ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្ត បន្ទាប់ពីជននេះប្រើប្រាស់កាំភ្លើងកែច្នៃប្រើរំសេវផ្ទុះ ធ្វើជាអាវុធ ដើម្បីបាញ់សត្វព្រៃក្នុងដែនជម្រកសត្វព្រៃស្រែពក ហើយក៏ត្រូវបានកម្លាំងក្រុមការងារអនុវត្តច្បាប់ចល័តនៃមន្ទីរបរិស្ថានខេត្ត សហការជាមួយឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច ព្រម ទាំងកម្លាំងស្នងការដ្ឋាននគរបាលខេត្តចុះទប់ស្កាត់ និងបង្ក្រាបបាន ដោយដកហូតសាច់ព្រៃស្រស់(ឈ្លូស) ទម្ងន់៨គីឡូក្រាម និងអាវុធកែច្នៃប្រើរំសេវផ្ទុះចំនួន១ដើម ។
ហេតុការណ៍កើតឡើង កាលពីព្រឹកព្រលឹមថ្ងៃទី០៦ កញ្ញា ស្ថិតនៅចំណុចផ្លូវលំ ឆ្ពោះទៅកាន់ភូមិស្រែធំ
ក្នុងឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ។ ជនសង្ស័យឈ្មោះ
ញ៉ាញ់ គឿន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្រែធំ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌល
គិរី។
ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់កាំភ្លើងកែច្នៃធ្វើជាអាវុធដើម្បីបាញ់សត្វព្រៃ(ឈ្លូស)ប្រាកដមែន។ បច្ចុប្បន្ន វត្ថុតាងកាំភ្លើងកែច្នៃ១ដើមបានរក្សាទុកបណ្ដោះអាសន្ននៅមន្ទីរបរិស្ថានខេត្ត។ ចំណែកម៉ូតូរក្សាទុកនៅស្នាក់ការត្រពាំងត្រាច។ រីឯសាច់ព្រៃស្រស់(ឈ្លូស) ត្រូវបានដុតកម្ទេចចោល ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ