ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​មិន​ប្រាកដប្រជា​ផ្នែក​សេដ្ឋកិច្ច​​​ធ្វើ​ឱ្យ​វិនិយោគិន​អាស៊ី​មានការ​ប្រុង​​ប្រយ័ត្ន​ខ្ពស់

4 ឆ្នាំ មុន

ចិន​-​ប៉េ​កាំ​ង ៖ យោង​តាម​ការ​ស្ទង់​មតិ​ថ្មី​មួយ​ពី RBC Wealth Managemen បាន​ឲ្យ​ដឹង​ថា​ក្នុង​ចំណោម​វិនិយោគិន​អាស៊ី​ដែល​ត្រូវ​បាន​ស្ទង់​មតិ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ៨០​ភាគរយ​នៃ​អ្នក​វិនិយោគិន​ទាំងនោះ​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ផលប័ត្រ​របស់​ពួក​គេ​ដោយសារ​វដ្ត​សេដ្ឋកិច្ច​បច្ចុប្បន្ន ខណៈ​ដែល​ក្តី​បារម្ភ​កាន់តែ​កើនឡើង​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​​និង​ចិន និង​ភាព​មិន​ប្រាកដប្រជា​ចំពោះ​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក…

ចិន​-​ប៉េ​កាំ​ង ៖ យោង​តាម​ការ​ស្ទង់​មតិ​ថ្មី​មួយ​ពី RBC Wealth Managemen បាន​ឲ្យ​ដឹង​ថា​ក្នុង​ចំណោម​វិនិយោគិន​អាស៊ី​ដែល​ត្រូវ​បាន​ស្ទង់​មតិ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ៨០​ភាគរយ​នៃ​អ្នក​វិនិយោគិន​ទាំងនោះ​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ផលប័ត្រ​របស់​ពួក​គេ​ដោយសារ​វដ្ត​សេដ្ឋកិច្ច​បច្ចុប្បន្ន ខណៈ​ដែល​ក្តី​បារម្ភ​កាន់តែ​កើនឡើង​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​​និង​ចិន និង​ភាព​មិន​ប្រាកដប្រជា​ចំពោះ​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក ។

ជាមួយ​គ្នា​នោះ​ផង​ដែរ វិនិយោគិន​អាស៊ី​ប្រហែល​មួយ​ភាគ​បី​បាន​លើក​ឡើង​ពី​បញ្ហា​ពាណិជ្ជកម្ម​និង​ពន្ធ​ឆ្លងកាត់​ព្រំដែន​ដែល​ជា​ក្តី​បារម្ភ​មួយ​។ ក្នុង​ចំណោម​វិនិយោគិន​ដែល​ត្រូវ​បាន​ស្ទង់​មតិ​នៅ​ក្នុង​ប្រទេស​ចិន ហុងកុង សឹ​ង្ហ​បុរី​និង​តៃវ៉ាន់​៨០​ភាគរយ​បាន​និយាយ​ថា​ពួក​គេ​បាន​យកចិត្តទុក​ដាក់​ខ្លាំង​ជាង​កាលពី​ពេល​មុន​ចំពោះ​ផលប័ត្រ​របស់​ពួក​គេ​ដែល​ជា​លទ្ធផល​នៃ​វដ្ត​សេដ្ឋកិច្ច ។

វិនិយោគិន​អាស៊ី​ជាង​ពាក់កណ្តាល​ដែល​បាន​ស្ទង់​មតិ​បាន​និយាយ​ថា​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​ពិភពលោក​គឺជា​ក្តី​បារម្ភ​ដ៏​ធំ​បំផុត​របស់​ពួក​គេ​នៅ​ពេល​ដែល​ពួក​គេ​មាន​សមត្ថភាព​ក្នុង​ការ​បង្កើត​ការពារ​និង​គ្រប់គ្រង​ទ្រព្យសម្បត្តិ បើ​ប្រៀបធៀប​ទៅ​នឹង​វិនិយោគិន​ចំនួន​៤១ ភាគរយ​ដែល​បាន​ឆ្លើយ​តប​នៅ​កា​ណា​ដា ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក ។

លោក Terence Chow ប្រធាន​ប្រ​តិ​ប​តិ្ត​នៃ RBC Wealth Management-Asia មាន​ប្រសាសន៍​ថា «​វា​ជា​បញ្ហា​ប្រឈម​សម្រាប់​វិនិយោគិន​នៅ​ទូ​ទាំង​ពិភពលោក​ក្នុង​ការ​បង្កើត​ផល​ចំណេញ​ជា​វិជ្ជមាន​ចំ​ពេល​មានការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​» ។ លោក​បាន​បន្ត​ថា «​សេដ្ឋកិច្ច​របស់​អាស៊ី​ត្រូវ​បាន​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​ច្រើន​ជាង​សហរដ្ឋអាមេរិក ។ វា​ហាក់ដូចជា​មាន​ផលវិបាក​ដែល​ថា​បុគ្គល​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​នៅ​អាស៊ី​មានការ​ព្រួយបារម្ភ​បំផុត​អំពី​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​ពិភពលោក​»​។

ការ​ស្ទង់​មតិ​នេះ​ធ្វើ​ឡើង​ដោយ​អង្គភាព​ស៊ើបការណ៍​សំងាត់​ផ្នែក​សេដ្ឋកិច្ច (The Economist Intelligence Unit) ក្នុង​នាម RBC Wealth Management ដែល​ជា​អង្គភាព​មួយ​នៃ​ធនាគារ​រ៉ូ​យ៉ា​ល់​កា​ណា​ដា​បាន​សម្ភាស​បុគ្គល​ចំនួន ២,០៩៤​នាក់​នៅ​ចន្លោះ​ខែឧសភា និង​មិថុនា ។

របាយការណ៍​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​សហរដ្ឋអាមេរិក​និង​ចិន​បាន​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់​ត្រាំ បាន​ដាក់​ពន្ធ​លើ​ទំនិញ​ចិន​តម្លៃ​ប្រមាណ​៣៨០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​ត្រៀម​បន្ថែម​ពន្ធ​បន្ថែម​ថ្មី​មួយទៀត​ទៅ​លើ​ចិន​មាន​តម្លៃ​ប្រមាណ​១៦០ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​នឹង​អនុវត្ត​នៅ​ខែធ្នូ​ខាង​មុខ​នេះ ។ ប្រទេស​ចិន​បាន​ឆ្លើយ​តប​ជាមួយនឹង​ពន្ធគយ​ផ្ទាល់ខ្លួន​និង​កាត់​បន្ថយ​ការ​ទិញ​ផលិតផល​កសិកម្ម​របស់​អា​មេ​រិ​ក រួម​ទាំង​សណ្តែកសៀង ។

លោក​ត្រាំ កំពុង​ព្យាយាម​បង្ខំ​ឱ្យ​ទីក្រុង​ប៉េ​កាំ​ង​ផ្លាស់​ប្តូរ​គោលនយោបាយ​ពាណិជ្ជកម្ម​និង​ឧស្សាហ​កម្ម​រាប់​ទស​វត្ស​របស់​ខ្លួន​។ គេ​រំពឹង​ថា​ភាគី​ទាំង​ពីរ​នឹង​បន្ត​ការ​ពិភាក្សា​ទល់មុខ​គ្នា​នៅ​ខែ​ក្រោយ ប៉ុន្តែ​អ្នកវិភាគ​ជា​ច្រើន​មិន​មាន​សុទិដ្ឋិនិយម​ថា​កិច្ចព្រមព្រៀង​មួយ​នឹង​ត្រូវ​បាន​ឈាន​ដល់​ឆាប់​ៗ​ដើម្បី​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​នៃ​ប្រទេស​មហាអំណាច​ទាំង​ពីរ​នោះ​ទេ ។ សុទិដ្ឋិនិយម​ថា​កិច្ច​ព្រម​ព្រៀង​មួយ​នឹង​ត្រូវ​ឈាន​ដល់​ឆាប់​ៗ ។ ក្រុម​សេដ្ឋវិទូ​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​អំពី​ឥទ្ធិពល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​មាន​ឥទ្ធិពល​លើ​អារម្មណ៍​អាជីវកម្ម​និង​ទំនុកចិត្ត​របស់​វិនិយោគិន ។

កាលពី​ថ្ងៃ​អង្គារ​ក្រុមហ៊ុន Fitch Ratings បាន​កាត់​បន្ថយ​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​ប្រទេស​ចិន អឺរ៉ុប​និង​សហរដ្ឋអាមេរិក ដោយ​បាន​និយាយ​ថា​ការ​តានតឹង​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម និង​ហានិភ័យ​គួរ​ឱ្យ​កត់សម្គាល់​ដែល​ថា​ចក្រភព​អង់គ្លេស​អាច​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ចាកចេញ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កិច្ចព្រមព្រៀង​គ្មាន Brexit គឺ​បាន​ធ្វើ​ឲ្យ «​ទស្សនវិស័យ​សេដ្ឋកិច្ច​សកលលោក​កាន់តែ​ងងឹត​សូន្យឈឹង​» ។

ខណៈ​ពេល​ដែល​កំណើនសេដ្ឋកិច្ច​សកល​ធ្លាក់​ចុះ​យឺត​ដែល​បានឃើញ​ក្នុង​រយៈពេល​១២ ខែ​ចុង​ក្រោយ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​បុព្វហេតុ​ផ្សេង​ៗ​គ្នា រួម​មានការ​ផ្លាស់​ប្តូរ​ឆ្ពោះទៅ​រក​លក្ខខណ្ឌ​ឥណ​ទាន​កាន់តែ​មានការ​រឹត​បន្តឹង​នៅ​ក្នុង​ប្រទេស​ចិន ការ​រឹត​បន្តឹង​សាច់ប្រាក់​ដុល្លារ​សកលលោក​ចាប់​ពី​ឆ្នាំ​២០១៨ និង​បញ្ហា​ប្រឈម​ម៉ា​ក្រូ​នៅ​ក្នុង​ទីផ្សារ​កំពុង​រីក​ចម្រើន​ធំ​ៗ មួយ​ចំនួន​។ បុព្វហេតុ​នៃ​ទស្សនវិស័យ​កាន់តែ​យ៉ាប់យ៉ឺន​សម្រាប់​រយៈពេល ១២-១៨ ខែ​ទៀត​គឺ​គោលនយោបាយ​ពាណិជ្ជ​កម្ម​។

លោក Eric Fishwick ប្រធាន​សេដ្ឋវិទូ CLSA បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​លោក​រំពឹង​ថា​សហរដ្ឋអាមេរិក​នឹង​មាន «​វិបត្តិ​សេដ្ឋកិច្ច​រាក់​» ឬ​ហៅ​ថា «Shallow recession” ហើយ​ពាណិជ្ជកម្ម​សកល​នឹង​ប្រែ​ទៅ​ជា​អវិជ្ជមាន​នៅ​ឆ្នាំ​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ