ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ពលការិនី​លួចរត់​​ធ្លាក់បាក់​ជើង ពេល​នេះស្លាប់​ស្ត្រីម្នាក់ទៀត

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ពល​ការិនី​​ម្នាក់​ស្លាប់​នៅ​លើ​ទីតាំង​ផ្ទះ​ល្វែង​ជាន់​​ទី​២ របស់​ក្រុម​ហ៊ុន​​ធី & ភី ខូល​អិល​​ធី​ឌី ដែល​ជា​ក្រុម​ហ៊ុន​​​​រក​ការ​ងារ​ជូន​​ពល​ការិនី​ខ្មែរ​​ទៅ​ធ្វើ​ការ​នៅ​បរទេស​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ​លេខ​៣៤ ​ផ្លូវ​២៧១ ភូមិ​បឹង​ឈូក សង្កាត់​​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ ​កាល​ពី​​វេលា​ម៉ោង​២ អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ មីនា ។ នេះ​ជាហេតុ​ការណ៍​​មួយ​ថ្មី​ទៀត​បន្ទាប់​ពី​​ពល​ការិនី​ម្នាក់​ដែល​នឹក​​កូន​ពេក សុំ​ច្បាប់​មិន​បាន​ក៏​ប្តូរ​ជីវិត​​​សម្រូត​ខ្លួន​ចុះ​តាម​​ទុយោ​ទឹក​ធ្លាក់​​បាក់​ជើង ​កាល​ពី​ថ្ងៃ​ទី​២ មីនា មុន​នេះ ។

​ប៉ូលិស​​បាន​នាំ​ខ្លួន​មនុស្ស​​ពាក់​ព័ន្ធ​​៣​​នាក់ ​ជុំ​វិញ​​​ការ​ស្លាប់​​​​ពល​ការិនី​នេះ​មាន​​អ្នក​បើក​បរ​រថយន្ត​​​ម្នាក់ និង​អ្នក​​មើល​ការ​ខុស​ត្រូវ​ក្រុម​ហ៊ុន​២​នាក់ ទៅ​​ធ្វើ​ការ​​សាក​សួរ​នៅ​​អធិការ​ដ្ឋាន​​ ​ក៏​ប៉ុន្តែ​​ជន​ទាំង​​៣​​នាក់ ​ពុំ​ត្រូវ​បាន​ប៉ូលិស​​ឃាត់​ខ្លួន​ ឬ​ចោទ​​ប្រកាន់​​​ពី​បទ​អ្វី​ឡើយ ។ ​តែ​ទោះ​បី​ជា​​យ៉ាង​ណា ប៉ូលិស​​និយាយ​ថា ​កំពុង​តែ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​ ដើម្បីចាត់​​ចែង​របៀប​ណា​ ខណៈ​​ពេល​ដែល​​ក្រុម​ហ៊ុន​​នេះ​ចេះ​តែ​កើត​​មាន​រឿង​រ៉ាវ​អាក្រក់​បន្ត​បន្ទាប់​​បែប​នេះ​ ។

នៅ​កន្លែង​កើត​ហេតុ​​​ជា​ទី​ដែល​​ពល​ការិនី​​​ម្នាក់​ស្លាប់​ ពួក​អ្នក​​មើល​ការ​ខុស​ត្រូវ​ក្រុម​ហ៊ុន​បាន​ប្រើ​កម្លាំង​​ជិត​១០​នាក់ ​ជា​មនុស្ស​កាច​មក​​រារាំង​ និង​បណ្តេញ​​មិន​ឱ្យ​អ្នក​កាសែត​​​យក​ព័ត៌​មាន​​ឡើយ ។ ​ជុំ​វិញ​ករណី​ពល​​ការិនី​ស្លាប់​ខាង​លើ លោក​ម៉ក់ ហុង អធិ​ការ​ប៉ូលិស​​ខណ្ឌ​សែន​សុខ បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា ពល​ការិនី​នេះ​ឈ្មោះ​ស៊ឹង ស៊ី​ណា អាយុ​​៣៧​ឆ្នាំ មាន​ស្រុក​កំណើត​​នៅ​ភូមិ​វាល​គ្រៀល ​ស្រុក​កំពង់​​សៀម ខេត្ត​​កំពង់​ចាម ​មាន​កូន​៣​នាក់ ស្រី​ម្នាក់ ប្រុស​២​នាក់ ហើយ​បាន​មក​ស្នាក់​នៅ​ក្នុង​​ក្រុម​ហ៊ុន​នេះ​ប្រមាណ​ជាង​៤​ខែ​មក​ហើយ ដោយ​រង់​ចាំ​ទៅ​ស៊ី​ឈ្មួល​បំរើ​គេ​​នៅ​ប្រទេស​ម៉ាឡេ​ស៊ី ។ លោក​បន្ត​ថា ការ​ស្លាប់​របស់​​​ពល​ការិនី​នេះ ​ដោយ​សារ​គាំង​បេះ​ដូង (ខ្យល់​គរ) នេះ​ បើ​តាម​ការ​ពិនិត្យ​​របស់​គ្រូ​ពេទ្យ​។

លោក​បញ្ជាក់​ទៀត​ថា ​មនុស្ស​៣​នាក់​ដែល​ប៉ូលិស​​នាំ​ខ្លួន​ទៅ​សាក​សួរ​គឺ ១-ឈ្មោះ​ពៅ ថុន ​អ្នក​បើក​បរ​រថយន្ត ២-ឈ្មោះ​ឆាយ ​ហាក់ និង​៣-​ឈ្មោះ​ជិន សុវណ្ណ ​ជា​អ្នក​​​មើល​ការ​ខុស​ត្រូ​វ​ក្រុម​ហ៊ុន ដោយ​ពួក​គេ​​ជា​អ្នក​​ដឹក​សព​ស្ត្រី​រង​គ្រោះ​​ចេញ​ពី​ទី​តាំង​ក្រុម​ហ៊ុន​​បំណង​ទៅ​មន្ទីរ​ពេទ្យ ប៉ុន្តែ​​មិន​ទាន់​​ដល់​មន្ទីរ​ពេទ្យ​ផង ក៏​​​​​ដឹក​ត្រឡប់​​មក​វិញ ទើប​​រាយ​ការណ៍​​ប្រាប់​​ប៉ូលិស​​។ ត្រង់​ចំណុច​នេះ ជំហាន​ដំបូង​​ប៉ូលិស​បាន​សង្ស័យ​ថា ​បើ​មនុស្ស​ស្លាប់​​​ហើយ​ម៉េច​ក៏​ដឹក​ទៅ​​មន្ទីរ​​ពេទ្យ​ មិនទុក​នៅ​ក្នុង​ផ្ទះ​ក្រុម​ហ៊ុន​​ ហើយ​រាយ​ការណ៍​ប្រាប់​ប៉ូលិស​ដើម្បី​​ទៅ​ពិនិត្យ​។ ប៉ុន្តែ​អ្នក​ទាំង​បី​បាន​និយាយ​ដោះ​សារ​ថា ​ការ​ដែល​ពួក​គេ​ដឹក​ស្ត្រី​រង​គ្រោះ​នេះ​​ទៅ​មន្ទីរ​ពេទ្យ ​ដើម្បី​ជួយ​សង្គ្រោះ​​ តែ​ដល់​ឃើញ​ស្ត្រី​នេះ​ស្លាប់​​ហើយ​ក៏​ដឹក​មក​ផ្ទះ​​វិញ។

ចំពោះ​​មន្ត្រី​ប៉ូលិស​​​ផ្នែក​បច្ចេក​ទេស​ពិនិត្យ​សាក​សព​បាន​ឱ្យ​ដឹង​ថា ​ក្រោយ​ការ​ពិនិត្យ​លើ​ខ្លួន​សាក​សព​ស្ត្រី​រងគ្រោះ​ គឺ​ពុំ​បាន​​រក​ឃើញ​​ស្លាក​​​ស្នា​ម​អ្វី​គួរ​ឱ្យ​​កត់​សំគាល់​​នោះ​ទេ ។ ប៉ុន្តែ​​ទោះ​បី​ជា​យ៉ាង​ណា ​គ្រូ​ពេទ្យ​​បាន​បូម​​ឈាម​សាក​សព​យក​ទៅ​ពិនិត្យ​មើល​ថែម​ទៀត ​ថា តើ​ស្ត្រី​រង​គ្រោះ​​នេះ​អាច​មាន​ជាតិ​​ពុល ឬ​យ៉ាងណា​នោះ?

ចំណែក​លោក​ឃួង ស្រេង អភិ​បាល​ខណ្ឌ​សែន​សុខ បាន​ប្រាប់​កោះ​សន្តិ​ភាព​ដែរ​ថា ​លោក​បាន​បញ្ជា​ឱ្យ​ប៉ូលិស​​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​ចំពោះ​​រឿង​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​បន្ត​បន្ទាប់​នេះ​ ហើយ​តុលា​ការ​ជា​អ្នក​សម្រេច​​យ៉ាង​ណា​​ជា​ឆន្ទា​នុ​សិទ្ធិ​របស់​តុលា​ការ​​។

​គួរ​បញ្ជាក់​ថា ​ក្រុម​ហ៊ុន T&P ខាង​លើ​នេះ បាន​កើត​បញ្ហា​ចំនួន​២​ដង ក្នុង​រយៈ​ពេល​មិន​ទាន់​បាន​មួយ​សប្តាហ៍​​ផង ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​​ឈឺ​ក្បាល​​ថែម​ទៀត​ផង ។ ​​បើ​ទោះ​បី​ជា​យ៉ាង​ណា ប្រភព​ព័ត៌​មាន​​បាន​បង្ហើប​ឱ្យ​ដឹង​ថា ពល​ការិនី​ជា​ច្រើន​នាក់​ត្រូវ​គេ​ផ្ទុក​ឱ្យ​រស់​នៅ​លើ​ផ្ទះ​ល្វែង​ជាន់​ទី​២ ដោយ​​ការ​ចេញ​ចូល​មាន​ការ​ឆែក​ឆេរ​​ពី​អ្នក​យាម​ទ្វារ​មាន​ភាព​ប្រយ័ត្ន​​ប្រយែង​ខ្លាំង​ណាស់ ។ បើ​មើល​ទិដ្ឋ​ភាព​ពី​ខាង​ក្រៅ​នោះ​វិញ ជុំ​វិញ​របង​​នេះ​ត្រូវ​បាន​គេ​ហ៊ុម​ព័ទ្ធ​​​ដោយ​​សំណាញ់​ដែក និង​បន្លា​លួស និង​មាន​​ជញ្ជាំង​ស័ង្ក​សី​បិទ​ពី​ចំហៀង​​ថែម​ទៀត​ផង​ដែល​គេ​មើល​ពី​ក្រៅ​ទៅ​សង្ស័យ​មន្ទីរ​ឃុំ​ឃាំង​​អ្វី​មួយ៕