ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកសារ​មហា​បុរស​ខ្មែរ​បង្ហាញ​ពី​អត្ដសញាណ​លោក​ជំទាវ​ខាន់ ខៀវ ឬ​អ្នក​ម្នាង​ខាន់ ខៀវ

14 ឆ្នាំ មុន

អស់​រយៈពេល​ជា​យូរណាស់​មក​ហើយ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មន្ដ្រីរាជការ​តាម​មន្ទីរ ស្ថាប័ន​នានា​ដែរ ភាគច្រើន​តែង​យល់​ច្រ​ឡំថា ឈ្មោះ​ខាន់ ខៀវ គឺជា​ភរិយា​របស់​លោកឧកញ៉ា​ឃ្លាំងមឿង រហូត​ដល់​រត់មាត់​ថា “​លោក​ឧកញ៉ា​ឃ្លាំងមឿង និង​លោក​ជំទាវ ខាន់ ខៀវ ”​។

អស់​រយៈពេល​ជា​យូរណាស់​មក​ហើយ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មន្ដ្រីរាជការ​តាម​មន្ទីរ ស្ថាប័ន​នានា​ដែរ ភាគច្រើន​តែង​យល់​ច្រ​ឡំថា ឈ្មោះ​ខាន់ ខៀវ គឺជា​ភរិយា​របស់​លោកឧកញ៉ា​ឃ្លាំងមឿង រហូត​ដល់​រត់មាត់​ថា “​លោក​ឧកញ៉ា​ឃ្លាំងមឿង និង​លោក​ជំទាវ ខាន់ ខៀវ ”​។ ដូច្នេះ​ហើយ​ដើម្បី​រក្សា​ការពារ​កេរដំណែល​វប្បធម៌ អក្សរសាស្ដ្រ​ប្រវត្ដិ សាស្ដ្រ​ជាតិ និង​បំពេញ​សេចក្ដី​ត្រូវការ​របស់ប្រិ​យ​មិត្ដ​អ្នក​អាន និង​ដោយ​មានការ​ឯកភាព​ពី​សំណាក់​លោក​ស៊ុម អា​ឡា​ត់ និង លោក​រស់ សំណាង ជា​អនុប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ដ និង​មានការ​យល់ព្រម​ពី​គណៈ កម្មការ​មន្ទីរ​ផង​នោះ យើងខ្ញុំសូម​ដកស្រង់​ឯកសារ​ស្ដី​ពី​ប្រវត្ដិ​ពិតប្រាកដរបស់​ឈ្មោះ និង​សកម្មភាព​វីរជន​ទាំង​ពីរ​រូប តាម​សំណៅ​ដើម គឺ​ឯកសារ​“​មហា​បុរស​ខ្មែរ​” ព្រះរាជ​ពង្សាវតារ​ខ្មែរ​តាម​សាស្ដ្រា​ស្លឹករឹត ពិត​ឥត​ក្លែងក្លាយ​មាន​ដូច​តទៅៈ

សម្ដេចចៅពញា ចន្ទ​រាជា កាល​ទតឃើញ​ថា “​កងទ័ព​សត្រូវ​ថយ​ឃ្លាត​ពី​បន្ទាយ ព្រះ​អង្គ​ហើយ​ព្រះ​អង្គ​ក៏​ទ្រង់​ត្រាស់​ប្រឹក្សានឹង​នាយកង​នាយ​ទ័ព​ថាៈ “​ទ័ព​សត្រូវ​រំលៀកចេញពី​បន្ទាយ​យើង​បន្ដិច​ហើយ​ការណ៍​នេះល្អ​ប្រពៃ​ហើយ​ជា​ឱកាស​ឱ្យ​យើង​គិត​ដោះដៃចេញពី​សត្រូវ​បាន​ដោយ​ស្រួល​ចុះ​យើង​នឹង​គិត​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ចេញ​រួច​ពី​ចំណោមនេះ?”​។

ចៅពញា​សួគ៌ា លោក​មឿង ក្រាបទូលថាៈ “​បើ​យើង​នឹង​គិត​វាយ​ទំលាយ​ចេញ​នោះក៏​ចេញ​រួច​បាន​ដែរ ពីព្រោះ​ពល​យើង​មាន​តែ ២០.០០០​នាក់ ឯ​ពល​ខាងគេ​មាន​ដល់​ទៅជាង​១០០.០០០​នាក់ បើ​យើង​ចេញ​រួច​ទៅទ័ព​ទាំង​សង ខាង​ក៏​គង់​ស្លាប់​ច្រើន​មិន​ខាន បើ​យើង​រឹង​តែ​នៅ​ក្នុង​បន្ទាយ​នេះ​មិន​ចេញទទួល​ច្បាំង​សោះ​ក៏​មិន​បាន​ដែរ ពីព្រោះ បន្ទាយ​របស់​យើង​ទើបនឹង​តាំង​ថ្មី ឯ​ស្បៀងអាហារ​ក៏​ពុំ​ទាន់​មាន​បរិបូរណ៍ ដល់​យូរ​ទៅក្រែង​លំបាក​ក្នុង​ការ​ខ្វះខាត​គ្រប់យ៉ាង​ទូលព្រះ​បង្គំ​ជា​ខ្ញុំ​គិត​យកគំនិត​មួយ​មក​សូម​ទទួលអាសា គឺ​ទៅ​កេណ្ឌ​កងទ័ព​បិសាច​ឱ្យមក​ចោមវាយ​ទ័ព​ចៅ​ហ្វា​កៅ បើ​ទ្រង់​ព្រះ​រាជានុញាតទូលព្រះបង្គំ​យល់​ឃើញច្បាស់​ថា មុខជា​នឹងឈ្នះសត្រូវ​ដោយ​ងាយ បើ​ទ្រង់​ព្រះករុណា ពិសេស​យល់ព្រម​ផង​នោះ សូម​ជីករណ្ដៅកណ្ដាល​បន្ទាយ​នេះ​ឱ្យ​បានជា​ប្រញាប់ ដើម្បីទូលព្រះបង្គំ​នឹង​បាន​គិតការ​ថ្វាយ​ឱ្យទាន់ពេលវេលា​”​។

សម្ដេចចៅពញា ចន្ទ​រាជា កាល​ទ្រង់​ព្រះសណ្ដាប់​ចៅពញា​សួគ៌ា លោក​ទូល​សុំ​យ៉ាងនេះ​ទ្រង់​ពុំ​ជឿ​សោះ​ទេ ទើប​ទ្រង់​គ្រវី​ព្រះ សិរសា ហើយ​ត្រាប់​ថា “​ពី​បុរាណ​រៀង​មក យើង​ពុំដែល​ឮ​ថា មានឈ្មោះ​ណា​ទៅ​កេណ្ឌយក​ខ្មោច​បិសាច​មក​ជួយ​ច្បាំង​មនុស្ស​ដល់ម្ដង​ឡើយ ណ្ហើយ​អ្នក​ចៅពញា​លែង​គិតគំនិត​បែប​នេះ​ទៅ​ចុះ ព្រោះ​ជា​គំនិត​មិន​ដែលមាន​អ្នក​ណា​គិត​មក​ពី​មុន​ផង និង​ជា​កិច្ចការមួយ​ដែល​ខ្ញុំ​មិន​ជឿ​ថា មាន​ប្រសិទ្ធភាព​ទាល់តែ​សោះ​ផង​”​។
ចៅពញា​សួគ៌ា​លោក មឿង ក្រាបទូល​ថា បើ​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ​ឱ្យ​គិត​ធ្វើ​តាមចំណេះ និង​តាម​មន្ដ​វិជ្ជាការ​ទូលព្រះបង្គំ​ទេនោះ​ទូលព្រះបង្គំ​នឹង​អា​រក​ឱ្យ​ស្លាប់​នៅ​ទី​នេះ ក្នុង​ឥឡូវនេះ​ហើយ ព្រោះ​បើ​នឹង​រស់នៅ​តទៅក៏​មិន​បាន​ជួយ​យកអាសា​ផែនដីថ្វាយ​ព្រះ​អង្គដល់​កម្រិត​ដែរ​” ។ ថា​ហើយ​ចៅពញា​សួគ៌ា លោក មឿង ក៏​ហូត​ដាវ និង​អា​រកតាមពាក្យ​ដែល​ខ្លួន​បាន​ក្រាបទូល ។ ខណៈនោះសម្ដេចចៅពញា ចន្ទ​រាជា ទ្រង់​ក្រឡេក​ព្រះនេត្រា​ឃើញ​ទាន់​ក៏​ទ្រង់​ស្ទុះ​ទៅ​ចាប់​ដាវ​នោះចេញពី​ដៃ ហើយ​ទ្រង់​ត្រាស់​ថា “​កុំ​!​កុំ​ចៅពញា កុំ​សម្លាប់​ខ្លួនខ្ញុំ​ស្ដាយ​លោក​ណាស់ខ្ញុំ ព្រម​តាម​ចៅពញា​ហើយ ដូច្នេះ​បើ​ចៅពញាគិត​ឃើញ​ដូច​ម្ដេច​ស្រួលសូម​ចៅពញា​ធ្វើតាម​គំនិត​នោះ​ចុះ​”​។

ចៅពញា​សួគ៌ាលោក​ឮហើយ​មាន​អំណរ​ណាស់ ទើប​ថ្វាយបង្គំ​លាចេញ​មក​ក្រៅ​ដំណាក់ ហើយ​ក៏​ចាត់​កូនទាហាន​ឱ្យ​ជីករណ្ដៅ​ធំ​មួយ​ជម្រៅ​៨​ហត្ថ៤​ជ្រុង​ឱ្យធ្វើ​រាន​ទេវតា​៧​ថ្នាក់ដាក់​បាយសី ទឹកអប់ និង​គ្រឿង​បូជា ហើយ​ឱ្យធ្វើ​រាជវ័តិព័ទ្ធ​ជុំវិញ ។ លុះ​ពួក​ពល​ធ្វើ​តាម​បង្គាប់​សព្វគ្រប់​ហើយ​ចៅពញា​សួគ៌ា​លោក មឿង ក៏ស្លៀក​ស​ពាក់​ស ហើយ​ឱ្យ​រៀប​ភ្លេង​ចាំ​ប្រគំទាំង​៨​ទិស​។

រឿង​ពញា​មឿង​(១)​នេះ​មាន​ក្នុង​ព្រះរបាក្សត្រ​ថា ពញា​មឿង​ជា​មេ​ស្មឹងមានកូនប្រុស​៤​នាក់ គឺ​ឈ្មោះ​កែវ​១ កែ​១ (២) ទេព​១ សុខ​១ ។ ពញា​មឿង មាន​សម្លាញ់ម្នាក់​ឈ្មោះ​ចន្ទ​ធ្វើ​ជា​ជំទប់​មេ​ស្មឹង​ក្រវាញ​។ ក្នុង​គ្រានោះ សម្ដេចចៅពញា​ចន្ទ​រាជាព្រះ អង្គ​មាន​ម្នាង​ម្នាក់​ឈ្មោះ​អ្នក​ម្នាង​ខៀវ ។ អ្នក​ម្នាង​ខៀវ​នោះ​ទ្រង់​គភ៌​៧​ខែ ហើយ​អ្នក ម្នាង​មាន​បាវ​ស្រី​មួ​យ​ឈ្មោះ​នាង​ពេញ​។

សាស្ដ្រា​របាក្សត្រ​នេះនិយាយ​ទៀត​ថា ក្នុង​គ្រា​ដែល​សម្ដេចចៅពញា​ចន្ទ​រាជាស្ដេចលើកទ័ព​ពី​ក្រុង​ស្រី​អយុធ្យា​មក​ខេត្ដ​ពោធិ៍សាត់​នោះ ពញា​មឿង នាំ​ដំរីសេះ​ជា​ច្រើនទៅ​ថ្វាយ​ទុក​ធ្វើសង្គ្រាម​ប្រយុទ្ធ​នឹង​ព្រះ​ស្រី ជេដ្ឋា​(​ស្ដេច​កន​)​។ សម្ដេចចៅពញា​ចន្ទ​រាជាស្ដេច​មក​ដល់​ខេត្ដ​ក្រគរ​បាន​តយុទ្ធ​នឹង​ទ័ពព្រះ​ស្រី​ជេដ្ឋា ប៉ុន្ដែ​ខាង​ទ័ព​ព្រះ​ស្រី​ជេដ្ឋាឈ្នះ​។
សម្ដេចចៅពញា​ចន្ទ​រាជាទ្រង់​ឃើញ​ទ័ពព្រះ​អង្គ​ចាញ់​ទ័ព​ព្រះ​ស្រី​ជេដ្ឋា ដូច្នេះ​ព្រះ​អង្គក៏​ថយ​ទៅ​ប្រថាប់​ទ័ព​នៅ​បន្ទាយ​មាន​ជ័យ (៣) ខេត្ដពោធិ៍សាត់ក្នុង​ឃុំ​បាក់​នឹម​វិញ​។ ខណៈនោះពញា​មឿង​កាល​ឱ្យ​ពល​ជីករណ្ដៅជម្រៅ​៨​ហត្ថ​៤​ជ្រុង ហើយ​ក៏​ថ្វាយបង្គំ​លាសម្ដេចចៅពញា​ចន្ទ​រាជាទៅ​កេណ្ឌ​បិសាច​ឱ្យជួយ​ធ្វើសង្គ្រាម​។ មុន​នឹង​ទៅ​កេណ្ឌ​បិសាចនោះ​ពញា​មឿង​បាន​ផ្ដាំ​នឹង​ពញា​ចន្ទ​ជា​សម្លាញ់ ដែល​ជា​ជំទប់​មេ​ស្មឹង​ភ្នំក្រវាញ​ថា “​ឱ្យ​សម្លាញ់ឯង​នៅ​ជា​មេ​ស្មឹង​ជំនួយ​អញ​ដើម្បី​និយាយត​ពី​ព្រះមហាក្សត្រ​មក​អញកុំបី​ឱ្យ​ព្រះ​អង្គនិយាយ​ផ្ទាល់​នឹង​អញ​ឡើយមួយទៀត​បើ ដល់​ថ្ងៃស្អែក​ពេញបូណ៌មី​ខែ​ពិសាខ វេលា​យប់ បើ​ឯង​ឮ​សូរ​សន្ធឹក​ខ្ទរខ្ទារ​មេឃ​ក្នុង​ដី ហើយ​ឱ្យឯង​ក្រាប​បង្គំ​ទូល​ព្រះ​បរមបពិត្រ សូម​ឱ្យ​ទ័ពទៅ​ចោម​បន្ទាយ​សត្រូវ​ជា​ប្រញាប់​ចុះ​”​។

ឯ​អ្នក​ម្នាង​ខៀវ កាល​ឮ​ថា​“​ពញា​មឿងសម្លាប់​ខ្លួន​ទៅ​កេណ្ឌ​ទ័ព​បិសាច ក៏​មានចិត្ដ​ឈឺឆ្អា​ល​ជួយ​ផែនដី​ដែរ ។ កាល​ឃើញ​ពញា​មឿង​ចូល​ក្នុង​រោង​រាជវ័តិ តាំង​ពិធីបួងសួងទេវតា​ដូច្នោះ​អ្នក​ម្នាង​ក៏​ថ្វាយបង្គំ​លាស​ម្ដេចចៅពញា​ចន្ទ​រាជា​ចូល​ទៅ​ក្នុង​ទី​ព្រះរាជ​ពិធី ដែរ​។ លុះ​បួងសួង​ទេវតា​ស្រេច​ហើយអ្នក ម្នាង​ខៀវ និង​ពញា​សួគ៌ា​លោក​មឿងក៏​លោត ទាំង​ពីរ​នាក់​ទៅ​ក្នុង​រណ្ដៅ​។ ព្រះ​បរម​ពិ​ត្រ និង​បណ្ដា​ជា​ខ្ញុំ​ក្រុម​រាជការ​ជួយ​ឃាត់​ផង ក៏​ពុំស្ដាប់​។ ក្នុង​គ្រានោះ​កូន​ពញា​មឿង​៤​នាក់ ដែល​ព្រះ​បរមបពិត្រ​ស្ដេច​បាន​តាំង​ជាម​ន្ដ្រី ទាំង​៤​នាក់​រួច​ហើយ​នោះ គឺ​១-​ឈ្មោះ​កែវ ទ្រង់​បាន​តាំង​ជា “​ចៅពញា​វង្សាអគ្គរាជ​” ២-​ឈ្មោះ​កែ​ទ្រង់​បាន​តាំង​ជា​“​ចៅពញាបរទេស​រាជ​” ៣-​ឈ្មោះ​ទេពទ្រង់​បាន​តាំង ជា​“​ចៅពញា​វិបុល​រាជ​” ៤-​ឈ្មោះ​សុខ ទ្រង់ បាន​តាំង​ជា “​ពញា​រាជតេជះ​”​។

កូន​ទាំង​៤​នោះ កាល​ឃើញ​បិតា​លោតសម្លាប់​ខ្លួន​ទៅ​កេណ្ឌ​បិសាច​ដូច្នោះ ក៏​និយាយគិត​គ្នា​ថា​“​បិតា​យើង​ទៅ​តែ​ម្នាក់ឯងគ្មាន​គេទៅ​ជួយ​បម្រើជួយ​គិត​កេណ្ឌ​បិសាច​ផង​សោះ បើ​យ៉ាងនេះ​ក្រែង​ឪពុក​យើង​ធ្វើការ​នេះ​ពុំទាន់​ការ ដូច្នេះ​ត្រូវ​យើង​កេណ្ឌ​ទ័ព​ខ្មោចជាមួយនឹង​គាត់​”​។ ថា​តែ​ប៉ុណ្ណោះ​កូន​ទាំង​៤ នាក់​នោះ​ក៏​ស្ទុះ​លោត​ទៅ​តាម​បិតា​ទាំងអស់គ្នា តែ​ខណៈនោះខ្ញុំ​រាជការ​ចាប់​មិន​ឱ្យ​លោតតាម​ដើម្បី​ឃាត់​ឱ្យ​នៅ​ធ្វើ​រាជការ​បាន​ពីរនាក់​មក​វិញ គឺ​ចៅពញា​វិបុល​រាជ​ទេព​១ ចៅពញា​រាជតេជះ សុខ​១ ។ ឯ​ចៅពញា​វង្សា អគ្គរាជ កែវ និង​ចៅពញា​បរទេស​រាជ កែ (​ឬ​អង់​) ជា​កូន​១ ទី​២ នោះ​រាជការ​ចាប់ឃាត់​ពុំ​ទាន់ ក៏​លោត​ចុះ​ទៅ​ក្នុង​រណ្ដៅ​ស្លាប់ជាមួយ​បិតា​ទៅ ។ អ្នក​ម្នាង​ខៀវ​ក៏​លោតសម្លាប់​ខ្លួន​ទៅ​ក្នុង​រណ្ដៅ​រួម​ជា​៤​នាក់ ។ ខ្មោចទាំង​៤​នាក់​នោះ បាន​កើត​ឡើងជា​ដំបូកឃ្លាំង (​មឿង​៤)​ដល់​សព្វ​ថ្ងៃនេះ​។

លុះដល់​ព្រះ​ចន្ទ​ចរ​ត្រង់​ក្នុង​ថ្ងៃ​ពេញបូណ៌មី ខែ​ពិសាខ​នោះ ក៏​ស្រាប់តែ​ឮ​សូរ​សន្ធឹកខ្ទរខ្ទារ​មហិមា​នៅ​លើ​មេឃ និង​នៅ​ក្នុង​ដីនាំ​ឱ្យ​ភិតភ័យ​តក្កមា​ក្រៃ​លែង ហាក់បីដូចជាកក្រើក​ក្រឡា​មហាប្រឹថពី​។ ខណៈនោះពញា​ចន្ទ​មេ​ស្មឹង​យក​សេចក្ដី​ក្រាប​បង្គំ​ទូលសម្ដេចចៅពញា​ចន្ទ​រាជា​តាម​បណ្ដាំ​ចៅពញា សួគ៌ា​លោក​មឿង ដែល​បាន​ផ្ដាំ​នោះ ។ សម្ដេចចៅពញា​ចន្ទ​រាជាក៏​លើកទ័ព​ចេញ​ទៅចោម​បន្ទាយ​សត្រូវ​។ ឯ​កងទ័ព​សត្រូវ​បានឮសូរ​សន្ធឹក​ខ្ទរខ្ទារ​លើក​មក​ក្នុង​ដី​លើ​មេឃសន្ធឹក​ដូច​ជា​រន្ទះ​ដូច្នោះ​ក៏​ភិតភ័យ​ញ័រ​ជើងញ័រ​ដៃ រន្ធត់​តក់ស្លុត​រត់​ចោល​បន្ទាយចោលសា​ស្ដ្រាវុធ​រត់គេច​ដោះខ្លួន​ឱ្យ​រួច​ជីវិត​តែ​សព្វខ្លួន ។ សម្ដេចចៅពញា​ចន្ទ​រាជាព្រះ​អង្គ​លើកពល​យោធា​ចូល​ក្នុង​បន្ទាយ​អាស​ត្រូវ ហើយទ្រង់​ចាត់​កងទ័ព​ឱ្យ​ដេញ​តាម​ទ័ព​អាស​ត្រូវទៅ​។ ព្រះ​អង្គ​បាន​គ្រឿងសាស្ដ្រាវុធ ស្បៀង អាហារ សេះ ដំរី ជា​ច្រើន ដែល​នៅ​ក្នុងបន្ទាយ​នោះ​ទាំង​ប៉ុន្មាន​។

ថ្ងៃ​ក្រោយមកនាង​ពេញ​ជា​បាវ​អ្នក​ម្នាង ខៀវ បានដឹង​ថា “​ចៅហ្វាយ​របស់​ខ្លួន​ស្លាប់ទៅ​ហើយ ហើយ​ទៅ​កើតជា​បិសាច​រក្សាស្រុក​ដូច្នោះ​” នាង​អធិដ្ឋាន​ថា “​ខ្ញុំ​សូម​ឱ្យ​បានទៅ​ជួបនឹង​ចៅហ្វាយ​ខ្ញុំ ហើយ​ឱ្យ​បានជា​ផ្នូ​កផ្នូល​ព្រះ​នគរ​” លុះ​បួងសួង​ស្រេច​ហើយ នាងពេញ​ក៏​លោតទឹក​ស្ទឹង​ពោធិ៍សាត់​ជិត​ផ្សារក្រោម​នេះ ហើយ​ស្លាប់​ទៅ​កើតជា​បិសាចស្ថិត​ក្នុង​ទី​ដែល​មាន​ដំបូក​ទាំង​៣​។
អ្នក​ម្នាង​ខៀវ​កើតជា​ដំបូក​មួយ​នៅ​ខាងជើង ពញា​មឿង​កើតជា​ដំបូក​មួយ​នៅ​ខាងត្បូង វង្សាអគ្គរាជ​កែវ និង​បរទេស​រាជ​កែ ដែល​ជា​កូន​ពញា​សួគ៌ា​លោក​មឿង​នោះ កើតជា​ដំបូក​មួយ​នៅ​ខាងលិច ។ ដំបូក​ទាំង​៣ដុះ​ជាប់​គ្នា​ជា​៣​មុំ​ទៅ​ជា​ដំបូក​ផ្នូ​ក​ផ្នូលនៃ​ព្រះនគរ​ដូចដែល​នឹង​និយាយ​ក្នុង​ទំនាយ​ខាង​ដើមនេះ ៖

១-​ដំបូក​ខាងជើង គឺ​ដំបូក​អ្នក​ម្នាង​ខៀវជា​ដំបូក​ផ្នុ​ក​ផ្នូល​ខាង​ម្ចាស់ផែនដី​។
២-​ដំបូក​ខាងត្បូង គឺ​ដំបូក​ពញា​មឿង ជា​ដំបូក​ផ្នុ​ក​ផ្នូល​ខាង​ចៅហ្វាយស្រុក​។
៣-​ដំបូក​ខាងលិច គឺ​ដំបូក​កូន​ពញា មឿង ទាំង​ពីរ​នាក់​ជា​ដំបូក​ផ្នូ​ក​ផ្នូល​ខាង​ក្រវាញ​។
៤-​កោះ​មួយ​នៅ​ក្នុង​ស្ទឹង​នៃ​ខេត្ដ​ពោធិ៍សាត់នៅ​ផ្សារ​ក្រោម​ជា​កោះ​នាង​ពេញ ។ កោះ​នេះ​ជា​ផ្នូ​ក​ផ្នូល​ខាង​ចៅហ្វាយស្រុកដែរ​។

សំគាល់ៈ​(១)​ពញា​មឿងៈ​ឧកញ៉ា​ឃ្លាំង មឿង​, (២)​កែ ៖ សាស្ដ្រា​វត្ដ​កំពង់ត្រឡាច​ថា ឈ្មោះ​អង់​, (៣)​បន្ទាយ​មាន​ជ័​យៈ​ភូមិ បន្ទាយ​ជ័យ​សព្វថ្ងៃ​, (៤)​ឃ្លាំងមឿង ៖ អ្នកខ្លះ​យល់​ថា “​ឃ្លាំងមឿង​”​នេះ​មិនមែន​ជាឈ្មោះ ឬ​ជា​ងារ​សក្ដិ​របស់​រូប​មន្ដ្រី​ដែល​បានប្ដូរជីវិត ដើម្បី​បូជា​ទឹកដី​នោះ​ទេ​ថាពាក្យ “​ឃ្លាំងមឿង​”​នេះ​ជា​ពាក្យ​សៀម​ក្លាយ​គឺ​ក្លាយពី​ពាក្យ​សៀម​មែនទែន​ថា  “​ខ្លា​ង​មឿង​” ប្រែថា អ្នកតា​ចាស់​ស្រុក ៕