ខេត្តកំពង់ធំ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា យុវតីម្នាក់ខឹងកើតជំងឺផ្ដាសាយមិនបាត់សោះ ក៏សម្រេចចិត្តលេបថ្នាំងងុយដេកជាច្រើនគ្រាប់ បណ្តាលឱ្យស្លាប់បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា នារីរងគ្រោះខាងលើឈ្មោះ ហែម ឆេងលន អាយុ២១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
បើតាមសាច់ញាតិនារីរងគ្រោះបានឱ្យដឹងថ! ដោយសារតែអាការៈជំងឺផ្តាសាយមិនបានធូរស្រាល ទើបនាងយកថ្នាំមកលេប ខណៈបងប្អូនសាច់ញាតិនឹកស្មានថា នាងលេបថ្នាំបំបាត់ជំងឺផ្តាសាយធម្មតាប៉ុណ្ណោះ ប៉ុន្តែមិននឹងស្មានថា នាងទៅសង្ងំលេបថ្នាំងងុយដេកអស់ជាច្រើនគ្រាប់យ៉ាងដូច្នេះសោះ ។
ប្រភពដដែលបន្តថា ដោយសារតែអាការៈថ្នាំធ្វើទុក្ខខ្លាំង ទើបនារីរងគ្រោះត្រូវបានបងប្អូនជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តកំពង់ធំ តែជាអកុសលថ្នាំងងុយដេកនេះ បានជ្រាបចូលសព្វសាច់ជនរងគ្រោះទៅហើយ ទើបក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបានទេ បណ្តាលឱ្យនារីរងគ្រោះស្លាប់នៅក្នុងមន្ទីរពេទ្យខេត្តតែម្តង ហើយត្រូវបានសាច់ញាតិដឹកសពមកកាន់លំនៅដ្ឋានវិញ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញស្រុក និងប៉ុស្តិ៍រដ្ឋបាល ក៏បានចុះទៅដល់លំនៅដ្ឋាននារីរងគ្រោះ ហើយបានធ្វើការពិនិត្យសាកសពឃើញថា ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះឡើយ រួចសន្និដ្ឋានថា នារីរងគ្រោះពិតជាស្លាប់ដោយសារការប្រើថ្នាំលើសកំរិតពិតមែន ក្រោយមកសមត្ថកិច្ចបានប្រគល់សពនារីរងគ្រោះជូនសាច់ញាតិក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ