រាជធានីភ្នំពេញ ៖ ខណៈពេលដែលសាលាដំបូងរាជធានីភ្នំពេញ ត្រៀមអនុវត្តសាលដីការបស់តុលាការកំពូលលេខ៤៧៩ នៅព្រឹកថ្ងៃទី៣១ មីនា ប្រជាពលរដ្ឋចំនួន៤២គ្រួសារ រស់នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដែលប្រឈមមុខនឹងការរឹបអូសលំនៅឋានតាមអំណាចសាលដីកាតុលាការ បានធ្វើលិខិតស្នើសុំទៅសាលាដំបូងរាជធានីភ្នំពេញ ឱ្យផ្អាកការអនុវត្តសាលដីកា ព្រមទាំងទទូចសុំអន្តរាគមន៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ ។ ជាមួយនេះពួកគាត់ក៏បានត្រៀមដុតកង់ឡានដើម្បីប្រឆាំងការអនុវត្តរបស់សមត្ថកិច្ចដែរ។
ប្រជាពលរដ្ឋទាំង៤២គ្រួសារ បានសុំសម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌សើរើរឿងក្តីនេះឡើងវិញ ដោយបានចោទប្រកាន់ថា លោកឃុន ហាំង ឃុបឃិតគ្នាធ្វើឯកសារបំភាន់មន្ត្រីសូរិយោដី ។ នេះបើយោងតាមលិខិតរបស់តំណាងប្រជាពលរដ្ឋចំនួន៤២គ្រួសារដែលបានប្តឹងសុំអន្តរាគមន៍ទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
តាមតំណាងប្រជាពលរដ្ឋបានឱ្យដឹងថា ដីពួកគាត់កំពុងរស់នៅមានទំហំ៦.០០០ម៉ែត្រការ៉េ ស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ ។ ពួកគាត់បានទិញដីនេះតាំងពីឆ្នាំ២០០៤ និងឆ្នាំ២០០៥ ដោយស្របច្បាប់ទៅតាមសាលក្រមរបស់តុលាការលេខ០២ «ដ» ចុះថ្ងៃទី៦ មករា ឆ្នាំ២០០៤ និងមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានទៀតផង ។ លុះពេលពួកគាត់រស់នៅលើដីនោះបាន៤-៥ឆ្នាំ ស្រាប់តែលេចមុខលោកឃុន ហាំង បានបើកការប្តឹងប្តល់ទាមទារដីទំហំ៦.០០០ ម៉ែត្រការ៉េ ពីឈ្មោះមាស សាវឿន តាមរយៈការ ទិញពីឈ្មោះអៀ លឹមសួរ ដែលអះអាងថា ជាតំណាងឱ្យលោកចៅវ៉ា ។ ក្នុងការប្តឹងប្តល់នោះលោកឃុន ហាំង បានរត់ការសុំធ្វើប័ណ្ណកម្មសិទ្ធិកាន់កាប់អលចនវត្ថុឱ្យបានស្របច្បាប់ និងបានឈ្នះក្តីតាមអំណាចសាលដីកាលេខ៤៧៩ ចុះថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០០៧ ហើយបានបង្ខំឱ្យប្រជាពលរដ្ឋចំនួន៤២គ្រួសាររុះរើលំនៅឋានចេញ ។
ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា ពួកគាត់ទទួលភាពអយុត្តិធម៌ណាស់ ខណៈដែលពួកគាត់នាំគ្នាមកទិញដីតាមអំណាចសាលក្រមចាស់ និងមានអាជ្ញាធរដឹងឮហើយបែរជាក្រោយមកដីនោះត្រូវបានលោកឃុន ហាំង ប្តឹងឈ្នះក្តី និងត្រូវធ្វើការអនុវត្តសាលដីកាម្តងទៀតទៅវិញ ។ ប្រជាពលរដ្ឋបានបន្តទៀតថា ដីដែលពួកគាត់រស់នៅជាដីផ្សេងពីដីដែលលោកឃុន ហាំង ឈ្នះក្តី និងត្រៀមអនុវត្តសាលដីកានោះ។ ប្លង់ដីមានលក្ខណៈខុសគ្នាដោយប្លង់ដីរបស់ពួកគាត់រស់នៅ គឺខាងជើងជាប់នឹងដីឈ្មោះរស់ ថិន ចំណែកប្លង់ដីលោកឃុន ហាំង ឈ្នះក្តីគឺខាងជើងជាប់នឹងដីឧកញ៉ា សួ សារិទ្ធ ។
តំណាងប្រជាពលរដ្ឋបានសំណូមពរដល់អធិការកិច្ចសូមចុះស្រាវជ្រាវជុំវិញដីទំនាស់នេះឡើងវិញ ដើម្បីផ្តល់យុត្តិធម៌ដល់ពួកគាត់ដែលបានទិញដីនេះដោយស្របច្បាប់ និងសំណូមពរដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ និងស្នើសុំដល់សាលាដំបូងរាជធានីភ្នំពេញ ផ្អាកការអនុវត្តសាលដីកាដែលគ្រោងនឹងអនុវត្តនៅព្រឹកថ្ងៃទី៣១ មីនា ផងដែរ។ បើសិនគ្មានការផ្អាកការអនុវត្តសាលដីកានោះទេ ពួកគាត់ត្រៀមដុតកង់ឡានដើម្បីប្រឆាំងការអនុវត្តសាលដីកានេះ ។ គួរបញ្ជាក់ថា សំណង់លំនៅឋានប្រជាពលរដ្ឋដែលត្រៀមអនុវត្តរឹបអូសតាមអំណាចសាលដីកាតុលាការកំពូលនេះជាសំណង់ផ្ទះល្វែង និងភូមិគ្រឹះ សំណង់ខ្វះមានរហូតដល់៣ជាន់ ដែលប្រជាពលរដ្ឋបានទិញលក់តៗគ្នាទៅតាមសាលក្រមតុលាការ និងមានអាជ្ញាធរដឹងឮ ។
តាមព័ត៌មានឱ្យដឹងថា សំណុំរឿងដែលធ្វើឱ្យលោកឃុន ហាំង ឈ្នះក្តីមានលក្ខណៈមិនប្រក្រតី។ បើតាមលិខិតរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានជម្រាបមកលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយាដីរាជធានីភ្នំពេញ បានធ្វើការចោទសួរថា ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីរបស់ឈ្មោះឃុន ហាំង ធ្វើឡើងនៅថ្ងៃទី២៥ មិថុនា ឆ្នាំ២០០៣ រីឯលិខិតផ្ទេរកម្មសិទ្ធិកាន់កាប់ដីចុះថ្ងៃទី២២ កក្កដា ឆ្នាំ២០០៣ រវាងឈ្មោះអៀ លឹមសួរ និងឈ្មោះឃុន ហាំង តើមានលក្ខណៈត្រឹមត្រូវឬទេ? លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីរវាងឈ្មោះអៀ លឹមសួរ និងឈ្មោះឃុន ហាំង ធ្វើឡើងនៅថ្ងៃទី២២ កក្កដា ឆ្នាំ២០០៣ រីឯកំណត់ហេតុអង្កេតដីកសាងនៅថ្ងៃទី៩ កក្កដា ឆ្នាំ២០០៣ តើមានលក្ខណៈត្រឹមត្រូវឬទេ។ ទោះបីជាយ៉ាងណា កោះសន្តិភាពពុំទទួលបានការបំភ្លឺណាមួយពីលោកឃុន ហាំង ដែលជាភាគីឈ្នះក្តីនៅឡើយទេ ៕
ចែករំលែកព័តមាននេះ