ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដី​ត្រូវប៉ាន់​តាម​ដណ្តើម​យក​កេរ​លក់​បន្ត​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានរឿង​សម័យ​ថ្មី​មួយ​និទាន​ថា ដំបូង​ឡើយ ម៉ែឪ​បាន​លក់​កេរអាករ ទ្រព្យសម្បត្តិ​ផ្ទះសម្បែង​ទាំងអស់​ឱ្យទៅ​អ្នកមាន​ម្នាក់ ។ បន្ទាប់​ពី​បាន​ទទួលផល​ប្រយោជន៍ហើយ ម៉ែឪ​មិន​ចិត្តអាក្រក់​ពេក​ទេ បាន​បែងចែក​ផ្ទះសម្បែង​ឱ្យ​កូន​ៗ​ទៅ​រស់នៅ​ដាច់​ដោយឡែក…

រាជធានី​ភ្នំពេញ ៖ មានរឿង​សម័យ​ថ្មី​មួយ​និទាន​ថា ដំបូង​ឡើយ ម៉ែឪ​បាន​លក់​កេរអាករ ទ្រព្យសម្បត្តិ​ផ្ទះសម្បែង​ទាំងអស់​ឱ្យទៅ​អ្នកមាន​ម្នាក់ ។ បន្ទាប់​ពី​បាន​ទទួលផល​ប្រយោជន៍ហើយ ម៉ែឪ​មិន​ចិត្តអាក្រក់​ពេក​ទេ បាន​បែងចែក​ផ្ទះសម្បែង​ឱ្យ​កូន​ៗ​ទៅ​រស់នៅ​ដាច់​ដោយឡែក សក្តិ​សមជា​កេរ​ដែល​ចែក​ឱ្យ ។

ច្រើន​ឆ្នាំ​កន្លង ក្រោយ​ពី​បែងចែក​ផ្ទះសម្បែង ចែក​កេរ​ឱ្យ​រួចរាល់​ហើយ ម៉ែឪ​ដ៏​អស្ចារ្យ​នេះ បាន​ប្រមូល​នូវ​ទ្រព្យ​ទាំងឡាយ​ដែល​ចែក​កេរ​ឱ្យ​កូន​ទាំង​អស់នោះ យក​មក​វិញ​ហើយ​លក់​ខ្ទេច​លក់​ខ្ទី​ជា​បន្ត​ទៀត ។ ក្រោយ​ពី​យក​កេរ​នោះ​លក់​អស់​ទៅ ក៏​បង្ខំ​កូនចៅ​ទាំងនោះ​ឱ្យមក​រស់នៅ​ប្រមូលផ្តុំ​គ្នា​ដូច​ក្បាល​ឈើគូស​ក្នុងផ្ទះ​ម៉ែឪ​វិញ​ដដែល រួច​និយាយ​លួងលោម​ថា ងាយស្រួល​សម្រាប់​ម៉ែឪ​គ្រប់គ្រង កុំឱ្យ​អា​រាត់​អា​រាយ​ពេក។

ខាងលើ​នេះ​ជា​រឿង​ពិត​ជាក់ស្តែង ដែល​ក្រុម​អ្នក​សង្កេតការណ៍​ទាំងឡាយ កំពុង​លើកយក​បញ្ហា​នេះ មក​លាតត្រដាង​ជា​សាធារណៈ​ទៅ​ហើយ ដែល​រឿង​ជាក់ស្តែង មាន​ទាំងស្រុង​ដូច​ខាងក្រោម​នេះ​ដែល​គួរតែ​ធ្វើការ​ពិចារណា ។

ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​កន្លង​ទៅ​នេះ អ្នក​សង្កេតការណ៍​ទូទៅ​បាន​ពិនិត្យ​ឃើញ អង្គភាព​របស់​រដ្ឋ​មួយ​ហៅ​ថា «​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​» ដែល​ស្ថិត​នៅ​អគារ​លេខ​០៤ ផ្លូវ​លេខ​២៣០ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ម្តុំ​កន្លែង​កោសដូង និង​ក្បែរ​ភូមិ​គ្រឹះ​លោក​ជំទាវ​ឧកញ៉ា ស៊ុ​យ សុ​ផា​ន ស្ថិត​នៅ​ចំ​កណ្តាល​បេះដូង​រាជធានី​ភ្នំពេញ ដែល​មន្ត្រី​បម្រើ​ការងារ​ជា​នគរបាល​រាជធានី កំពុង​តែ​នាំ​គ្នា​វេច​បង្វិច​ចេញ​បណ្តើរ​ៗ​ហើយ ដោយសារ​ទីតាំង​នោះ​ត្រូវ​បាន​ធ្លាក់​ទៅ​លើ​ដៃ អ្នកមាន​ប្រាក់​មាន​អំណាច​ឡប់ឡែ ។ អ្នក​សង្កេតការណ៍​បាន​មើលឃើញ​ទៀត​ថា ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស មាន​ការិយាល័យ​៣​ជា​សេនាធិការ ។

១-​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី ។
២-​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រាជធានី ។
៣-​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី ។
ការិយាល័យ​ទាំង​៣ ដែល​ចំណុះ​ឲ្យ​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស មាន​មន្ត្រី​នគរបាល​បម្រើ​ការងារ​នៅ​ទីនោះ​រាប់រយ​នាក់ ពេល​នេះ​ត្រូវ​បាន​តម្រូវ​ឲ្យ​រើ​តោក​រើ​ហ៊ឹង​ទៅ​នៅ​កន្លែង​ថ្មី ក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ស្ថិត​នៅ​ជាយក្រុង​ឯណោះ ។

មន្ត្រី​នគរបាល​បម្រើ​ការងារ​នៅ​អង្គភាព​ទាំង​៣​ខាងលើ ខ្លះ​បាន​រើ​ឯកសារ ខ្លះ​វាយ​យក​ទ្វារ​ដែល​ទិញ​បំពាក់​កន្លង​ទៅ ខ្លះ​លើក​តុ​-​ទូ​ដឹក​យក​បណ្តើរ​ៗ ។ គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែកញ្ញា ឃើញ​ខាង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច រើ​ចេញ​សឹង​ថា​៨០​ភាគ​%​ហើយ តែ​ចំពោះ​ការិយាល័យ​២​ទៀត​នៅ​មិន​ទាន់​រើ​ទេ ដោយ​មានការ​អះអាង​ថា គ្មាន​កន្លែង​ទុកដាក់​ឲ្យ​បាន​សមរម្យ ។

ទាក់ទិន​នឹង​ការ​រុះរើ​ទីតាំង​អង្គភាព​ការិយាល័យ​កណ្តាល​នគរបាល​ប្រឆាំង​បទល្មើស​រាជធានី​នេះ ពុំ​មាន​មន្ត្រី​ណាមួយ​បង្ហើប​ឲ្យ​ដឹង​ថា ជា​ការ​លក់​ដី​នោះ​ឲ្យ​ទៅ​អ្នកមាន​ប្រាក់ ឬ​ក៏​ជា​ការ​ដោះ​ដូរ​ទៅ​កន្លែង​ថ្មី ទំនើប​មាន​បរិយាកាស​ល្អ​យ៉ាងណា​នោះ​ទេ ហើយ​ក៏​មិន​បាន​លេចឮ​ពាក្យ​ថា ពេល​ចេញពី​ទីតាំង​ដ៏​មាន​តម្លៃ​នេះ មន្ត្រី​នគរបាល​ទាំង​អស់នោះ​ត្រូវ​ទទួល​បាន​ប្រាក់​គោលនយោបាយ​ខ្លះ​ដែរ ឬ​អត់​នោះ​មិន​ទាន់​ដឹង​ទេ គង់តែ​ដឹង​នៅ​ពេល​ណាមួយ ។

មន្ត្រី​នគរបាល​ជើង​ចាស់​ម្នាក់​បម្រើ​ការងារ​នៅ​អង្គភាព​នោះ​រាប់​ឆ្នាំ និង​ជិត​ដល់​ថ្ងៃ​ចូល​និវត្តន៍​ទៅ​ហើយ ដូច​មាន​ចរិត​ក្លាហាន​បន្តិច​បាន​បង្ហើប​ឲ្យ​ដឹង​ថា ទីតាំង​នគរបាល​មួយ​នេះ​អភ័ព្វ​ណាស់​។ លោក​ថា ក្នុង​ទស​វត្ស​ឆ្នាំ​៨០-៩០ ឆ្នាំ​២០០០ គឺ​ស្ថិត​នៅ​ផ្លូវ​នេ​រុ កាច់ជ្រុង​ផ្សារ​ដេប៉ូ សង្កាត់​វាលវង់​ខណ្ឌ​៧ មក​រា ។

ខណៈ​ពេល​ដី​នៅ​ទីនោះ​មាន​ហាងឆេង ទីតាំង​នគរបាល​សេដ្ឋកិច្ច បាន​ធ្លាក់​ទៅ​លើ​ដៃ​អ្នកមាន​ប្រាក់ ដោយ​មាន​ពាក្យ​ថា ជា​ការ​ដោះ​ដូរ​ទីតាំង​ថ្មី ទំនើប និង​ធំ​ទូលាយ ងាយស្រួល​ធ្វើការ ។ ក្រោយ​ពេល​មន្ត្រី​នគរបាល​ទាំងអស់​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​កាន់​កន្លែង​ថ្មី ស្ថិត​នៅ​ជិត​ភូមិ​គ្រឹះ​លោក​ជំទាវ​ឧកញ៉ា ស៊ុ​យ សុ​ផា​ន បាន​ច្រើន​ឆ្នាំ​បាន​សុខ​គ្រាន់បើ​ដែរ ប៉ុន្តែ​ឥឡូវ​ត្រូវ​រុះរើ​ចេញ​ទៀត ។

អ្នក​សង្កេតការណ៍​ឮ​មន្ត្រី​នគរបាល​និយាយ​ថា ទីតាំង​នេះ​ត្រូវ​បាន​ធ្លាក់​ដល់​ដៃ​អ្នកមាន​ប្រាក់​ម្នាក់​យូរ​ឆ្នាំ​ហើយ និង​ត្រូវ​គេ​លក់​ត​គ្នា​៤​តំណរ​ទៀត​ផង ។ លោក​ថា ទើប​ពេល​នេះ​ម្ចាស់​ប្រាក់​បាន​តម្រូវ​ដេញ​ឲ្យ​នគរបាល​ចេញ ដើម្បី​គេ​យក​ដី​សម្រាប់​សាងសង់​ថ្មី ។

ស្រប​ពេល​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​ទើប​មក​កាន់​តំណែង បាន​ពុះពារ​សាងសង់​បន្ថែម​អគារ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ថ្មី​សន្លាង​មួយ មាន​កម្ពស់​ច្រើន​ជាន់ មាន​ការិយាល័យ​ទំនើប​សម្រាប់​ធ្វើការ ។ ដូច្នោះ​ហើយ​បានជា​តម្រូវ​យក​អង្គភាព​ការិយាល័យ​កណ្តាល​នគរបាល​ប្រឆាំង​បទល្មើស​មក​នៅ​ទី​នេះ​ដែរ ឱ្យ​វា​មូល​ដូច​បាល់ ។

តើ​អ្នកមាន​ប្រាក់​មាន​អំណាច​មួយ​ណា​ក៏​ឆ្ងាញ់​តែ​ជាមួយ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​បែប​នេះ ? រហូត​មក​ដល់​ថ្ងៃ​ទី​១៣ កញ្ញា នេះ​មិន​ទាន់​មានការ​ទម្លាយ​ឱ្យ​ដឹង​នៅឡើយ​ទេ ។ ប៉ុន្តែ​មាន​មន្ត្រី​ជើង​ចាស់​មួយ​ក្រុម​ដែល​ជិត​ចូល​និវត្តន៍​ទៅ​ហើយ បាន​ប្រាប់​កោះសន្តិភាព​ថា «​កុំ​អាល​ប្រញាប់​ពេក ចាំ​ខ្ញុំ​ប្រាប់​ឱ្យ​ចំ​ៗ​តែ​ម្តង​» ៕ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ