ខេត្តកណ្តាល ៖ បុរសជនជាតិវៀតណាមម្នាក់ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនកាលពីថ្ងៃទី១០ មីនា ២០១១ ដោយយោងតាមពាក្យបណ្តឹងរបស់ម្តាយនារីរងគ្រោះដែលចោទថាបានចាប់កូនស្រីដាក់រថយន្តនាំយកទៅរំលោភ សេពសន្ថវៈកាលពីវេលាម៉ោង៨ និង៤០នាទីព្រឹកថ្ងៃទី៧ មីនា ២០១១ នៅចំណុចភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ប៉ុន្តែបុរសជាប់ចោទបានអះអាងថា មិនមែនជារឿងចាប់រំលោភសេពសន្ថវៈនោះទេ គឺជារឿងស្នេហាផ្អែមល្អែមដែលពួកគេបានស្និទ្ធស្នាលនឹងគ្នាអស់រយៈពេលជិតមួយឆ្នាំមកហើយ។
លោកអេង ហ៊ី មេបញ្ជាការរង និងជាប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះង្វៀន យ៉ុងធឹក ភេទប្រុស អាយុ៣៦ឆ្នាំ មានប្រពន្ធរស់នៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ មុខរបរលក់ទិញ-ត្រី ។ ចំណែកនារីរងគ្រោះអាយុ១៨ឆ្នាំ រស់នៅឃុំរកាកោង ស្រុកមុខកំពូល ។ លោកប្រធានការិយាល័យបានឱ្យដឹងទៀតថា ការឃាត់ខ្លួនបុរសជនជាតិវៀតណាមឈ្មោះ ង្វៀន យ៉ុងធឹក ធ្វើឡើងតាមពាក្យបណ្តឹងរបស់ ម្តាយនារីក្រមុំរងគ្រោះឈ្មោះឌឿក ដែលបានប្តឹងថា កាលពីវេលាម៉ោង៨ និង៤០នាទីព្រឹកថ្ងៃ ទី៧ មីនា ឆ្នាំ២០១១ ឈ្មោះង្វៀន យ៉ុងធឹក បានចាប់អូសដៃកូនក្រមុំគាត់ចូលក្នុងរថយន្តរបស់គេខណៈគាត់ និងកូនស្រីកំពុងដើរតាមផ្លូវមកដល់ចំណុចភូមិព្រៃល្វា ឃុំពញាឮ ស្រុកពញាឮ និងមានបក្សពួក២នាក់ទៀតនៅក្នុងរថយន្តម៉ាកកាមរី ស៊េរីឆ្នាំ១៩៨៩ ហើយបើកមកភ្នំពេញ បាត់នាំយកទៅរំលោភសេពសន្ថវៈ ។
ប៉ុន្តែបើតាមចម្លើយរបស់ជនសង្ស័យឈ្មោះង្វៀន យ៉ុងធឹក ប្រាប់សមត្ថកិច្ចថា ខ្លួននិងឈ្មោះ ង្វៀន ថាវ ធ្លាប់ទំនាក់ទំនងស្នេហានឹងគ្នាជិត១ឆ្នាំមកហើយ និងធ្លាប់នែបនិត្យជាមួយនាងជាញឹកញាប់ផងដែរនៅនឹងផ្ទះរបស់នាងពេលម្តាយនាងមិននៅ ។ នៅថ្ងៃកើតហេតុថ្ងៃទី៧ មីនា ពេលខ្លួនជិះរថយន្តតាមផ្លូវបានឃើញនាងដើរជាមួយម្តាយនៅស្រុកពញាឮ ពេលនោះខ្លួនក៏បានឈប់រថយន្តសួរនាំនាង ខណៈនោះនាងបានសុំខ្លួនដោយសារមកភ្នំពេញ ពេលមកដល់ភ្នំពេញនាងក៏បានចុះពីលើរថយន្តហើយខ្លួនក៏បើកទៅកាន់ជ្រៃធំ ស្រុកកោះធំ។ លុះព្រឹកឡើងថ្ងៃទី៨ មីនា ដដែលក៏ត្រូវនាងទូរស័ព្ទមកខ្លួនសួរថា នៅឯណា? ខ្លួនក៏ប្រាប់ថា នៅជ្រៃធំ ស្រុកកោះធំ ពេលនោះខ្លួនក៏បានណាត់នាងឱ្យមកជួបនៅទីនោះពេលនាងមកដល់ ខ្លួនបានជួលផ្ទះសំណាក់នៅជ្រៃធំ ស្នាក់នៅជាមួយគ្នាដោយឱ្យតម្លៃផ្ទះសំណាក់ចំនួន៥០ដុល្លារ ប៉ុន្តែស្នាក់នៅបានតែពីរថ្ងៃប៉ុណ្ណោះ ក៏ត្រូវម្តាយនាងតាមរកឃើញ និងហៅកងរាជអាវុធហត្ថចាប់ខ្លួនតែម្តង ៕
ចែករំលែកព័តមាននេះ