ខេត្តកណ្តាល ៖ យុវជនកំហូចម្នាក់ ត្រូវប៉ូលិសស្រុកស្អាងចាប់ខ្លួនបន្ទាប់ពីទទួលពាក្យបណ្តឹងពីនារីជាកម្មការិនីរោងចក្រម្នាក់ បានប្តឹងចោទប្រកាន់ថា បុរសនេះបានចាប់អោបថើបនិងសុំស្នេហ៍ពីនាងខណៈដែលនាងចូលក្នុងបន្ទប់ទឹកដើម្បីលប់លាងមុខ នៅក្នុងរោងចក្រធីងវ៉េ ស្ថិតនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង កាលពីវេលាម៉ោង៤និង១៤នាទីរសៀលថ្ងៃទី១៥ ខែមីនា ។
តាមប្រភពពីមន្ត្រីប៉ូលិសបានឱ្យដឹងថា យុវជនដែលត្រូវបានចាប់ខ្លួនពីបទបៀតបៀនកេរ្តិ៍ខ្មាសនោះឈ្មោះម៉ៅ តូម៉ា អាយុ២៣ឆ្នាំភូមិកំណើតស្រុកជីក្រែង ខេត្តសៀមរាប មកបម្រើការងារជាជាងពិតាននៅក្នុងរោងចក្រកើតហេតុខាងលើ ។ ចំណែកនារីរងគ្រោះឈ្មោះឈ ឌ ជាកម្មការិនីបម្រើការងារនៅរោងចក្រធីងវ៉េ ជាមួយគ្នា អាយុ២១ឆ្នាំ ។ នារីរងគ្រោះប្រាប់ប៉ូលិសឱ្យដឹងថា នៅម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៥ មីនា នាងបានចូលក្នុងបន្ទប់ទឹករោងចក្រ ដើម្បីលប់លាងមុខមាត់ដោយសារតែពេលធ្វើការមានសភាពងងុយ ខណៈនោះស្រាប់តែឈ្មោះម៉ៅ តូម៉ា បានទៅចាប់អោបនាងពីក្រោយ ហើយស្ទាបអង្អែលលើរូបរាងកាយ ហើយនាងបានខំរើបម្រះ ស្របពេលនោះមានកម្មករម្នាក់នៅផ្នែកអនាម័យដើរមកនាងក៏ស្រែកឱ្យគេជួយទើបឈ្មោះម៉ៅ តូម៉ា ព្រមលែងក្រោយមកនាងក៏ប្តឹងប៉ូលិសតែម្តង ។
នៅចំពោះមុខប៉ូលិសជនសង្ស័យឈ្មោះម៉ៅ តូម៉ា បាននិយាយថា ខ្លួនមកបម្រើការងារនៅក្នុងរោងចក្រធីងវ៉េនេះជាង២ខែមកហើយជាជាងពិតាន នៅថ្ងៃកើតហេតុខ្លួនបានឃើញនាងដើរចូលក្នុងបន្ទប់ទឹកតែម្នាក់ឯង ពេលនោះខ្លួនកំពុងធ្វើការនៅក្បែរនោះក៏ចូលទៅអោបនាងពីក្រោយ និងបាននិយាយលួងលោមសុំស្នេហ៍នាង ក្រោយមកក៏ត្រូវនាងរើបម្រះរួចចេញពីបន្ទប់ទឹកវិញ ។ ជននេះបន្តថា ខ្លួនធ្លាប់ស្គាល់នាងយូរមកហើយ មានស្រុកកំណើតនៅឃុំជាមួយគ្នា ហើយមកស្នាក់នៅធ្វើការជួលផ្ទះនៅក្បែរគ្នាទៀត និងធ្លាប់និយាយឌឺដងស្នេហាជាមួយគ្នា ប៉ុន្តែមិនទាន់ស៊ីសង្វាក់គ្នា លុះដល់ថ្ងៃកើតហេតុខ្លួនឃើញឱកាសល្អក៏ទៅចាប់អោបថើបនាងមិននឹកស្មានថានាងប្តឹងទេ បន្តិចក្រោយមកក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តង ។ បច្ចុប្បន្នជនសង្ស័យត្រូវបានប៉ូលិសស្រុកស្អាងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ