ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋបាល​ស្រុក​អង្គរធំ​ម្នាក់​បង្ក​គ្រោះ​ស្លា.ប់​២​នាក់ ត្រូវ​បញ្ជូន​សំណុំរឿង​ទៅ​តុលា​ការ​ហើយ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នាយក​រដ្ឋបាល​ស្រុក​អង្គរធំ​ម្នាក់​ដែល​ស្រវឹង​ហើយ​បើករថយន្ត​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​របស់​ប្រជាពលរដ្ឋ បណ្តាល​ឱ្យ​ស្លាប់​២​នាក់​នៅ​នឹង​កន្លែង​កើតហេតុ​នោះ ត្រូវ​បាន​នគរបាល​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត​ហើយ​កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា កន្លង​ទៅ​នេះ​។ ជនសង្ស័យ​ខាងលើ​ឈ្មោះ​ថា…

ខេត្តសៀមរាប ៖ តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នាយក​រដ្ឋបាល​ស្រុក​អង្គរធំ​ម្នាក់​ដែល​ស្រវឹង​ហើយ​បើករថយន្ត​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​របស់​ប្រជាពលរដ្ឋ បណ្តាល​ឱ្យ​ស្លាប់​២​នាក់​នៅ​នឹង​កន្លែង​កើតហេតុ​នោះ ត្រូវ​បាន​នគរបាល​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត​ហើយ​កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា កន្លង​ទៅ​នេះ​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​ថា ខាន ម៉ាង ភេទ​ប្រុស ជា​នាយក​រដ្ឋបាល នៅ​សាលាស្រុក​អង្គរធំ ជា​អ្នកបើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក់​អ៊ី​ស៊ុ​យ​ហ្ស៊ុ​យ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ សៀមរាប ២A-៨៧៥៤ ។ ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ ឈិ​ន វន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ភិន រ៉េ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​រស់នៅ​ភូមិ​សំរោង ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ សៀមរាប ១X-២៤៥៣ ។

គួរ​រ​ំលឹក​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍មួយបានកើតឡើង​​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​បុរស​២​នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៨​និង​១៧​នាទី​យប់​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​ត្រង់​ចំណុច​ខាងជើង​ផ្លូវ​ចុះ​ភូមិ​ភ្លង់ ចំងាយ​ប្រហែល​២០០​ម៉ែត្រ លើ​ផ្លូវ​ក្រាល​កៅស៊ូ ក្នុងភូមិ​ភ្លុង ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ម្នាក់​ខាងលើ​បាន​ជួបជុំ​មិត្តភក្តិ​ផឹកស៊ី​ បន្ទាប់​មក​ជនសង្ស័យ​ក៏​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​អុី​ស៊ុ​យ​ហ្សុ៊យ​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​របស់​ប្រជាពលរដ្ឋ កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង បណ្តាល​ឲ្យ​ស្លាប់​២​នាក់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។ ចំណែក​អ្នកបើកបរ​រថយន្ត​ក៏​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពី​កើតហេតុ នគរបាល​បាន​ចុះ​ទៅ​ដល់​កន្លែងកើតហេតុ​ដើម្បី​ពិនិត្យវាស់វែង និង​ធ្វើ​កំណត់ហេតុ​ដកហូត​វត្ថុ​តាង​ទាំង​ពីរ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។

លោក​វរសេនីយ៍ឯក ជ្រិញ គឹ​ម​នី អធិការ​នគរបាល​ស្រុក​អង្គរធំ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ កញ្ញា នេះ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គឺ​គ្រួសារ​ខាង​ជន​បង្ក​បាន​ជួប​ដោះស្រាយ​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ ដោយ​សង​សំណង​ជំងឺ​ចិត្ត​ចំពោះ​គ្រួសារ​សព​ទាំង​២​នាក់​ចំនួន​១​ម៉ឺន​ដុល្លា​ដើម្បី​បញ្ចប់រឿង​។ លោក​បន្ថែម​ថា ទោះបី​គ្រួសារ​ទាំង​២​បាន​ដោះស្រាយ​សំណង​រដ្ឋប្បវេណី​នឹង​គ្នា​យ៉ាងណា​ក៏​ដោយ ក៏​ខាង​ជំនាញ​របស់​លោក​បាន​រៀបចំ​សំណុំ រឿង​បញ្ជូន​ទៅ​ការិយាល័យ​ចរាចរ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​រួច​ហើយ​។

រីឯ​លោក​វរសេនីយ៍ឯក ជឹ​ម សុវណ្ណ នាយការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា​នេះ​ថា ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ ខាង​លោក​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ដដែល​នេះ​តែ​ម្តង ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ