ខេត្តបន្ទាយមានជ័យ ៖ ផ្ទះប្រកបអាជីវកម្មផ្លូវភេទចំនួន២ល្វែង នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានត្រូវកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះបង្ក្រាបកាលពីវេលាម៉ោង៨និង២៥នាទីយប់ថ្ងៃទី៥ មីនា ឆ្នាំ២០១១។
លោកវរសេនីយ៍ទោសិទ្ធិ ឡោះ នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានប្រាប់ឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបនេះ សមត្ថកិច្ចបានរំដោះស្ត្រីរកស៊ីផ្លូវភេទចំនួន១០នាក់ ក្នុងនោះផ្ទះល្វែងទី១ មានស្ត្រីរកស៊ីផ្លូវភេទចំនួន៧នាក់ ។ ផ្ទះល្វែងទី១នេះមានម្ចាស់ឈ្មោះយាយម៉ាប់ ហៅយាយផាន់ អាយុប្រហែល៤៥ឆ្នាំ ហើយជាមួយនឹងការរំដោះស្ត្រីរកស៊ីផ្លូវភេទ សមត្ថកិច្ចក៏បានឃាត់ខ្លួនមេការម្នាក់ឈ្មោះលឹម សុវណ្ណារ៉ា ហៅខា ហៅឆើត ភេទប្រុស អាយុ៣៩ឆ្នាំ ផងដែរ។ ក្នុងការចុះបង្ក្រាបនេះសមត្ថកិច្ចឆែកឆេររកឃើញវត្ថុតាងរួមមាន ១-ស្រោមអនាម័យមិនទាន់ប្រើចំនួន៨៥ស្រោម ២-សៀវភៅបញ្ជីកត់ត្រាចំនួន៨ក្បាល ៣-ឈ្មោះបុងវ៉ៃសិច សម្រាប់ចេញឱ្យស្រីៗ កាន់ទុក ពេលរួមភេទរួចចំនួន៦៦បុង ៤-បុងវ៉ៃសិចជាក្រដាសបារីចំនួន២៣បុង ៥-ស្រោមអនាម័យប្រើរួច២៣ស្រោម ៦-ទឹកអំបិល៧កញ្ចប់ ។
ចំណែកផ្ទះល្វែងទី២ មានម្ចាស់ឈ្មោះភី ភេទស្រី អាយុ៣៥ឆ្នាំ ជាប្រពន្ធ និងប្តីឈ្មោះរិត រំដោះស្ត្រីរកស៊ីផ្លូវភេទបានចំនួន៣នាក់ ក្នុងនោះស្ត្រីម្នាក់ឈ្មោះហេង ស្រីមុំ សង្ស័យជាមេការ ព្រមទាំងឆែកឆេររកឃើញវត្ថុតាង ១-ស្រោមអនាម័យចំនួន៨កំប៉ុង ២-បញ្ជីសៀវភៅកត់ត្រាវ៉ៃសិច ចំនួន៣ក្បាល ៣-ស្រោមអនាម័យប្រើរួច១២ស្រោម ប៉ុន្តែ២នាក់ ប្តីប្រពន្ធជាម្ចាស់ផ្ទះគេចខ្លួនរួច ។
លោកនាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបន្តទៀតថា បើតាមការឆ្លើយបំភ្លឺរបស់ឈ្មោះលឹម សុវណ្ណារ៉ា ហៅខា ហៅឆើត បានប្រាប់សមត្ថកិច្ចថា ខ្លួនជាអ្នកមើលការខុសត្រូវឱ្យថៅកែឈ្មោះយាយម៉ាប់ ហៅយាយផាន់ ប៉ុណ្ណោះ ។ ចំណែកនារីឈ្មោះហេង ស្រីមុំ បានអះអាងថា ខ្លួនបានស្ម័គ្រចិត្តមកបម្រើផ្លូវភេទនៅផ្ទះរបស់ស្ត្រីឈ្មោះភី និងឈ្មោះរឹត ហើយ ពេលបានលុយដេកជាមួយភ្ញៀវគឺ យកទៅឱ្យឈ្មោះសាយ អ្នកបម្រើផ្លូវភេទដូចគ្នា ដើម្បីគេយកទៅឱ្យថៅកែ ។
លោកវរសេនីយ៍ឯកពូន សានិត ស្នងការរងនគរបាលខេត្ត និងជាប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌ បានឱ្យដឹងដែរថា ស្ត្រីចំនួន៩នាក់ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចខេត្ត និងអង្គការ CWCC អង្គការជួយស្ត្រីមានវិបត្តិ ដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ ។ ចំណែកឈ្មោះលឹម សុវណ្ណារ៉ា និងស្ត្រីឈ្មោះហេង ស្រីមុំ មន្ត្រីជំនាញការិយាល័យរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីវិនិច្ឆ័យទោសតាមច្បាប់ ៕


ចែករំលែកព័តមាននេះ