ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​អឺរ៉ុប​នឹង​មិន​បោះបង់​ពលរដ្ឋ​ខ្មែរ​១៦​លាន​នាក់​តាម​រយៈ​ផ្តាច់​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហគមន៍​អឺរ៉ុប (EU) នឹង​មិន​បោះបង់​ចោល​ប្រជាពលរដ្ឋ​ខ្មែរ​១៦​លាន​នាក់​តាម​រយៈ​ការ​ផ្តាច់​អនុគ្រោះ​ពន្ធ ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​កម្ពុជា​នោះ​ទេ ។ នេះ​បើ​តាម​លោក​ព្រាប កុ​ល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ សហគមន៍​អឺរ៉ុប (EU) នឹង​មិន​បោះបង់​ចោល​ប្រជាពលរដ្ឋ​ខ្មែរ​១៦​លាន​នាក់​តាម​រយៈ​ការ​ផ្តាច់​អនុគ្រោះ​ពន្ធ ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​កម្ពុជា​នោះ​ទេ ។ នេះ​បើ​តាម​លោក​ព្រាប កុ​ល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ។

លោក​ព្រាប កុ​ល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា​ថា​ទោះបីជា​ទំនាក់ទំនង​អន្តរជាតិ និង​ការទូត រវាង​រដ្ឋាភិបាល​កម្ពុជា និង​សហគមន៍​អឺរ៉ុប​កំពុង​មាន​អ​រី​យ៍​ភាព ឬ​ភាព​ល្វីង​ជូ​ចត់​ដោយសារ​តែ​ស្ថានការណ៍​នយោបាយ ២​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្តី​ក៏​ខ្ញុំ​នៅ​តែ​អាច​ធ្វើ​ឲ្យ​មាន​សំណើច និង​ស្នាមញញឹម​នៅ​ពេល​ខ្ញុំ​ជួប​ពិភាក្សា​ជាមួយ​មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល និង​អ្នកការទូត​នៃ​បណ្តា​ប្រទេស​នៅ​ទ្វីបអឺរ៉ុប​បាន​ដែរ ។ លោក​បន្ត​ថា មូលហេតុ គឺ​ដោយសារ​ខ្ញុំ​ជា​មនុស្ស​មាន​សុទិដ្ឋិនិយម (optimism) និង​មាន​ក្តី​សង្ឃឹមថា ពលរដ្ឋ​ខ្មែរ ជា​ពិសេស​អ្នក​ជំនាន់​ក្រោយ​នឹង​មិន​បណ្តោយ​ឲ្យ​ស្ថានការណ៍​ប្រជាធិបតេយ្យ​នៅ​បែប​នេះ​រហូត​ឡើយ ហើយ​ខ្ញុំ​បាន​បង្ហាញ​ហេតុផល និង​ទទូច​ឲ្យ​មានការ​យល់​ស្រប និង​ឯកភាព​ថា សហគមន៍​អឺរ៉ុប​នឹង​មិន​បោះបង់​ពលរដ្ឋ​ខ្មែរ ១៦​លាន​នាក់​ចោល​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ​សហគមន៍​អឺរ៉ុប​នឹង​នៅ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ផ្តល់​កម្លាំងចិត្ត និង​ចូលរួម​គាំទ្រ​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​បន្តដំណើរ​នៃ​ការ​តស៊ូ​ដើម្បី​បុព្វហេតុ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​បន្ត​ទៀត ។

អង្គការ​តម្លាភាព​កម្ពុជា​លើក​ឡើង​បែប​នេះ ក្រោយ​ពី EU បាន​ចាប់ផ្តើម​នីតិវិធី​ជា​ផ្លូវការ​ផ្អាក​ជា​បណ្តោះអាសន្ន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​គ្រប់​ប្រភេទ​លើកលែងតែ​អាវុធ (EBA) កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ​មុន​នឹង​អាច​ឈាន​ទៅ​រក​ការ​ព្យួរ​នៅ​ខែកុម្ភៈ ឆ្នាំ​២០២០ ។ ក្នុង​រយៈពេល​១២​ខែ​នេះ មានការ​បែងចែក​ដំណាក់កាល​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​រយៈពេល​៦​ខែ (​គិត​ចាប់ផ្តើម​ពី​ខែកុម្ភៈ ឆ្នាំ​២០១៩ តទៅ​រហូត​ដល់​ខែកក្កដា ២០១៩) ។ ត្រូវ​សរសេរ​របាយការណ៍ និង​ប្រមូល​ភស្តុ​តាង ៣​ខែ (​ខែសីហា រហូត​ដល់​ខែតុលា ២០១៩) ។ ទទួលយក​ការ​បកស្រាយ និង​ឆ្លើយ​តប​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈពេល​១​ខែ (​ខែវិច្ឆិកា ដល់​ខែធ្នូ ២០១៩) ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ