ខេត្តបាត់ដំបង ៖ ដើម្បីរួមចំណែកលើកស្ទួយការអភិវឌ្ឍកែប្រែសោភ័ណភាពទីក្រុងបាត់ដំបងឱ្យកាន់តែមានភាពស្រស់បំព្រងឡើងថែមទៀតនោះ ក្រុមហ៊ុនគឹម ហុកហេង ទទួលបានការរៀបចំផ្សារបឹងឈូកតាំងពីសម័យមានសង្គ្រាមនៅក្នុងស្រុកមកម៉្លេះគឺឆ្នាំ១៩៩១-១៩៩២ ដែលតំបន់នោះនៅជាបឹងឈូកនៅឡើយ ហើយរហូតមកដល់ពេលនេះមានផ្ទះល្វែង និងអគារធំៗព័ទ្ធជុំវិញ ដោយមានការរៀបចំពីអាជ្ញាធរខេត្ដ-ក្រុង។
កាលពីថ្ងៃទី២៣ កុម្ភៈ កន្លងមក មានភ្លៀងកក់ខែមួយមេបានធ្លាក់មកយ៉ាងខ្លាំងបណ្ដាលឱ្យជន់លិចតាមផ្លូវទំនាបមួយចំនួន និងកណ្ដាលផ្សារបឹងឈូកដែលនៅទាប។ «ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនតែងតែពិនិត្យមើលជានិច្ចបើនៅរដូវវស្សាទឹកលិចត្រង់ណាត្រូវរៀបចំនៅខែប្រាំងកុំឱ្យលិចនៅឆ្នាំក្រោយទៀត»។ នេះជាសម្ដីលោកឧកញ៉ា តាន់ ឈុន នាយកក្រុមហ៊ុនគឹមហុកហេងដែលជាម្ចាស់ផ្សារបឹងឈូក។ លោកឧកញ៉ា បន្ដថា ក្រុមហ៊ុនគោរពទៅតាមកិច្ចសន្យាដែលមាន ហើយអនុវត្ដតាមគំរោងផែនការដែលពេលនេះកំពុងតែចាក់ផ្លូវបេតុងជុំវិញផ្សារ ដែលមានទទឹង៨ម៉ែត្របានប្រវែងជាង៥០០ម៉ែត្រសំរាប់ការពារទឹកភ្លៀងដែលហូរមិនទាន់កុំឱ្យជន់លិចដូចឆ្នាំមុនៗទៀតឱ្យទាន់មុនរដូវវស្សាចូលមកដល់។ ជាមួយនេះ រៀបចំអំពូលភ្លើងបំភ្លឺតាមផ្លូវចំនួន២៥បង្គោល និងរៀបបន្ដចំនួន៣០បង្គោលទៀតដាក់នៅកន្លែងងងឹតក្នុងផ្សារដើម្បីបំភ្លឺរៀងរាល់យប់ ដោយក្រុមហ៊ុនជាអ្នកចំណាយថវិកាទាំងថ្លៃរៀបចំ និងបង់សេវាប្រចាំខែទាំងអស់ ហើយបន្ដធ្វើបន្ថែមទៀតនូវអ្វីដែលមាននៅក្នុងសៀវភៅបន្ទុក និងកិច្ចសន្យាដែលមាន។
លោកអ៊ុយ រី អភិបាលក្រុងបាត់ដំបងមានប្រសាសន៍ថា ពិតមែនហើយប្រព័ន្ធផ្លូវ និងលូបង្ហូរទឹកភ្លៀងយើងមិនទាន់បានស្ដាររួចរាល់គឺនៅសល់២ខ្សែទៀត កំពុងធ្វើជាបន្ដ ដែល១ខ្សែចេញពីផ្លូវលេខ៣ចុះតាមផ្លូវមាត់ស្ទឹងសង្កែ និងមួយខ្សែទៀតចេញពីផ្សារបឹងឈូកចូលមកប្រព័ន្ធលូចាស់ ដែលតែងតែស្ទះនៅពេលភ្លៀងធ្លាក់ដោយទឹកហូរមិនទាន់ ហើយពេលនេះយើងកំពុងរួមសហការជាមួយក្រុមហ៊ុនផ្សារបឹងឈូក ដើម្បីរៀបចំប្រព័ន្ធនេះឱ្យដំណើរការល្អឡើងវិញ។ លោកអភិបាលក្រុងបន្ដថា លោកកំពុងផ្ដោតយ៉ាងខ្លាំងទៅលើចំណុចផ្សារបឹងឈូកដើម្បីកែប្រែបន្ថែមឱ្យមានសោភ័ណភាព និងសុវត្ថិភាពសំរាប់ទទួលភ្ញៀវទេសចរបរទេសដែលមានវត្ដមានក្នុងក្រុងបាត់ដំបងឱ្យមានភាពកក់ក្ដៅ និងជំរុញបន្ថែមឱ្យរៀបចំស្ដង់លក់ផ្លែឈើក្នុងស្រុកឱ្យមានអនាម័យល្អ ។ ជាមួយនេះពិនិត្យបន្ថែមទៀតប្រព័ន្ធលូក្នុងផ្សារកុំឱ្យស្ទះ,គាំទ្រការចាក់ផ្លូូវបេតុងថែម និងជំរុញការរៀបចំសណ្ដាប់ធ្នាប់ចំណតរថយន្ដឱ្យមានរបៀបល្អ កុំឱ្យមានភាពរញ៉េរញ៉ៃប៉ះពាល់ដល់ផ្លូវជាតិលេខ៥៕



ចែករំលែកព័តមាននេះ