ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាស្មាន​មិនដល់​…មានទន្សោង4ហ្វូង​បាន​បង្ហាញ​ខ្លួន

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ពិតជា​នឹក​ស្មាន​មិន​ដល់​សោះ​ថា មាន​សត្វ​ទន្សោង​៤​ហ្វូង​បាន​បង្ហាញខ្លួន​នៅ​ក្នុង​ព្រៃ​សហ គមន៍​មួយ នា​ស្រុក​ថ្ពង នោះ​គឺ​សហគមន៍​ប្រាំបី​មុំ​ក្នុង​បរិវេណ​ភ្នំ​ព្រះ​ពួយ ។ ការ​បង្ហាញខ្លួន​របស់​ហ្វូង​សត្វ​កម្រ​នេះ ត្រូវ​បាន​ថ្នាក់ដឹកនាំ…

ខេត្តកំពង់ស្ពឺ ៖ ពិតជា​នឹក​ស្មាន​មិន​ដល់​សោះ​ថា មាន​សត្វ​ទន្សោង​៤​ហ្វូង​បាន​បង្ហាញខ្លួន​នៅ​ក្នុង​ព្រៃ​សហ គមន៍​មួយ នា​ស្រុក​ថ្ពង នោះ​គឺ​សហគមន៍​ប្រាំបី​មុំ​ក្នុង​បរិវេណ​ភ្នំ​ព្រះ​ពួយ ។ ការ​បង្ហាញខ្លួន​របស់​ហ្វូង​សត្វ​កម្រ​នេះ ត្រូវ​បាន​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​តាម​ទៅ​មើល ព្រមទាំង​មហាជន​មានការ​ចាប់អារម្មណ៍ និង​បាន​សំដែង​នូវ​ក្តី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង ដោយសារ​វត្តមាន​ហ្វូង​សត្វ​ទន្សោង​មិន​តិច​ជាង​៨០​ក្បាល​នោះ​ទេ ។

បើ​តាម​មន្ត្រី​សាលាខេត្ត​ម្នាក់​បាន​ប្រាប់​ថា «​កាលពី​រសៀល​ថ្ងៃ​ទី​១០ កញ្ញា កន្លង​មក​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ រួម​ជាមួយ​ថ្នាក់ដឹកនាំ​ជុំវិញ​ខេត្ត បាន​អញ្ជើញ​ទស្សនា​សត្វ​ទន្សោង​ដ៏​កម្រ​ប្រមាណ
​៨០​ក្បាល ដែល​កំពុង​រស់នៅ​លើ​ភ្នំ​ព្រះ​ពួយ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ក្រើ​ញ ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ខេត្តកំពង់ ស្ពឺ ។ មន្ត្រី​ដដែល​បន្ត​ថា ក្រោយ​ពី​ឃើញ​បែប​នេះ​ហើយ ធ្វើ​ឲ្យ​មន្ត្រី​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ត បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ព្រោះថា សត្វ​នេះ​គឺជា​សត្វ​កម្រ​ដែល​ចាំបាច់​ត្រូវ​អភិរក្ស ។

លោក សឿ​ន ឡាយ ប្រធាន​សហគមន៍​ប្រាំបី​មុំ​បាន​ប្រាប់​តាម​ទូរស័ព្ទ នា​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា​២០១៩​ថា សហគមន៍​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៣ ដោយ​ខាង​រដ្ឋបាល​ព្រៃឈើ ។ លោក សឿ​ន ឡាយ បន្ត​ថា កាល ពី​បង្កើត​ដំបូង​ឃើញ​មាន​តែ​៣០​ក្បាល​ទេ រហូត​២០០៤​រាប់​ឃើញ​មាន​៤០​ក្បាល រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​ចំនួន​៨០​ក្បាល រស់នៅ​៤​ហ្វូង​ផ្សេង​ៗ​គ្នា ។ លោក​ប្រធាន​បាន​រំលឹក​ថា កាលពី​បង្កើត​ដំបូង លោក​និង​សមាជិក​របស់​លោក​រស់នៅ​ក្នុង​ព្រៃ ដើម្បី​ការពារ​សត្វ​ទាំងនេះ គឺ​ឯកោ​ខ្លាំង​ណាស់ ព្រោះ​ព្រៃ​មាន​ទំហំ​ដល់​ទៅ​១.២២១​ហិ​កតា ហ៊ុម​ព័​ទ្ឋ​ជុំវិញ​ដោយ​ចំការ​អំពៅ ។

កាលពី​អំឡុង​ឆ្នាំ​២០១២ និង​២០១៣ ហ្វូង​សត្វ​ទាំងនេះ ត្រូវ​បាន​ក្រុម​មនុស្ស​ខិលខូច​លួច​មក​យាយី​ជីវិត​យ៉ាង​ខ្លាំង រហូត​ដល់​ឆ្នាំ​២០១៨ ខាង​សមត្ថកិច្ច​ឃាត់ខ្លួន​មេខ្លោង​ម្នាក់​បញ្ជូន​ទៅ​តុលាការ ។ ចាប់តាំងពី​ពេល​នោះ​មក​គ្មាន​ជន​ណា​ហ៊ាន​ចូល​មក​បរបាញ់​សត្វ​ទាំងនេះ​ទៀត​ឡើយ ។

លោក គាវ លាង​គា អភិបាលស្រុក​ថ្ពង​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​ខាង​សហគមន៍ អំពី​វត្តមាន​របស់​ហ្វូង​សត្វ​ទន្សោង​ក៏​ដូច​ជា​ការ​អំពាវនាវ​រក​ការ​ឧបត្ថម្ភ​គាំទ្រ​លោក វុ​ី សំណាង អភិបាលខេត្ត​ក៏​បាន​ឆ្លៀតពេល​ដ៏​មមាញឹក​ពី​ការងារ ចុះ​មក​ពិនិត្យ​ដោយ​នាំ​មក​នូវ​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន មក​ជូន​ដល់​សមាជិក​ស្ម័គ្រចិត្ត​ក្នុង​សហគមន៍ ក្នុង​ម្នាក់​ថវិកា​១០​មុ​ឺ​ន​រៀល អង្ករ​២៥​គីឡូក្រាម សម្លៀក​បំពាក់​១​កំ​ប្លេ មី​១​កេស ទឹកត្រី​ទឹក​សុ​ី​អុ​ី​វ​១​យួរ ដូច​បាន​ជួយ​លើកទឹកចិត្ត​ដល់​សហគមន៍ ដើម្បី​មើលថែ​សត្វព្រៃ​ដ៏​កម្រ​នេះ ។

យោង​តាម​របាយការណ៍​របស់​អង្គការ​មូលនិធិ​សាកល​សម្រាប់​អភិរក្ស​ធម្មជាតិ WWF ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​សិក្សា​រួម​គ្នា​ជាមួយ​មន្ត្រី​រាជរដ្ឋាភិបាល​បាន​ទាមទារ​ឱ្យ​មានការ​អភិរក្ស​សត្វ​ទន្សោង​នេះ​ជា​បន្ទាន់ ។របាយ​កាណ៍​ដដែល​បង្ហាញ​ថា សត្វ​ទន្សោង​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ចំនួន​ចន្លោះ​ពី​២.៧០០ ទៅ​៥.៧០០​ក្បាល​ខណៈ​ដែល​សត្វ​ប្រភេទ​នេះ​មាន​ចំនួន​សរុប​ពី​៥.៧០០ ទៅ ១១.០០០​ក្បាល​ក្នុង​ពិភពលោក ។ ក៏​ប៉ុន្ដែ​ចំនួន​នេះ​បានធ្លាក់​ចុះ​ជាង​៩០​ភាគរយ​ចាប់តាំងពី​ទស​វត្ស​ឆ្នាំ​១៩៦០​មក​ម្ល៉េះ ។

មន្ត្រី​ផ្នែក​ទំនាក់ទំនង​ព័ត៌មាន​របស់​អង្គការ WWF មាន​ប្រសាសន៍​ថា ការ​បាត់បង់​ជម្រក​សត្វ​ទន្សោង គឺជា​កង្វល់​ធ្ងន់ធ្ងរ​ជាង​ការ​បាត់បង់​សត្វ​ទន្សោង​ដោយ​ការ​ប្រមាញ់​ខុសច្បាប់ ។ការ​បាត់បង់​ទីជម្រក​នេះ បច្ចុប្បន្ន​គឺជា​កត្តា​គំរាមកំហែង​មួយ​ដែល​យើង​មានការ​ព្រួយបារម្ភ​ជាងគេ ។ សត្វ​ទន្សោង​គឺជា​អម្បូរ​គោ ។ វា​មាន
ពណ៌​លឿងចាស់ ហើយ​ប្រែ​ទៅ​ជា​ពណ៌​ប្រផេះ​នៅពេល​ដែល​វា​មាន​វ័យ​ចំណាស់​។

អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ (WWF) និង​ភ្នាក់ងារ​រដ្ឋាភិបាល​មក​ពី​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម​បាន​ធ្វើការ​សិក្សា​លើ​ព្រៃ​ទំហំ​សរុប​៦.០០០​គីឡូម៉ែត្រ​ក្រឡា ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​ភ្នំ​ព្រិច និង​ព្រៃ​អភិរក្ស​មណ្ឌលគិរី ដែល​តំបន់​ទាំង​ពីរ​នេះ​ស្ថិត​ក្នុង​ខេត្តមណ្ឌលគិរី ។ ការ​សិក្សា​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ មុន​នឹង​ឈាន​ដល់​ការ​ធ្វើ​សេចក្ដីសន្និដ្ឋាន ។

ការ​សិក្សា​នោះ​បង្ហាញ​ទៀត​ថា ក្រៅពី​សត្វ​ទន្សោង ពពួកសត្វ​ជ្រូកព្រៃ និង​សត្វ​ឈ្លូស​ក៏​កំពុង​ទទួល​រង​ការ​វិនាស​ផង​ដែរ​។ អង្គការ WWF បញ្ជាក់​ថា សត្វ​ទាំងនេះ​គឺជា​ចំណី​របស់​សត្វ​ខ្លាធំ ហើយ​ការ​បាត់បង់​សត្វ​ដែល​ជា​ចំណី​សត្វ​ខ្លា​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​បាត់បង់​តុល្យភាព​សត្វព្រៃ​កម្ពុជា​។

ជា​ពិសេស​ការ​បាត់បង់​សត្វ​ខ្លាធំ ដែល​នៅ​សេសសល់​ប្រមាណ​តែ​ជាង​៣.០០០​ក្បាល​តែ​ប៉ុណ្ណោះ​ក្នុង​ពិភពលោក ។ «​បើសិនជា​ការ​បរបាញ់​នៅ​តែ​បន្ត​នោះ វា​អាច​ធ្វើ​ឲ្យ​បាត់បង់​។ ជា​ពិសេស​ពពួកសត្វ​ដែល​ងាយ​ទទួល​រង​គ្រោះ ជា​ពពួក​ប្រភេទ​ខ្លាធំ ខ្លារខិ​ន ។​ល​។ នៅ​ពេល​ដែល​ចំណី​វា​ថយ​ចុះ​សត្វ​ខ្លា​ក៏ថយ​តាម​ហ្នឹង​ដែរ ។ ដូច​ជា​ករណី​ទន្សោង​មាន​ចំនួនថយ​ចុះ​ខ្លាំង​»។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ