ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចាប់ផ្ដើម​វិនិយោគ​ជលផល​នៅ​ខេត្តកំពត ខណៈ​ឈ្មួញ​ចិន​ខ្លះ​នាំ​ចូល​បង្កង​មក​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កំណើន​នៃ​វិនិយោគិន​ចិន​នៅ​កម្ពុជា​នៅ​តែ​ជា​ប្រធានបទ​ក្ដៅ សម្រាប់​ពលរដ្ឋ​កម្ពុជា​ជជែក​វែកញែក​ពី​ការ​វិនិយោគ​របស់​ពួក​គេ​លើ​ទឹកដី​កម្ពុជា​ទាំង​វិស័យ​សំណង់ អចល​ទ្រព្យ និង​ផលិតផល​ជលផល​ជាដើម ដោយសារ​តែចិន ​គឺជា​អ្នក​វិនិយោគ​ធំ​ទាំង​នៅ​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយ​ចំនួន ជាក់ស្ដែង​ការ​វិនិយោគ​ធំ​ៗ​ទាំង​សណ្ឋាគារ កាស៊ីណូ…

រាជធានី​ភ្នំពេញ​៖ កំណើន​នៃ​វិនិយោគិន​ចិន​នៅ​កម្ពុជា​នៅ​តែ​ជា​ប្រធានបទ​ក្ដៅ សម្រាប់​ពលរដ្ឋ​កម្ពុជា​ជជែក​វែកញែក​ពី​ការ​វិនិយោគ​របស់​ពួក​គេ​លើ​ទឹកដី​កម្ពុជា​ទាំង​វិស័យ​សំណង់ អចល​ទ្រព្យ និង​ផលិតផល​ជលផល​ជាដើម ដោយសារ​តែចិន ​គឺជា​អ្នក​វិនិយោគ​ធំ​ទាំង​នៅ​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយ​ចំនួន ជាក់ស្ដែង​ការ​វិនិយោគ​ធំ​ៗ​ទាំង​សណ្ឋាគារ កាស៊ីណូ នៅ​ខេត្ត​ព្រះ​សីហ​នុ កំពុង​កាន់កាប់​ដោយ​វិនិយោគិន​ចិន ហើយ​ភ្នំពេញ​ក៏​ការ​វិនិយោគ​ធំ​ៗ​គឺ​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ដែរ ។ ទន្ទឹម​នឹង​មុខ​ជំនួញ​និង​ការ​វិនិយោគ​ធំ​ៗ​កំពុង​ក្តោប​ក្នុង​ដៃ​របស់​វិនិយោគិន​ចិន ឈ្មួញ​ចិន​ខ្លះ ក៏​បាន​នាំ​ចូល​បង្កង​ពី​ប្រទេស​មក​ផ្គត់ផ្គង់​តាម​ភោជនីយដ្ឋាន​របស់​ចិន​នៅ​ក្រុងភ្នំពេញ​ផង​ដែរ ។

​ដោយឡែក​ខេត្តកំពត ក៏​មិន​រំលង​ពី​វិនិយោគិន​ចិន​នោះ​ទេ ព្រោះ​ទឹកដី​ខេត្ត​មាត់សមុទ្រ​មួយ​នេះ ក៏​មាន​ជនជាតិ​ចិន​ជា​ច្រើន​កំពុង​បាញ់​ឆ្ពោះ​ការ​វិនិយោគ​របស់​ខ្លួន​ទៅ​កាន់​តំបន់​ដ៏​ស្រស់​ស្អាត​មួយ​នេះ​។ ជាក់ស្ដែង​ក្រុមហ៊ុន​វិនិយោគិន​ចិន​មួយ បាន​និង​កំពុង​សិក្សា​ពី​ការ​វិនិយោគ​លើ​ការ​ចិញ្ចឹម​បង្គា​នៅ​ក្នុង​ខេត្តកំពត ដោយ​បាន​បោះទុន​ប្រមាណ ១​លាន​ដុល្លារ​ក្នុង​ការ​ដក​បទ​ពិសោធន៍ ។ នេះ​បើ​យ​យោង​តាម​ព័ត៌មាន​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

ប្រភព​ខាងលើ​បាន​ដកស្រង់​សម្ដី​លោក សុ​ប សារា​ប៊ុ​ទ្ទី ប្រធាន​បច្ចេកទេស​នៃ​ក្រុមហ៊ុន ហ្គ្រេ​ន​ហុង​យាន អេ​ឃ្វើ​ខ​ល​ឈ័​រ ខេ​ម​បូ​ឌា បាន​និយាយ​ថា​បច្ចុប្បន្ន ក្នុង​កសិដ្ឋាន​បាន​យក​បច្ចេកវិទ្យា​ពី​ប្រទេស​ចិន ក្នុង​ការ​សាងសង់ ការ​ចិញ្ចឹម ផ្ដល់​ចំណី ការ​គ្រប់គ្រង ប្រើប្រាស់​ទឹក និង​សម្អាត​ទឹក មក​អនុវត្តន៍​ហើយ ។ ​លោក សុ​ប សារា​ប៊ុ​ទ្ទី បាន​បន្ត​ថា «​យើង​មាន​អាង​ចំនួន​៣៤​អាង​ហើយ ក្នុង​នោះ យើង​ចិញ្ចឹម​រយៈ​៣​ខែ​យើង​អាច​ទទួល​បាន​បង្គា​លក់​លើ​ទីផ្សារ​ហើយ ។ ស្ដង់ដារ​បង្គា​លក់​លើ​ទីផ្សារ​គឺ​ប្រមាណ​ពី​៣០​ទៅ ៣៥​ក្បាល​នឹង​គ្រប់​១​គីឡូក្រាម​និង​ទទួល​បាន​តម្លៃ​ពី​៤​ពាន់​ទៅ​៥​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម » ។ លោក​បាន​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​បាន​ចំណាយ​ប្រាក់​ប្រមាណ​១​លាន​ដុល្លារ​អា​មេ​រិ​ក​ហើយ​ក្នុង​ការ​អនុវត្តន៍​គម្រោង និង​ត្រូវ​បន្ថែម​ទុន​ក្នុង​ការ​ពង្រីក​អាង​ចិញ្ចឹម​បន្ថែម ។ បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ពង្រីក​អាង​បាន​ចំនួន​៣២​រោង​ហើយ​នៅ​លើ​ទំហំ​ផ្ទៃដី​ប្រមាណ​៣២​ហិច​តា ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​កសិដ្ឋាន​ចិញ្ចឹម​បង្គា​របស់​ចិន​នៅ​ខេត្តកំពត​នេះ​ថា ការ​វិនិយោគ​លើ​ការ​ចិញ្ចឹម​បង្គា​នេះ គឺជា​ការ​ឆ្លើយ​តប​នឹង​ទៅ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល ដែល​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម​នៅ​ក្នុងស្រុក ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ផលិតផល​ជលផល ពី​ក្រៅប្រទេស​មក​កាន់​កម្ពុជា ។ នេះ គឺជា​ការ​ឆ្លើយ​តប​មួយ​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ផលិតផល​ជលផល​ក្នុងស្រុក ហើយ​ក្នុង​នាម​អាជ្ញាធរ​សូម​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន បន្ត​ដាក់​ទុន​វិនិយោគ​បន្ថែម​ទៀត ក្នុង​វិស័យ​វារីវប្បកម្ម នៅ​កម្ពុជា​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុងស្រុក​របស់​កម្ពុជា ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ការ​ចូលរួម​ពី​វិស័យ​ឯកជន​ក្នុង​ការ​វិនិយោគ​នេះ ពិតជា​បាន​ចូលរួម​ចំណែក​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន បង្កើន​ចំណូល​ក្នុង​គ្រួសារ និង​កាត់​បន្ថយ​ភាព​ក្រីក្រ ពិសេស​ចូលរួម​អនុវត្ត​គោ​នយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ស្រប​តាម​អភិក្រម «​រដ្ឋ ឯកជន ដៃគូ​អភិវឌ្ឍ និង​សហគមន៍​កសិកម្ម​»​។ លោក វេ​ង សា​ខុន បាន​បញ្ជាក់​ថា ចាប់តាំងពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុវត្តន៍​នូវ​គម្រោង​អភិវឌ្ឍន៍​វិស័យ​វារីវប្បកម្ម​មក ឃើញ​ថា​វិស័យ​ន មានការ​រីក​លូតលាស់​គួរ​អោយ​កត់សម្គាល់ ហើយ​ការ​នាំ​ចូល​ផលិតផល​វារីវប្បកម្ម​ពី​ខាងក្រៅ​ប្រទេស​ក៏​បាន​កាត់​បន្ថយ​ច្រើន ជា​ពិសេស​ផលិតផល​ទឹកសាប ដូច្នេះ​តាម​រយៈ​គម្រោង​វិនិយោគ​បន្តបន្ទាប់​ទៀត​របស់ ក្រុមហ៊ុន​ចិន​មួយ​នេះ​រំពឹង​ថា​នឹង​អាច​កាត់​បន្ថយ​បាន​នូវ​ការ​នាំ​ចូល​ពី​ខាងក្រៅ​បាន​ច្រើន​ថែមទៀត​។

សូម​រំលឹក​ផង​ដែរ​ថា ដោយសារ​តែ​មានការ​វិនិយោគ​ពី​ជនជាតិ​ចិន​នៅ​ខេត្តកំពត ទីតាំង​ផលិត​អំបិល​ខេត្តកំពត កំពុង​ត្រូវ​បាន​ផ្លាស់​ប្តូរ​ពី​ការ​ផលិត​អំបិល​ទៅ​ប្រកប​អាជីវកម្ម​ផ្សេង​ៗ​ហើយ ជាក់ស្ដែង​បើ​តាម​លោក ប៊ុ​ន បារាំង ប្រធាន​សមាគម​អ្នក​ផលិត​អំបិល​ខេត្តកំពត បាន​និយាយ​ថា ពលរដ្ឋ​ដែល​ជា​អ្នក​ផលិត​អំបិល កាលពីមុន​នោះ បាន​ផ្លាស់​ប្តូរ​អាជីវកម្ម​របស់​ខ្លួន​ហើយ ហើយ​មួយ​ចំនួន​ក៏​បាន​លក់​ដីស្រែ​អំបិល​នោះ​ផង​ដែរ ។ យើង​ក៏​មិនដឹង​ថា ពួក​គាត់​លក់​អោយ​អ្នក​ណា​ដែរ ។ យ៉ាងណា​ក៏​ដោយ​គេ​សង្ស័យ​ថា ពលរដ្ឋ​ផលិត​អំបិល​ទាំងនោះ អាច​លក់​ទៅ​អោយ​វិនិយោគិន​ចិន​វិនិយោគ​អ្វី​ផ្សេង ។

ចំណែក​នៅ​រាជធានី​ភ្នំពេញ​វិញ ឈ្មួញ​ជនជាតិ​ចិន​មួយ​រូប​ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​តែ​អាច​និយាយ​ភាសា​ខ្មែរ​បាន​ខ្លះ​ៗ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​បាន​នាំ​ចូល​បង្កង​ចិន មក​ផ្គត់ផ្គង់​តាម​ភោជនីយដ្ឋាន​របស់​ចិន​ជា​ច្រើន​កន្លែង​នៅ​ក្រុងភ្នំពេញ ។ ​«​ជា​ទូទៅ បង្កង​នេះ​គឺ​នាំ​មក​ពី​ចិន ហើយ​យើង​លក់​បន្ត​ទៅ​ភោជនីយដ្ឋាន​របស់​ចិន ដែល​គេ​ត្រូវការ​។ ជា​ទូទៅ ខ្ញុំ​លក់​មួយ​កេះ គឺ​មាន​ទម្ងន់ ២០ គី​ឡួ​ក្រាម​ក្នុង​តម្លៃ ១៨​ដុល្លារ​ក្នុង​មួយ​គី​ឡួ​ក្រាម អ​ញ្ចឹ​ង​ភោជនីយដ្ឋាន​ខ្លះ​គេ​យក​មួយ​កេះ​មាន​បង្កង​សរុប​ទម្ងន់​២០​គីឡូក្រាម​» ។

នេះ​ជា​ការ​បញ្ជាក់​អះអាង​របស់​ឈ្មួញ​ជនជាតិ​ចិន​មួយ​រូប ។ បុរស​ជនជាតិ​ចិន​ខាងលើ​ទើប​នាំ​ចូល​បង្កង​ពី​ចិន មក​លក់​នៅ​ក្រុងភ្នំពេញ​បាន​រយៈពេល​ជិត ១ ឆ្នាំ​ហើយ ដោយ​បង្កង​ទាំងនោះ​រៀបចំ​ដាក់​ក្នុង​កេះ​ស្នោរ​និង​ដឹក​ជ​ញ្ជួ​ន​ពី​ប្រទេស​ចិន​រៀង​រាល់​៣ ទៅ ៤ ថ្ងៃ​ម្តង​ទើប​ខ្លួន​ឡើង​ទៅ​យក​នៅ​ព្រ​លាន​យន្តហោះ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ