ប្រទេសកាណាដា ៖ ក្រោយសម្លាប់មនុស្សយ៉ាងតិចឡើងដល់៤៣នាក់នៅបាហាម៉ា និងបោកបក់លើសហរដ្ឋអាមេរិក ព្យុះសង្ឃរា DORIAN បានចុះថមថយកម្លាំង តែនៅគ្រោះថ្នាក់ ដោយនាយប់ថ្ងៃទី៧មកទី៨ កញ្ញា បានបោកបក់មកលើភាគខាងកើតកាណាដា ជាមួយខ្យល់យ៉ាងខ្លាំង ភ្លៀងធ្លាក់ខ្លាំងនិងរលកសមុទ្រធំៗមានកម្ពស់ជិត២០ម៉ែត្រ។
នៅបាហាម៉ាដែលអាជ្ញាធរគិតថា ចំនួួនជនរងគ្រោះមានការកើនឡើងថែមទៀត យន្តហោះ ឧទ្ធម្ភាគចក្រនិងនាវាជាច្រើនគ្រឿង ក្នុងនោះមានទាំងបណ្ដានាវាកម្សាន្តផង បានខិតខំជម្លៀសប្រជាជនដែលរងគ្រោះ ទៅកាន់រដ្ឋធានីក្រុងណាស្យូឬទៅកាន់សហរដ្ឋអាមេរិក។
ព្យុះDORIANបានបោកបង់ដល់ដែនដីកាណាដា នាយប់ថ្ងៃទី៧កញ្ញានៅជិតHALIFAX តំបន់អេកូសថ្មី ដែលនៅទីនោះខ្យល់មានល្បឿនរហូតដល់១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ យោងតាមអាជ្ញាធរថានៅអេកូសថ្មី មនុស្សជាង៥០០.០០០គ្រួសារជួបប្រទះការដាច់ភ្លើង។
បណ្ដារូបភាពផ្សាយតាមទូរទស្សន៍ បង្ហាញពីវិថីនានានៃក្រុងHALIFAXមានភាពស្ងាត់ជ្រងំ និងការបោកបក់យ៉ាងខ្លាំងរបស់ខ្យល់ ហើយដងស្ទូចមួយបានបាក់សង្កត់លើអគារមួយដែលកំពុងសាងសង់។ ព្យុះDORIANបន្តបោកបក់នាថ្ងៃទី៨កញ្ញាលើភាគខាងកើតកាណាដា៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ