីល្បាញ​បំផុត នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ៥០ ដល់ ៧០ ។ លោក​មាន​រហស្សនាម​ថា ជា​អធិរាជ​សំឡេង​មាស ។ លោក ស៊ី​ន​-​ស៊ី​សា​មុត ទទួលមរណភាព​ក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​១៩៧៦ ។ ភាព​ល្បីល្បាញ​របស់​លោក ស៊ី​ន​-​ស៊ី​សា​មុត គឺ​បាន​ពី​ទឹកដម​សំឡេង​ដ៏​ក្រអួន​ក្រអៅ ពីរោះ​រណ្ដំ​ចិត្ត គួប​ផ្សំ​នឹង​បទ​ចម្រៀង​មនោសញ្ចេតនា​គ្រប់​រសជាតិ លន្លង់លន្លោច សប្បាយ កម្សត់​ខ្លោចផ្សា ។​ល​។ ដែល​ជា​ស្នាដៃ​និពន្ធ​ផ្ទាល់​របស់​លោក និង​អ្នកនិពន្ធ​ដទៃ​ក្នុង​ជំនាន់​លោក ។

បើ​យោង​តាម​ឯកសារ​លោក ស៊ី​ន ស៊ី​សា​មុត បាន​ចាប់កំណើត​នៅ​ថ្ងៃ​២៣ ខែសីហា ១៩៣២ នៅ​ខេត្តស្ទឹងត្រែង ។ លោក​ជា​កូនប្រុស​ពៅ​នៃ​បណ្ដា​បងប្អូន ៤​នាក់ (​ប្រុស ២ ស្រី ២) ។ ឪពុក​របស់​លោក​ជា​ឆ្មាំ​យាម​ពន្ធនាគារ​នៅ​ខេត្តបាត់ដំបង និង​ជា​ទាហាន​ប​ដិ​វដ្ត​ន៍​ប្រឆាំង​អាណានិគម​បារាំង។

ឪពុក​របស់​លោក​បាន​លាចាក​លោក​ដោយ​ជំងឺ ហើយ​ម្តាយ​របស់​លោក​ក៏​រៀប​ការ​ម្តងទៀត ដែល​អាពាហ៍ពិពាហ៍​ក្រោយ​នេះ​បន្សល់​ទុក​នូវ​កូន ២​នាក់​ទៀត ។ បើ​និយាយ​ពី​លោក ស៊ិ​ន ស៊ី​សា​មុត រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​គ្មាន​នរណា​ម្នាក់​មិន​ស្គាល់ និង​ចេះ​ច្រៀង​បទ​ចម្រៀង​របស់​លោក​នោះ​ឡើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ