រាជធានីភ្នំពេញ ៖ ទីតាំងមណ្ឌលសុខភាពផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលនៅចំរង្វង់មូលផ្សារដើមថ្កូវ មានព័ត៌មានលេចឮថា បានលក់ឱ្យឯកជនផុតហើយ នៅសល់តែពេលវេលា រើតោក រើហ៊ឹង ចេញតែប៉ុណ្ណោះ។
គ្រូពេទ្យម្នាក់បានប្រាប់កោះសន្តិភាពថា គេលក់យូរហើយ… សព្វថ្ងៃគ្រាន់តែនៅប្រចាំការតែប៉ុណ្ណោះ មិនមានសេវាធំដុំទេ ព្រោះម្ចាស់ថ្មីរង់ចាំដល់ថ្ងៃផ្ទេរទីតាំង ដើម្បីយកមកគ្រប់គ្រង ។
ចំណែកអ្នកលក់ដូរជុំវិញ ត្រូវបានគេដេញចេញតាមរូបភាពរៀបចំសណ្តាប់ធ្នាប់ខណ្ឌ ដែលតាមពិតអ្នកទិញបានប្រើឱ្យរដ្ឋអំណាចបណ្តេញចេញ ។
អ្នកលក់ដូរដែលគេដេញបានប្រាប់កោះសន្តិភាពថា ពួកគាត់មានមុខរបរលក់នៅទីនេះជាង១០ឆ្នាំហើយ ។ ពួកគេថា ការដេញចេញនេះដោយសារគេលក់ទីតាំងមណ្ឌលសុខភាព ។
តើសេដ្ឋីមួយណាដែលទិញទីតាំងមណ្ឌលសុខភាពនេះ? ម្នាក់ៗលាក់បាំងជិតឈឹងនៅឡើយ គេហាមមិនឱ្យនិយាយ… ប៉ុន្តែគង់តែធ្លាយចេញមិនខានទេ… មិនអាចសុំការបំភ្លឺពីលោកអភិបាលខណ្ឌចំការមន បានទេ ម្សិលម៉ិញនេះ ។
ប្រសិនមានព័ត៌មានប្លែក យើងនឹងផ្សាយជូនបន្តទៀត។
ចែករំលែកព័តមាននេះ