ខេត្តកំពង់ចាម ៖ យោងតាមបញ្ជាររបស់ លោកឧត្តមសេនីយ៍ត្រីនួន សាមិន ស្នងការនគរបាលខេត្ត កម្លាំងអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានយកចិត្តទុកដាក់និងអនុវត្តន៍តាមជាប់ជាប្រចាំ ។ ជាក់ស្តែងគ្រាន់តែយប់ថ្ងៃទី៣ មីនា និងម៉ោង១ រំលងអធ្រាត្រ ឈានចូលព្រឹកថ្ងៃទី៤ មីនា សមត្ថកិច្ចបង្រ្កាបបានក្រុមក្មេងទំនើងចំនួន២ក្រុមដែលមានគ្នាចំនួនដល់ទៅ៩នាក់ ដកហូតបានកាំបិតបុ័ងតោ១ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ។
តាមលោកអនុសេនីយ៍ឯកឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ ទទួលផែនយុត្តិធម៌បានប្រាប់កោះសន្តិភាពឱ្យដឹងថា ដោយអនុវត្តន៍តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព កំលាំងប៉ុស្តិ៍រដ្ឋបាលឃុំមង់រៀវ បានចេញល្បាតតាមដងផ្លូវសាធារណៈនានានៅវេលាម៉ោង១២យប់អាធ្រាត្រ ថ្ងៃទី៣មីនា នៅត្រង់ចំនុចភូមិមង់រៀវ ឃុំមង់រៀវ បានឃាត់ក្មេងទំនើង២នាក់ក្នុងនោះមានម្នាក់ឈ្មោះឡូយ ម៉េងលាង ភេទប្រុស អាយុ២០ឆ្នាំ និងម្នាក់ទៀតឈ្មោះអ៊ាន ទួត ភេទប្រុស ហៅតុង អាយុ១៧ឆ្នាំ និងដកហូតបានកាំបិត១ដែលដាក់សៀតនៅនឹងចង្កេះរបស់ជនទី១ដែលធ្លាប់ត្រូវបានអប់រំចាប់ម្តងរួចមកហើយនាពេលកន្លងមក ។
លោកអធិការរងរូបនេះបានបន្តថា ដោយឡែកនៅវត្តទូលពិសិដ្ឋ ស្ថិតនៅភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ មានរៀបចំបុណ្យផ្កាសាមគ្គីសាមគ្គីដោយមានល្ខោនបាសាក់បានសំដែងជូនទស្សនារយៈពេល៣យប់ជាប់ៗគ្នា ចាប់ពីថ្ងៃទី១ មីនា និងរហូតបន្តមកថ្ងៃទី៣ មីនា និងមានប្រជាពលរដ្ឋមកពីគ្រប់ទិសទីរីករាយទស្សនាយ៉ាងច្រើនកុះករ ។ ប៉ុន្តែនៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី៤មីនា ស្រាប់តែមានក្រុមក្មេងទំនើង២ក្រុមមានគ្នាប្រហែលជិត២០នាក់មានទំនាស់ចាប់ផ្តើមក្របួច.កអាវគ្នា ជាហេតុធ្វើឱ្យមានការភ្ញាក់ផ្អើល ។
ភ្លាមៗនោះត្រូវបានកំលាំងនគរបាលដែលឈរជើងការពារក្នុងបរិវេណវត្តបានចេញមកអន្តរាគមន៍ឃាត់មិនឱ្យមានទំនាស់ តែក្រុមក្មេងទំនើងទាំងនោះ ហាក់បីដូចជាមិនខ្លាចចំពោះសមត្ថកិច្ចទាល់តែសោះបានសង្រ្គឺតធ្មេញដាក់គ្នាដូចខ្លាគ្រហឹម ។ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំថ្មពេជ្របានទូរស័ព្ទមកកាន់លោកវរសេនីយ៏ ហ៊ាង ហ៊ត់ អធិការនគរបាលស្រុកត្បូងឃ្មុំដើម្បីសុំគោលការណ៍ និងទទូលបានបញ្ជារពីលោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងនគរបាលខេត្តទទួលផែនការិយាល័យកណ្តាលយុត្តិធម៌កម្លាំងស្រុកបានចេញទៅជួយដោយបានឃាត់ក្មេងទំនើងបាន៧នាក់រួមមាន១-ឈ្មោះស្រ៊ា សិដ្ឋ ភេទប្រុសអាយុ០ឆ្នាំ ២-ឈ្មោះលីម ឆៃលី ភេទប្រុសអាយុ១៩ឆ្នាំ ៣-ឈ្មោះឈាត ឆាយ ភេទប្រុស អាយុ១៩ឆ្នាំ ៤-ឈ្មោះរូន ណោ ភេទប្រុសអាយុ២០ឆ្នាំ ៥-ឈ្មោះសុខ ណាងភេទប្រុសអាយុ២៩ឆ្នាំ ៦-ឈ្មោះ ណាង ស៊ីណា ភេទប្រុស អាយុ២៣ឆ្នាំ ៧-ឈ្មោះវៃ ស៊ីថន ភេទប្រុសអាយុ២៥ឆ្នាំ ទាំងអស់គ្នារស់នៅឃុំបឹងព្រូលនិងឃុំរកាពប្រាំស្រុកត្បូងឃ្មុំ ។
លោកអនុសេនីយ៍ឯក ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំបានបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនេះសុទ្ធតែមានឈ្មោះនៅក្នុងបញ្ជីរគ្រប់គ្រង់របស់សមត្ថកិច្ចផងដែរ ។ ផ្អែកតាមបញ្ជាររបស់លោកស្នងការនគរបាលខេត្តក្រុមក្មេងទាំងដែលបានបង្រ្កាបទាំង៩នាក់នេះត្រូវបានធ្វើការអប់រំ ដោយឱ្យឪពុកម្តាយមកធានានឹងមិនឱ្យមានលើកក្រោយទៀតទេបើពុំនោះនឹងចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ