ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ផ្តល់​ជំនួយ​ជាង​៣៧៨ពាន់​ដុល្លារ​ស្តារ​ប្រព័ន្ធ​លូ​ស្រោច​ស្រព​៤

13 ឆ្នាំ មុន

កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ​ រដ្ឋា​ភិបាល​​ជប៉ុន​បាន​​ផ្តល់​​ថវិកា​សរុប​ចំនួន​៣៧៨.៣៤២​ដុល្លារ​​អាមេ​រិក សម្រាប់​គម្រោង​ចំនួន​៤ ដើម្បី​ស្តារ​ប្រព័ន្ធ​ធារា​សាស្ត្រ​​តាម​រយៈ​គ្រោង​ការណ៍​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​របស់​ជប៉ុន​នៃ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់​ទ្រាយ​តូច​សន្តិ​សុខ​មនុស្ស​ជាតិ (ជំនួយ​គូ​សា​ណូ​ណ៌) ។ កិច្ច​សន្យា​ផ្តល់​ជំនួយ​ទាំង​នេះ ​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​នៅ​ស្ថាន​ទូត​ជប៉ុន

កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ​ រដ្ឋា​ភិបាល​​ជប៉ុន​បាន​​ផ្តល់​​ថវិកា​សរុប​ចំនួន​៣៧៨.៣៤២​ដុល្លារ​​អាមេ​រិក សម្រាប់​គម្រោង​ចំនួន​៤ ដើម្បី​ស្តារ​ប្រព័ន្ធ​ធារា​សាស្ត្រ​​តាម​រយៈ​គ្រោង​ការណ៍​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​របស់​ជប៉ុន​នៃ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់​ទ្រាយ​តូច​សន្តិ​សុខ​មនុស្ស​ជាតិ (ជំនួយ​គូ​សា​ណូ​ណ៌) ។ កិច្ច​សន្យា​ផ្តល់​ជំនួយ​ទាំង​នេះ ​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​នៅ​ស្ថាន​ទូត​ជប៉ុន​ថ្ងៃ​នេះ​ ដោយ​លោក​ ម៉ាសាហ៊្វូមី គូ​រ៉ូ​គី ឯក​អគ្គ​រាជ​ទូត​​វិសាម​ញ្ញ និង​ពេញ​សមត្ថ​​ភាព​របស់​ប្រទេស​ជប៉ុន​​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​អ្នក​តំណាង​​ស្ថាប័ន​ ​ទទួល​ជំនួយ​នីមួយៗ​ដើម្បី​អនុ​វត្ត​គម្រោង​ដូច​ខាង​​ក្រោម ៖

  • ១-គម្រោង​​ស្តារ​ប្រព័ន្ធ​ស្រោច​ស្រព​អូរ​អង្ក្រង ក្នុង​ខេត្ត​ព្រៃ​វែង (៩៥.៦០៩​ដុល្លារ​​អាមេ​រិក) ​ស្ថាប័ន​ទទួល​ជំនួយ​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុ​​និយម​​ខេត្ត​ព្រៃ​វែង

ជា​មួយ​ថវិការ​នេះ ប្រព័ន្ធ​​ស្រោច​ស្រព​អូរ​អង្ក្រង នឹង​ត្រូវ​ធ្វើ​ការ​ស្តារ​ឡើង​វិញ​ដោយ​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុ​និយម​ខេត្ត​ព្រៃ​វែង ។ គម្រោង​នេះ​រួម​បញ្ចូល​ទាំង​ការ​ស្តារ​សំណង់​បញ្ចេញ​-បញ្ចូល​ទឹក​ សំណង់​ដោះ​ទឹក​ប្រឡាយ និង​ទំនប់​ប្រវែង​ជាង​១.០០០​ម៉ែត្រ ។ គេ​សង្ឃឹម​ថា គម្រោង​នេះ​នឹង​កាត់​បន្ថយ​ទឹក​ជំនន់​​ ដែល​បណ្តាល​ឱ្យ​ខូច​ខាត​ជា​ប្រចាំ ហើយ​នឹង​ផ្តល់​ឱ្យ​​​មាន​ភាព​ងាយស្រួល​ដល់​ការ​ប្រើ​ប្រាស់​ទឹក​សម្រាប់​​ប្រជា​កសិ​ករ​​ជាង​១.១០០​នាក់​ក្នុង​តំបន់​​ជាមួយ​​ការ​គាំទ្រ​បច្ចេក​ទេស​ពី​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុ​និយម​ខេត្ត​ ប្រជា​សហ​គមន៍ និង​ថែរក្សា​​ប្រព័ន្ធ​ស្រោច​ស្រព​បាន​ល្អ​ប្រសើរ ។

  • ២-គម្រោង​ស្តារ​ប្រព័ន្ធ​ស្រោច​ស្រព​អូរ​ដូង ក្នុង​ខេត្ត​កែប (៩៦​.៣០៦​ដុល្លារ​អាមេរិក) ​ស្តាប័ន​ទទួល​ជំនួយ​​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុ​និយម​​​ខេត្ត​កែប

​ស្រដៀង​គ្នា​ជា​មួយ​គម្រោង​​ខា​ងលើ​នេះ​​ដែរ ប្រព័ន្ធ​​ស្រោច​ស្រព​អូរ​ដួង នឹងត្រូវ​ធ្វើ​ការ​ស្តារ​ឡើង​វិញ​ដោយ​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុ​និយម​ខេត្ត​កែប ។ គម្រោង​រួម​បញ្ចូល​ទាំង​ការស្តារ​សំណង់​ទ្វារ​ទឹក សំណង់​​ដោះ​ទឹក និង​ទំនប់​ប្រវែង​​ជាង​៩០០​ម៉ែត្រ ។ ​គេ​សង្ឃឹម​ថា គម្រោង​នេះ​នឹង​ផ្តល់​ឱ្យ​មាន​​ភាពងាយ​​ស្រួល​ដល់​ការ​ប្រើ​ប្រាស់​​ទឹក​សម្រាប់​ដំណាំ​កសិ​កម្ម និង​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​​កសិ​ផល​ដោយ​ឆ្លង​កាត់​​លើ​ទំនប់​​សម្រាប់​ប្រជាជន​ជាង​១.៥០០​នាក់ ក្នុង​តំបន់​ជា​មួយ​​ការ​គាំទ្រ​​បច្ចេក​ទេស​ពី​មន្ទីរ​​ធន​ធាន​ទឹក និង​ឧតុ​និយម​ខេត្ត​ ប្រជា​សហ​គមន៍ និង​ថែរក្សា​​ប្រព័ន្ធ​​​ស្រោច​ស្រព​ឱ្យ​បាន​ល្អ​ប្រសើរ ។

  • ៣-គម្រោង​ស្តារ​ប្រព័ន្ធ​ស្រោច​ស្រព​អូរ​តាគី ក្នុង​ខេត្ត​បាត់​ដំបង (៩២.៣៥០​ដុល្លារ​អាមេ​រិក) ស្ថាប័ន​ទទួល​ជំនួយ ​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុ​និយម​ខេត្ត​បាត់​ដំបង

​ដូច​គ្នា​នេះ​ដែរ ជប៉ុន​​នឹង​ជួយ​ដល់​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុ​និយម​ខេត្ត​បាត់​ដំបង ដើម្បី​​ស្តារ​ប្រព័ន្ធ​​ស្រោច​ស្រព​អូរ​តាគី​ឡើង​វិញ ។ តាម​រយៈ​ការ​ស្តារ​ប្រឡាយ​រង​ទី​៣ ផ្លូវ​លំ​​ទៅ​កសិ​ដ្ឋាន និង​សំណង់​​​ទ្វារ​ទឹក​ដែ​ល​ធ្វើ​ឱ្យ​ប្រជា​កសិ​ករ​ប្រមាណ​ជាង​៧០០​នាក់ នឹង​អាច​ប្រើ​ប្រាស់​ទឹក​សម្រាប់​ស្រោច​ស្រព​ដំណាំ​កសិ​​កម្ម ។​ សមា​ជិក​នៃ​​គណៈ​កម្មា​ធិការ​អ្នក​ប្រើ​ប្រាស់​ទឹក និង​ថែទាំ​ប្រព័ន្ធ​ស្រោច​ស្រព​នេះ​ដោយ​មាន​​ជំនួយ​បច្ចេក​ទេស​ពី​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុ​និយម​ខេត្ត ។

  • ​៤-គម្រោង​ស្តារ​ប្រព័ន្ធ​ស្រោច​ស្រព​ស្រែ​ព្រះ​ក្នុង​ខេត្ត​មណ្ឌល​គិរី (៩៤.០៧៧​ដុល្លារ​អាមេ​រិក) ស្ថាប័ន​ទទួល​ជំនួយ​ មន្ទីរ​ធន​ធាន​​ទឹក​ និង​ឧតុ​និយម​​ខេត្ត​មណ្ឌល​គិរី

ដើម្បី​​ឆ្លើយ​តប​ទៅ​នឹង​កង្វះ​ខាត​ទឹក​ដោយ​សារ​តែ​អាង​មិន​អាចផ្ទុក​បាន ​ជប៉ុន​​នឹង​ជួយ​ដល់​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុ​និយម​​ខេត្ត​មណ្ឌល​គិរី ដើម្បី​ស្តារ​ប្រព័ន្ធ​ស្រោច​ស្រព​ស្រែ​ព្រះ​ឡើង​វិញ​ផង​ដែរ ។ គម្រោង​រួម​បញ្ចូល​ទាំង​ការ​សាង​សង់​​សំណង់ទ្វារ​ទឹក សំណង់​ដោះ​ទឹក សំណង់​បង្វៀរ​ទឹក និង​ស្តារ​ប្រឡាយ​​មេ​ដែល​មាន​ទំនប់​ប្រវែង​ជាង​៩០០​ម៉ែត្រ ។ តាម​រយៈ​គម្រោង​នេះ ​ប្រជា​កសិ​ករ​ជាង​៥០០​នាក់ នឹង​អាច​ទទួល​ទឹក​សម្រាប់​​ស្រោច​ស្រព​​ដំណាំ​កសិ​កម្ម ។ សមា​ជិក​នៃ​គណៈ​កម្មាធិ​ការ​អ្នក​ប្រើ​ប្រាស់​​ទឹក និង​ថែទាំ​ប្រព័ន្ធ​​​ស្រោច​ស្រព​នេះ​ដោយ​មាន​ជំនួយ​បច្ចេក​ទេស​ពី​មន្ទីរ​ធន​ធាន​ទឹក និង​​ឧតុ​និយម​​ខេត្ត ។

ជំនួយ​គុសា​ណូ​ណិ​របស់​ជប៉ុន ​បាន​ចាប់​ផ្តើម​​អនុ​វត្ត​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩១ ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​កិច្ច​ប្រឹង​ប្រែង​​អភិ​វឌ្ឍន៍​ និង​ស្ថាបនា​ប្រទេស​កម្ពុជា​ឡើ​ង​វិញ​នៅ​តាម​ថ្នាក់​មូល​ដ្ឋាន ។ ជំនួយ​នេះ​មាន​គោល​ដៅ​គាំ​ពារ​ជន​ដែល​ងាយ​រង​​គ្រោះ​​ពី​កត្តា​ផ្សេងៗ​ដូច​ជា ភាព​ក្រីក្រ​ ភាព​អកុសល​ផ្សេងៗ ដែល​គំរាម​កំហែង​ដោយ​ផ្ទាល់​ដល់​ជីវ​ភាព​រស់​នៅ ការ​ចិញ្ចឹម​ជីវិត និង​សេច​ក្តី​ថ្លៃ​ថ្នូរ​របស់​ពួក​គេ ក៏​ដូច​ជា​ជួយ​​ជំរុញ​នូវ​ភាព​ម្ចាស់​ការ​លើ​ខ្លួន​ឯង​របស់​ប្រជា​សហ​គមន៍ ។ ​ចាប់​​តាំង​ពី​ឆ្នាំ​១៩៩១ រដ្ឋា​ភិបាល​​ជប៉ុន​​បាន​ផ្តល់​ថវិកា​សរុប​ចំនួន​ជាង​៤៦,៣​លាន​ដុល្លារ​អាមេ​រិក ដល់​អាជ្ញ​ា​ធរ​មូល​ដ្ឋាន និង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​​អនុ​វត្ត​​គម្រោង​ចំនួន​៤៤៨​នៅ​ទូទាំង​ប្រទេស​កម្ពុជា ៕