ខេត្តសៀមរាប ៖ ប្តីឌុបប្រពន្ធតាមម៉ូតូដើម្បីធ្វើដំណើរទៅសម្រាលកូននៅឯមន្ទីរពេទ្យបង្អែកស្រុកប្រាសាទបាគង តែមិនទាន់ទៅដល់ផង ក៏សម្រាលកូននៅពាក់កណ្តាលផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលពេញផ្លូវទាំងព្រឹក ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៦និង៣០ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវ ជាតិលេខ៦ ចំណុចភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
បើតាមសម្តីរបស់លោកវរសេនីយ៍ទោ សុខ ប៊ុនរ៉ុង អធិការរងនគរបាលស្រុកប្រាសាទបាគង បានប្រាប់ឱ្យដឹងថា តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍មកថា មានស្ត្រីម្នាក់ជិះម៉ូតូជាមួយប្តីដើម្បីធ្វើដំណើរទៅឆ្លងទន្លេនៅមន្ទីរពេទ្យបង្អែកស្រុកប្រាសាទបាគង ខណៈមិនទាន់ទៅដល់មន្ទីរពេទ្យផង ស្រាប់តែស្ត្រីជាម្តាយឆ្លងទន្លេតាមផ្លូវបានកូនស្រីម្នាក់ ហើយសំណាងល្អទាំងម្តាយ និងកូនមានសុខភាពល្អ បន្ទាប់មកត្រូវបានប្រជាពលរដ្ឋដែលទៅចោមរោមមើលក៏នាំគ្នាជួយដឹកយកទៅមន្ទីរពេទ្យបង្អែកស្រុកប្រាសាទបាគងភ្លាមៗផងដែរ។
លោកអធិការរងនគរបាលស្រុកប្រាសាទបាគងបានបញ្ជាក់ថា ឪពុកទារិកាឈ្មោះ តាន់ តុញ អាយុ៣៧ឆ្នាំ ចំណែកម្តាយឈ្មោះ ជូរ ហាក់ អាយុ៣៦ឆ្នាំ មុខរបរកសិករ ។ គ្រួសារមួយនេះមានកូនចំនួន៥នាក់ ទាំងទារិកាម្នាក់ដែលទើបនឹងកើតខាងលើ (ក្នុងនោះស្រី២ និងប្រុស៣)។ គ្រួសារមួយនេះមានទីលំនៅក្នុងភូមិសុភី ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
បច្ចុប្បន្ន ស្ត្រីជាម្តាយ និងទារិកាកំពុងសម្រាកព្យាបាលក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ បើតាមប្រភពពីក្រុមគ្រូពេទ្យបានប្រាប់កោះសន្តិភាពឱ្យដឹងថា ទាំងម្តាយ ទាំងទារិកាមានសុខភាពល្អណាស់ រីឯទារិកាដែលទើបនឹងកើតមានទម្ងន់ជាង៤គីឡូក្រាម ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ