កម្ពុជា​ត្រៀមខ្លួន​រួចរាល់​សម្រាប់​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ដោយ​មិនបាច់​ប្រើ​ក្រដាស​ស្នាម


​រា​ធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​អះអាង​ថា​កម្ពុជា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​អនុវត្ត​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ដោយ​មិនបាច់​ប្រើ​ក្រដាស​ស្នាម​នៅ​ក្នុង​ក្រប​ខណ្ឌ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ខណៈ​ដែល​បច្ចុប្បន្ន​ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​របស់​កម្ពុជា​កំពុង​រង​ចំ​រដ្ឋ​សភាជាតិ​ធ្វើការ​អនុម័ត​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។

​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោកស្រី តឹក​រ៉េ​ត កំរង មាន​ប្រសាសន៍​នៅ​ពេល​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ដោយ​មិនបាច់​ប្រើ​ក្រដាស​ស្នាម​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​៥ ខែកញ្ញា​កន្លង​ទៅ​នេះ​ថា កម្ពុជា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​អនុវត្ត​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ដោយ​មិនបាច់​ប្រើ​ក្រដាស​ស្នាម តាម​រយៈ​ការ​ចូល​ជា​សមាជិក​សន្ធិសញ្ញា​អង្គការសហប្រជាជាតិ ស្តី​ពី​ប្រតិបត្តិការ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ការ​បង្កើត​គណៈកម្មាធិការ​បញ្ជរ​តែ​មួយ​ជាតិ និង​ការ​ប្រើប្រាស់​ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក ដែល​បច្ចុប្បន្ន​កំពុង​រង់ចាំ​រដ្ឋសភា​ជាតិ​ធ្វើការ​អនុម័ត ដើម្បី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។

​លោកស្រី តឹក​រ៉េ​ត កំរង បាន​គូសបញ្ជាក់​ថា «​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន មិនបាច់​ប្រើ​ក្រដាស​ស្នាម សម្រាប់​បម្រើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នៅ​កម្ពុជា និង​ការ​ជំរុញ​ប្រសិទ្ធភាព គណនេយ្យ​ភាព និង​តម្លាភាព​នៃ​លំហូរ​ពាណិជ្ជកម្ម​នៅ​តាម​ប្រទេស​ក្នុង​តំបន់ ដើម្បី​បង្កើត​ភាព​សុខដុម​នី​យ​កម្ម​សម្រាប់​ពិភពលោក ក្នុង​រយៈពេល​យូរអង្វែង​»​។ លោកស្រី​រដ្ឋលេខាធិការ បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ដោយ​មិនបាច់​ប្រើ​ក្រដាស​ស្នាម តាម​រយៈ​ការ​កែសម្រួល​នីតិវិធី​រដ្ឋបាល ការ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្ន័យ​គយ ASYCUDA ការ​ដាក់​ចេញ​នូវ​កំណែទម្រង់ និង​វិធានការ​សម្រួល​ពាណិជ្ជកម្ម​ដ៏​មុត​ស្រួច ការ​ធ្វើ​បច្ចុប្បន្នភាព និង​ដាក់​ឱ្យ​ដំណើរការ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម ឆ្នាំ​២០១៩-២០២៣ និង​ការ​ចងក្រង​ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​។

ទាក់ទង​និង​ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​នេះ​បើ​តាម​លោក ឡុ​ង កែម​វិចិត្រ មន្ត្រី​អ្នកនាំពាក្យ​ឆ្លាស់​វេន​នៃ​ក្រសួងពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា ច្បាប់​ស្ដី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក រំពឹង​ថា​នឹង​ត្រូវ​បាន​អនុម័ត និង​ប្រកាស​ឱ្យ​ប្រើ​មុន​ដំណាច់ ឆ្នាំ​២០១៩ នេះ ។ បច្ចុប្បន្ន​សេចក្តីព្រាងច្បាប់​នេះ បាន​ឆ្លង​កិច្ចប្រជុំ​អន្ដរ​គណៈកម្មការ​ជំនាញ (​ទី​៥ និង​ទី​៩) នៃ​រដ្ឋសភា ដើម្បី​ត្រៀម​ដាក់​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ពេញអង្គ​នៃ​រដ្ឋសភា នា​ពេល​ខាង​មុខ​នេះ (​ក្រោយ​ពេល​រដ្ឋសភា​បញ្ចប់​វិស្សមកាល​នៅ​ដើមខែ​តុលា​ខាង​មុខ​)​។

លោក​បាន​បញ្ជាក់​ថា ច្បាប់​ស្ដី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នៅ​ពេល​ដាក់​ឱ្យ​ដំណើរការ​វា​នឹង​ផ្តល់​ប្រយោជន៍​៖១-) ផ្តល់​ជា​មូលដ្ឋាន​គតិ​យុ​ត្ត ទំនុកចិត្ត និង​ប្រសិទ្ធភាព​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ព្រមទាំង​ជួយ​ឱ្យ​ការ​ផ្តល់​សេវា​សាធារណៈ​របស់​រដ្ឋ​ជូន​ដល់​វិស័យ​ឯកជន​ប្រព្រឹត្ត​ទៅ​បាន​ឆាប់រហ័ស​,២-) កាត់​បន្ថយ​ការ​ប្រើប្រាស់​ក្រដាស​ស្នាម​មិន​ចាំបាច់​នានា​ក្នុង​ប្រតិបត្តិការ​ទិញ​លក់ទំនិញ សេវា និង​ប្រតិបត្តិការ​ផ្នែក​រដ្ឋប្បវេណី​នានា​,៣-) ធានា​បាន​នូវ​ការ​គ្រប់គ្រង​អាជីវកម្ម ការ​ទទួល​បាន​នូវ​ការ​គាំពារ ការ​លើកទឹកចិត្ត និង​ការ​បំពេញ​កាតព្វកិច្ច​ពន្ធដារ​របស់​សហគ្រាស​ដែល​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ក្នុង​ប្រទេស និង​ជាមួយ​បរទេស​,៤-)​ផ្ដល់​លទ្ធភាព និង​មធ្យោបាយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​អាច​ទទួល​បាន​បច្ចេកវិទ្យា​ថ្មី​ៗ ព្រមទាំង​អាច​ទិញ​-​លក់ទំនិញ​ជា​វត្ថុធាតុដើម សម្រាប់​ផលិតកម្ម និង​ភ្ជាប់​ខ្លូ​ន​ទៅ​នឹង​ខ្សែ​សង្វា​ក់​ផលិតកម្ម​តំបន់ និង​អន្ដរជាតិ​និង​៥-) ការពារ​អ្នក​ប្រើប្រាស់​ពី​ការ​ឆបោក​ក្នុង​ការ​ទិញ​លក់ទំនិញ ក៏​ដូច​ជា​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​»​។

បើ​តាម​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៧ កម្ពុជា​បាន​ចុះហត្ថលេខា​លើ​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង ស្តី​ពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ដោយ​មិនបាច់​ប្រើ​ក្រដាស​ស្នាម​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​អន្តរជាតិ ប្រកបដោយ​ប្រសិទ្ធិ​ភាព និង​តម្លាភាព ព្រមទាំង​ធានា​បាន​នូវ​ការ​គោរព​បទដ្ឋាន​គតិ​យុ​ត្ត ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​រយៈពេល​វែង ដល់​ប្រទេស​ក្នុង​តំបន់​៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ